
នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញនាំគ្រឿងឥស្សរិយយសខ្ពស់បំផុតនៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ បំពាក់ជូនសពឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩:៤៥ នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ជាកិច្ចបច្ឆាមរណៈ។
ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ គឺជាវរជនខាងវិស័យសុខាភិបាលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវបម្រើជាតិមាតុភូមិ និងជាពិសេសក្នុងវិស័យសុខាភិបាលពេញមួយជីវិត តាំងពីឆ្នាំ១៩៥៥ រហូតដល់ពេលទទួលមរណភាព នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ ក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានទៅបំពេញការសិក្សានៅសាកលវិទ្យាល័យដេកាដ ទីក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ១៩៦៣ និងទទួលសញ្ញាបត្រជា វេជ្ជបណ្ឌិតជំនាញឯកទេសខាងអនាម័យ និងវេជ្ជសាស្រ្តបង្ការ នៅឆ្នាំ១៩៦៨។
ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ វេជ្ជបណ្ឌិត លី ប៉ូរ បានចូលបម្រើការងារជា គ្រូពេទ្យព្យាបាលនិងជាប្រធានមន្ទីរសុខាភិបាល ព្រមទាំងជាប្រធានកាកបាទក្រហមខេត្តបាត់ដំបង រហូតដល់ឆ្នាំ១៩៨៦។ ចាប់ឆ្នាំ១៩៨៦ វេជ្ជបណ្ឌិត លី ប៉ូរ បានបំពេញមុខតំណែងជាច្រើនក្នុងក្រសួងសុខាភិបាលមានជាអាទិ៍ ប្រធានមជ្ឈមណ្ឌលអនាម័យការពាររោគរាតត្បាត ប្រធានរោងចក្រផលិតឱសថ ព្រឹទ្ធសាស្រ្តាចារ្យមហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសា្រស្ត ទន្តវធនសាស្រ្តជាដើម។
បន្ទាប់មក នៅខែមករា ឆ្នាំ១៩៩៩ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ បានទទួលមុខតំណែងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការ។ហើយចាប់តំាងពីឆ្នាំ២០០៨មកដល់បច្ចុប្បន្ននេះ ឯកឧត្តមសាស្រ្តាចារ្យត្រូវបានដំឡើងមុខនាទីជា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានឋានៈស្មើរដ្ឋមន្រ្តី។
ដើម្បីជាកិច្ចតបស្នងចំពោះ គុណបំណាច់ដែលឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានបំពេញ ចំពោះជាតិមាតុភូមិ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្តល់គ្រឿងឥស្សរិយយសខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ បំពាក់ជូនសពឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ ជាកិច្ចបច្ឆាមរណៈ។ សម្តេចតេជោបានអនុញ្ញាត ហើយពិធីបំពាក់ត្រូវបានធ្វើឡើងនៅគេហដ្ឋានសព នាព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ។