
នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញជូនភ្លើងសពឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធ។ បន្ទាប់ពីតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងព្រះពុទ្ធ សាសនារយ:ពេល៥ថ្ងៃរួចមក សពឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតត្រូវបានដង្ហែមកកាន់វត្តញាណរង្សី នៅរាជធានីភ្នំពេញ ដើម្បីធ្វើឈាបនកិច្ច។
មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ ជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលបានរួមចំណែកយ៉ាងធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងការស្តារនិងកសាងវិស័យសុខាភិបាលនៅកម្ពុជា។ ជាពិសេស នៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ លោកជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិត២៥នាក់ដែលនៅរស់រានមានជីវិតក្នុងប្រទេស។ នៅក្នុងរយៈកាល២០ឆ្នាំចុងក្រោយនេះ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត លី ប៉ូរ បានទទួលភារកិច្ចដ៏សំខាន់ក្នុងការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយសម្រេចបានលទ្ធផលក្នុងការបញ្ចៀសមនុស្សជិតមួយលាននាក់មិនឆ្លងមេរោគអេដស៍ និងជាង៦សែននាក់ផ្សេងទៀតមិនស្លាប់ដោយសារជំងឺអេដស៍នេះ។ មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិតជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូប ដែលបានចំណាយពេលវេលាពេញមួយជីវិតក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋដោយឥតនឿយហត់រហូតដល់ថ្ងៃអវសានជីវិត។
បន្ទាប់ពីការជូនភ្លើងនេះទៅសព ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតនឹងរលាយបាត់សូន្យពីយើងទាំងអស់គ្នាទៅកាន់សុគតិភព ជាទីសុខសាន្តជារៀងរហូតហើយ។ ប៉ុន្តែអ្វីដែលបន្សល់ទុកនៅ ហើយមិនរលាយសូន្យបង់ដូចរូបកាយរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតនោះគឺ គុណធម៌ សេចក្តីថ្លៃថ្នូរ ស្មារតីទទួលខុសត្រូវវិជ្ជាជីវៈដែលឯកឧត្តមសាស្រ្តាចារ្យប្រកាន់ខ្ជាប់ជាមូលដ្ឋានគ្រឹះ ក្នុងការកសាងគ្រួសារ ក៏ដូចជាការដឹកនាំការងារជាមន្រ្តីរាជការអស់រយៈពេលជាង៦០ឆ្នាំកន្លងទៅ។ យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចងចាំជានិច្ចនូវការខិតខំបំពេញមុខនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងចងចាំការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍រួម និងសេចក្តីសុខរបស់អ្នករួមរស់ក្នុងរង្វង់គ្រួសារ និងកន្លែងធ្វើការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលអាស្រ័យផលពីការងារដែលឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតបានខ្នះខ្នែងរៀបចំជូន។ យើងទាំងអស់គ្នា សូមប្តេជ្ញាបន្តរក្សា និងពង្រីកនូវឧត្តមគតិ គុណធម៌ វីរភាព និងបទពិសោធន៍ របស់ឯកឧត្តមសាស្រ្តាចារ្យឱ្យប្រែក្លាយជាកម្លាំងដ៏មានថាមពលជំរុញកូនចៅជំនាន់ក្រោយយកជាគំរូតាម ដើម្បីពង្រីកមនសិការវិជ្ជាជីវៈក្នុងការបំពេញមុខនាទី ការកសាងសង្គមគ្រួសារ និងការកសាងអភិវឌ្ឍជាតិមាតុភូមិរបស់យើង។