
នៅថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង២រសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល បានដឹកនាំការប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច តាមវីដេអូខនហ្វឺរិន ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ក្នុងខែវិច្ឆិកា ខាងមុខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន :
១) មតិស្វាគមន៍ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី
២) ការធ្វើបច្ចុប្បន្នភាពអំពីកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេស ដែលបានប្រជុំកាលពីថ្ងៃទី១-៥ ខែតុលា កន្លងទៅនេះ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី
៣) ការពិនិត្យមើល និងមតិលើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤០ (វេទិកាពិភាក្សា)
៤) សេចក្តីប្រកាសរបស់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច (វេទិកាពិភាក្សា)
៥) ការត្រៀមលក្ខណៈសម្រាប់ប្រតិភូមណ្ឌលតំណាងតំបន់ : សមាសភាព តួនាទី និងការទទួលខុសត្រូវ (វេទិកាពិភាក្សា)
៦) មតិលើគោលការណ៍ណែនាំប្រតិបត្តិការនៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច និងការបិទកិច្ចប្រជុំ
កិច្ចប្រជុំនៅមានការចូលរួមពីសមាជិកឆ្លាស់វេន សមាជិកគណៈកម្មាធិការយុទ្ធសាស្ត្រ សមាជិកមណ្ឌលតំណាង និងសមាជិកប្រតិភូដែលទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤០ មកពី ប៉ាពូអាស៊ីណូវែលហ្គីណេ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ចិន វ៉ានូទូ និងកម្ពុជា ដោយមានការសម្របសម្រួលពីអ្នកគ្រប់គ្រង និងអ្នកជំនាញជាន់ខ្ពស់ទទួលបន្ទុកគម្រោងពិសេស និងប្រតិបត្តិការរបស់មូលនិធិសកល ដែលនៅក្រុងហ្សឺណែវផងដែរ។
កិច្ចប្រជុំក៏បានដំណើរការទៅដោយរលូនតាមរបៀបវារៈ ដោយមានការពិភាក្សាយ៉ាងផុលផុស និងបញ្ចប់ទៅនៅម៉ោង៤រសៀលប្រកបភាពស្និទ្ធស្នាល។