
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារដែលបានអនុវត្តដោយ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងឆ្នាំ២០១៨។
វត្តមានចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ទីប្រឹក្សា ឯកឧត្តម លោកជំទាវអគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលអគ្គលេខាធិការដ្ឋាន បានអនុវត្ត និងបានសម្រេចនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។
អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាសេនាធិការរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលស្ថាប័នជាតិសម្របសម្រួលពហុវិស័យវិស័យក្នុងកិច្ចការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺអេដស៍របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិ បានថ្លែងការកោតសរសើរដោយស្មោះស្ម័គ្រ ជូនដល់ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន ដែលបានខិតខំបំពេញភារកិច្ច និងទទួលបានលទ្ធផលជោគជ័យនៅក្នុងឆ្នាំ២០១៨នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្តលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្រ្តី អគ្គលេខាធិការដ្ឋានទាំងអស់ បន្តកិច្ច ខិតខំប្រឹងប្រែង បំពេញការងារ អោយបានកាន់តែប្រសើថែមទៀតនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តមបានផ្តល់ការលើទឹកចិត្តជូនថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ អោយខិតខំកសាងសមត្ថភាព និងបន្តរៀនសូត្រ តាមរយៈប្រព័ន្ធព័តមានដ៏សម្បូរបែប និងចាំបាច់រៀបចំផែនការបណ្តុះបណ្តាលបន្តនៅក្នុងអាជីពជាមន្រ្តីរាជការ។