
នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសិទចតុមុខ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលឹក ទិវានៃការប្រយុទ្ធទៅនឹងការឆ្លងរាតត្បាតនៃមេរោគអេដស៍ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នជាតិទាំងអស់ តំណាងក្រុមប្រជាពលរដ្ឋអ្នករស់នៅជាមួយ មេរោគអេដស៍ អង្គការជាដៃគូអភិវឌ្ឍ និង តំណាងសង្គមស៊ីវិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងខួបទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំទី៣០នេះ អង្គពិធីបានស្តាប់មតិចំណាប់អារម្មណ៍ របស់តំណាងបងប្អូនប្រជាពលរដ្ឋអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ តំណាងស្ថាប័ន អង្គការជាដៃគូ អំពីស្ថានភាពនៃការឆ្លងរាលដាលមេរោគអេដស៍ ចាប់តាំងពីមេរោគអេដស៍បានចូលមកយាយីសុខភាព និង អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រាដែលព្រះរាជាណាចក្រកម្ពុជា បានដឹងឮអំពីមេរោគអេដស៍ ជាលើកដំបូងៗ ក៏ដូចជាគ្រោះមហន្តរាយ ផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍មកលើ អាយុជីវិត ប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរាយការណ៍ជូន គណៈអធិបតី និងអង្គពីធីទាំងមូល អំពីសមិទ្ធិផល វឌ្ឍភាព នៃការប្រយុទ្ធទៅនឹងការឆ្លងរាលដាលនៃមេរោគ អេដស៍ ការដោះស្រាយផលប៉ះពាល់ បញ្ហាប្រឈមនានា និងទិសដៅដែលក្រសួងសុខាភិបាល អាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍បានកំណត់ ផែនការយុទ្ធសាស្រ្តជាតិ ជំហ៊ានការងារ និងកិច្ចខិតខំ ប្រយុទ្ធ នឹង ជំងឺអេដស៍សំរាប់ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ ប្រកបដោយឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល និង ការចូលរួម ពីសំណាក់ស្ថាប័នជាតិទាំងអស់ ពីគ្រប់ផ្នែកពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងកោតសរសើរអំពីលទ្ធផលនៃព្រះរាជាណាចក្រ កម្ពុជាបានសម្រេចបាន និងបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋទាំងអស់ដែលបានចូលរួមចំណែករៀងខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការឆ្លងរាលដាល នៃមេរោគអេដស៍ និង ថែរក្សាសុខមាលភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅជាមួយមេរោគអេដស៍។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអបអរសាទ និងសរសើរដែលកម្ពុជាយើង បានធ្វើ អោយអត្រាឆ្លងថ្មី នៃចម្លងមេរោគអេដស៍ បានថយចុះ ពាក់កណ្តាលចាប់តាំងពីឆ្នាំ២០១១។ ព្រះរាជា ណាចក្រកម្ពុជា ក៏បានផ្តល់ការព្យាបាលដោយឥតបង់ថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងមេរោគ អេដស៍។ អត្រានៃការគ្របដណ្តប់នៃការព្យាបាលដោយឱសថប្រឆាំងគឺមានកំរិតខ្ពស់ ហើយក្នុងចំណោម អ្នកជំងឺទទួល ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ លទ្ធផលនៃការព្យាបាលទទួលបានលទ្ធផល ប្រសើរណាស់ ដែលអង្គការសហប្រជាជាតិ បានកោតសសើរ និងផ្តល់ពាន្តរង្វាន់ផងលើទឹកចិត្តទៀតផង។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងគាំទ្រ និងជំរុញអោយមានការគាំទ្រ និងចូលរួម ចំណែក សម្រេចទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ និងឈានទៅសម្រេចគោលដៅសូន្យបី សូន្យទី១ គ្មានការឆ្លងថ្មី សូន្យទី២ គ្មានការស្លាប់ដោយជំងឺអេដស៍ និង សូន្យទី៣ គ្មានការរើសអើងប្រឆាំងនឹង អ្នករស់នៅជាមួយមេរោគអេដស៍។
ក្នុងបំណងឈានទៅសម្រេចគោលដៅទាំងអស់ខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាន អំពាវនាវ សុំអោយមានការចូលរួមបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយគោលការណ៍ និង អនុវត្តទាំងអោយបានសម្រេចជោគជ័យ នូវ គោលការណ៍ បង្ការខ្លួនកុំអោយឆ្លងមេរោគអេដស៍ ហើយបើសង្ស័យប្រឈមនឹងការឆ្លងមេរោគអេដស៍ សូម ឆាប់ធ្វើតេស្តឈាម ឆាប់ដឹង និង ឆាប់ព្យាបាល !