
នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំពេញអង្គ លើកទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំកិច្ចប្រជុំពេញអង្គជាទៀងទាត់រាល់៦ខែម្តង។ កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ចប់ឆ្នាំ២០១៨ ដែលរៀបចំឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពនៃការឆ្លើយតបប្រយុទ្ធនឹងជំងឺអេដស៍៦ខែចុងឆ្នាំ២០១៨ និងធ្វើការពិភាក្សាទៅលើចំណុចខ្វះខាតមួយចំនួនដែលត្រូវការនូវដំណោះស្រាយ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាតំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ១៧០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ និងគោលបំណងនៃកិច្ចប្រជុំដែលថ្លែងដោយឯកឧត្តមវេជ្ជ. តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មក ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយបញ្ជាក់ថា ប្រទេសកម្ពុជាយើងកំពុងតែឈរនៅលើផ្លូវត្រូវ យើងមានក្តីសង្ឃឹមពិតប្រាកដថានឹងឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥។ នោះដោយសារតែប្រទេសកម្ពុជាយើងមាននូវកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅហើយ គឺការប្តេជ្ញាចិត្តគាំទ្រជានយោបាយដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងកត្តាគ្រប់គ្រាន់មួយចំនួនគឺ ៖ មានចីរភាពនៃការចូលរួមឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ សង្គមស៊ីវិល ឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ល។ មានប្រព័ន្ធតាមដានការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍បានជាប្រចាំ មានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានផែនការយុទ្ធសាស្រ្តជាតិតែមួយ និងមានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កម្ពុជាត្រូវបានUNAIDS (កម្មវិធីរួមអង្គការសហប្រជាតិស្តីពី មេរោគអេដស៍ ជំងឺអេដស៍) ទទួលស្គាល់នៅឆ្នាំ២០១៧ថា ជាប្រទេសមួយក្នុងចំណោមប្រទេស៧នៅលើពិភពលោក ដែលបានជោគជ័យជាងគេក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយសម្រេចបាននូវគោលដៅ ៩០-៩០-៩០ មុនពេលកំណត់។ ជាមួយគ្នានេះ កម្ពុជាយើងក៏កំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយធ្វើជាប្រធានកិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ សម្រាប់រយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៨ ដល់២០២០ និងជាសម្លេងបោះឆ្នោតសម្រេចមួយនៅក្នុងចំណោម២០សម្លេងនៃក្រុមប្រឹក្សាភិបាលមូលនិធិសកល ដែលផ្តល់ថវិកាប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅលើពិភព លោក។
នៅក្នុងដំណាក់កាលនៃការធ្លាក់ចុះថវិកាជំនួយពីដៃគូអភិវឌ្ឍន៍នៅពាសពេញពិភពលោក និងការបង្កើនតួនាទីក្នុងភាពជាម្ចាស់ កិច្ចប្រជុំក៏បានស្តាប់បទបង្ហាញពី ១) ករណីវិនិយោគសម្រាប់សង្គមស៊ីវិល (CSO Investment Case) និងការសិក្សាការគ្របដណ្តប់នៃមូលនិធិសមធម៌លើអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ (PLHIV and KP) ដែលថ្លែងដោយវេជ្ជ. ស្រី មុនី តំណាងអង្គការ HP+ ២) ផែនទីបង្ហាញផ្លូវដើម្បីធានានិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដែលថ្លែងដោយ លោកស្រី Vladanka Andreeva នាយិកាUNAIDSប្រចាំកម្ពុជា និង និង ៣) លទ្ធផលនៃការពិនិត្យឡើងវិញផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៤ (NSP IV reviewed) ដែលថ្លែងដោយឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ដើម្បីធានានិរន្តរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំខាងមុខកិច្ចប្រជុំក៏បានធ្វើការពិភាក្សា ពិគ្រោះយោបល់ និងបានដាក់ចេញនូវសេចក្តីសម្រេចចិត្ត ជាទិសដៅសកម្មភាពការងារដូចខាងក្រោម ៖
១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ចូលសកម្មភាពដែលបានលើកឡើងនៅក្នុងផែនទីចង្អុលផ្លូវនៃការឆ្លើយតបដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣។
៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកាអនុវត្តការបញ្រ្ជាបការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ។
៤. ក្រសួងសុខាភិបាល និងក្រសួងផែនការត្រូវកំណត់ថាអ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និងមូលនិធិសមធម៌ដែលធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។
៥. ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។
៦. ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយ:ការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។
៧. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥។
៨. ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាបការឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព។
ទាញយកឯកសារពាក់ព័ន្ធ