
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP: United Nations Economic and Social Commission for Asia and the Pacific) ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានជ្រើសតាំងជាប្រធានកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្ត របស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ជំងឺអេដស៍សម្រាប់រយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៨ដល់ ឆ្នាំ២០២០។
កិច្ចប្រជុំនេះប្រារព្ធឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងប្រទេសចំនួន២៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមមាន អាហ្វហ្គានីស្ថាន អូស្ត្រាលី អាហ្សែបៃហ្សង បង់ក្លាដែស កម្ពុជា ចិន ហ្វ៊ីជី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី គីរីបាស ឡាវ ម៉ាឡេស៊ី កោះម៉ាសាល ណេប៉ាល់ ប៉ាគីស្ថាន ប៉ាពូអាស៊ីណូវែលហ្គីណេ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ ទីម័រឡេស វៀតណាម ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តការប្តេជ្ញាចិត្តក្នុងចំណោមរដ្ឋជាសមាជិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឆ្លងតាមបទអន្តរាគមន៍ពីប្រទេសជាសមាជិកចូលរួមបានបង្ហាញថា ក្នុងឆ្នាំ២០១៧ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានករណីថ្មីឆ្លងមេរោគអេដស៍ប្រមាណ ២៨០.០០០ នាក់។ នៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៦ ប្រទេសជាសមាជិក បានប្តេជ្ញាចិត្ត បញ្ចប់ការគម្រាមកំហែងដោយមេរោគអេដស៍ត្រឹមឆ្នាំ២០៣០។
ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលត្រូវស្គាល់លក្ខណៈទ្រង់ទ្រាយនៃអេពីដេមី (ការឆ្លងរាលដាលនៃមេរោគអេដស៍) និងធានាថាការឆ្លើយតបមានទិសដៅឆ្ពោះទៅរកក្រុមប្រជាជននិងតំបន់ភូមិសាស្រ្តគន្លឹះៗ ។
កិច្ចប្រជុំក្រុមអ្នកជំនាញបានពិភាក្សា និងសូមផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលនានាពាក់ព័ន្ធជាមួយ សសរស្តម្ភ នៃការប្រយុទ្ធនឹងជំងឺអេដស៍ ចំនួនបី (០៣) ដូចតទៅ ៖
១. របាំងគោលនយោបាយនិងច្បាប់
o រដ្ឋាភិបាលកែទម្រង់ច្បាប់ដែលផ្តន្ទាទោស ប្រជាជនគន្លឹះ កំហិត ការធ្វើដំណើរ ឬ រឹតត្បិតយុវជនជំទង់ មិនអាចទទួលសេវាសុខភាព
o ធ្វើច្បាប់ដែលហាមឃាត់ការរើសអើង និង ការពារប្រជាជនគន្លឹះ ពីការរំលោភសិទ្ធមនុស្ស
o លើកកម្ពស់ភាពជាដៃគូររវាងវិស័យសុខាភិបាល យុត្តិធម៌ ពន្ធធនាគារ អាជ្ញាធរអនុវត្តច្បាប់ ដើម្បីធានាការគាំទ្រ ដល់សេវាកាត់បន្ថយគ្រោះថ្នាក់សេវាព្យាបាល និងកម្មវិធីសហគមន៍នានា
o លើកកម្ពស់កិច្ចសន្ទនារវាងវិស័យសុខាភិបាល យុត្តិធម៌ និងក្រសួងសន្តិសុខ សាធារណៈ អំពីផលប៉ះពាល់ បង្កដោយច្បាប់ដាក់ទោស ដែលរារាំងដល់លទ្ធភាពទទួលបានសេវា សុខភាព
២. ការទទួលបានសេវាកំណត់រោគវិនិច្ឆ័យ ការព្យាបាល និង ថ្នាំបង្ការ
o រដ្ឋាភិបាលពិនិត្យឡើងវិញច្បាប់ពាក់ព័ន្ធប៉ាតង់ ដើម្បីលទ្ធភាពទទួលបាននូវឱសថ និងការព្យាបាល
o រដ្ឋាភិបាលចរចារសម្រួលពាណិជកម្ម ដែលបន្ធូរបន្ថយការរឹតត្បិតដល់លទ្ធភាពទទួលបានឱសថ
o ក្រសួងសុខាភិបាលវិនិយោគ ក្នុងការពង្រឹង ការគ្រប់គ្រងលទ្ធកម្ម ការត្រួតពិនិត្យគុណភាព និង ប្រព័ន្ធផ្គត់ផ្គង់ឱសថសារវន្ត
o ក្រសួងសុខាភិបាល ពង្រីកការធ្វើស្វ័យពិនិត្យឈាមរកមេរោគអេដស៍ ផ្តល់ការព្យាបាលភ្លាមៗបន្ទាប់ពីទទួលកំណត់រោគវិនិច្ឆ័យរួច ដែលជាការបង្ការ នៃការឆ្លងរាលដាលមេរោគអេដស៍ផង
o រដ្ឋាភិបាលពិចារណា អនុសាសន៍ របស់ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីលទ្ធភាពទទួលបានឱសថ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់
៣. និរន្តរភាពនៃហិរញ្ញប្បទានប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍
o រដ្ឋាភិបាលកៀរគរធានធានក្នុងស្រុក ដើម្បីផ្គត់ផ្គង់មូលនិធិដល់ការបង្ការការចម្លង មេរោគអេដស៍ សេវាព្យាបាល និងគាំទ្រដល់អង្គការសង្គមស៊ីវិលការផ្តល់សេវានៅ សហគមន៍ មូលដ្ឋាន
o រដ្ឋាភិបាលបញ្ចូលសេវាបង្ការ ពិនិត្យឈាម និងព្យាបាល និងគោលការផ្តល់សេវាជា សកល (UHC)
o ប្រទេសជាសមាជិក ចាត់ឱ្យមានការចូលរួមនៃស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការធ្វើផែនការផ្តល់មូលនិធិទ្រទ្រង់សម្រាប់និរន្តរភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍
o រដ្ឋាភិបាល រួមបញ្ចូលសង្គមស៊ីវិល ជាដៃគូរគន្លឹះ ក្នុងការធ្វើផែនការផ្លាស់ប្តូរហិរញ្ញ ប្បទានក្រៅប្រទេស មកប្រើប្រាស់ធនធានក្នុងស្រុកវិញ
កិច្ចប្រជុំក្រុមអ្នកជំនាញ បានស្នើសុំ គណៈកម្មការសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់)៖
ទី១ កសាងផែនទីបង្ហាញផ្លូវប្រយុទ្ធនឹងការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់រយៈពេលពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០
ទី២ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃក្របខ័ណ្ឌការងារ ហើយនិងអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ប្រយុទ្ធនឹងការចម្លង មេរោគអេដស៍ និង ជំងឺអេដស៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្ពោះទៅឆ្នាំ២០៣០។
អង្គប្រជុំបានលើកឡើងពិភាក្សា និងឯកភាពគ្នាថា ទោះបីជាមានវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងតំបន់ក៏ដោយ ក៏មេរោគអេដស៍មិនទាន់ចប់នៅឡើយទេ (AIDS Is Not Over)។
ដូច្នេះ ទាមទារឱ្យប្រទេសជាសមាជិក ត្រូវរួមគ្នាជម្នះនូវបញ្ហានានា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនានាដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ក្នុងការបញ្ចប់មេរោគអេដស៍នៅឆ្នាំ២០៣០។
(អត្ថបទៈ ខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី)
ឯកសារសម្រាប់ទាញយក