
នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគម Asia 2020 ពីប្រទេសបារាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត Robert Andrei ប្រធានសមាគម។
ជាបឋម ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ ដំណើទស្សនៈកិច្ចការងារមកកាន់ព្រះរាជា ណាចក្រកម្ពុជា របស់លោកវេជ្ជបណ្ឌិតប្រធានសមាគមបារាំង Asia 2020 និងគណៈប្រតិភូ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកវេជ្ជណ្ឌិតប្រធានប្រធានសមាគម និងសហការី ដែលបាន ជួយគាំទ្រដល់កិច្ចខិតខំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃមេរោគ អេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ នាពេលកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការនៃគម្រោងកម្មវិធីរួមរបស់សមាគម Asia Horizon 2020 និង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគម្រោងបណ្តុះបណ្តាល អប់រំ ជាពិសេសស្រ្តីក្នុងការបង្ការការចម្លងមេរោគអេដស៍ ព្រោះស្រ្តីកម្ពុជាជានិច្ចកាលនៅតែរងគ្រោះ និងប្រឈមឆ្លង មេរោគអេដស៍ ពីបុរសៗ។
លោកវេជ្ជបណ្ឌិតប្រធានសមាគម បានសម្តែងការកោតសរសើរ ដល់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ដែលបានបំពេញតួនាទីជាស្ថាប័នសម្របសម្រួលពហុវិស័យ ក្នុងការបង្ការការរាលដាល មេរោគអេដស៍ មានប្រសិទ្ធភាព និងជោគជ័យ ដោយបានកាត់បន្ថយការចម្លងមកនៅកំរិតទាប។
សមាគម Asia Horizon 2020 និង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានស្នើ សុំការគាំទ្រពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើគម្រោង នៃគំនិតផ្តួចផ្តើម បណ្តុះបណ្តាលលើផ្នែកច្បាប់ដើម្បីជាជំនួយដល់កិច្ចខិតខំប្រឹងប្រែង ការពារស្រ្តីពី អំពើហឹង្សា ជាពិសេសស្រ្តីរងគ្រោះដោយសារអំពើហឹង្សាផ្លូវភេទ ដោយមានការចូលរួមពីសំណាក់ក្រុម មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមមេធាវីបារាំង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានឆ្លើយតបគាំទ្រដល់គម្រោងកម្មវិធីខាងលើ ពីព្រោះថាអំពើ ហឹង្សាផ្លូវភេទជាមូលហេតុចំបងមួយដែលស្រ្តី មិនអាចបង្ការខ្លួនពីការចម្លងមេរោគអេដស៍អោយមាន ប្រសិទ្ធភាព១០០ភាគរយឡើយ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្តគាំទ្រ ជួយជ្រោមជ្រែង នឹងសហការ ជាមួយសមាគមទាំងពីរ ដើម្បីស្រ្តីដែលប្រឈម និងងាយរងគ្រោះ អាចមានការយល់ដឹង និងមានសម្ថភាពកាន់តែប្រសើឡើងថែមទៀត។



