
សៀមរាប : នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពសំរោង ឯកឧត្តមទេសរដ្ឋមន្ត្រី អៀងមូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបប្រជុំជាមួយតំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព និងមេឃុំសំរោង ដើម្បីសិក្សាស្វែងយល់អំពីការដាក់បញ្ចូលកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងកម្មវិធីជំងឺរួម និងការបញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
បន្ទាប់ពីស្តាប់បទបង្ហាញរបស់លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យបង្អែកអំពីដំណើរការអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍មក ឃើញថាការបញ្ចូលអ្នកជំងឺមកជាមួយគ្នាជាវិធីសាស្ត្រមួយល្អក្នុងការកាត់បន្ថយការរើសអើង។ ប៉ុន្តែតួលេខថ្មីបង្ហាញថា អត្រាឆ្លងជំងឺអេដស៍មានការកើនឡើង។ ឯកឧត្តមទេសរដ្ឋមន្រ្តី និងមន្ត្រីអមដំណើរបានសាកសួរដើម្បីស្វែងយល់បន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏ណែនាំមន្ទីរពេទ្យឱ្យសិក្សាអំពីប្រភពចម្លង។ តើបញ្ហាមកពីនៅតាមភូមិមានអ្នកជំងឺចាស់ ឬយុវជនដែលប្រឈមមុខខ្ពស់ច្រើន? ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរួមក្នុងការប្រយុទ្ធនឹងជំងឺអេដស៍កន្លងមក និងផ្តាំផ្ញើឱ្យមន្ទីរពេទ្យ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការងារអេដស៍រកឱ្យឃើញនូវវិធីសាស្រ្តច្នៃប្រឌិតក្នុងការឈានទៅបំបាត់មេរោគអេដស៍នៅឆ្នាំ២០២៥។
នៅក្នុងមណ្ឌលសុខភាពសំរោង ឯកឧត្តមទេសរដ្ឋមន្ត្រី បានសាកសួរអំពីដំណើរការការងារ ក៏ដូចជាការប្រយុទ្ធនឹងជំងឺអេដស៍។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសួរបញ្ជាក់លោកមេឃុំអំពីការបញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។ ការអនុវត្តកន្លងមក នៅឃុំសំរោងពេលមានការប្រជុំតែងមានការលើកឡើងអំពីការងារអេដស៍ផងដែរ។ ប៉ុន្តែចំំណុចអាទិភាពក្នុងឃុំគឺហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានទៅមន្ទីរពេទ្យបង្អែកសៀមរាបដើម្បីជជែកពិភាក្សាស្វែងយល់អំពីដំណើរការងារ និងរិះរកវិធីសាស្រ្តដើម្បីបន្តនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ លោកអនុប្រធានមន្ទីរពេទ្យ និងលោកប្រធានលេខាធិការដ្ឋានអេដស៍ខេត្តបានធ្វើរបាយការណ៍សង្ខេប ដែលនៅក្នុងនោះ ខេត្តសៀមរាបបានសម្រេចគោលដៅ៩០-៩០-៩០ ទី២ និងទី៣ហើយ។ បន្ទាប់ពីសាកសួរ និងជជែកពិភាក្សាដើម្បីរកនូវវិធីសាស្ត្រល្អៗយកមកអនុវត្ត កិច្ចប្រជុំបានមើលឃើញថា ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវដើរតួនាទីសំខាន់ក្នុងការឈានទៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥។ អាជ្ញាធរមូលដ្ឋានជាអ្នកយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋខ្លួន ជាពិសេសពលករចំណាកស្រុកដែលនៅតែជាគោលដៅ ដែលពិបាកស្វែងរក និងផ្តល់សេវា។ មុនពេលចាកចេញពីមន្ទីរពេទ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមការងារក៏បានទៅពិនិត្យកន្លែងធ្វើតេស្តឈាម និងមជ្ឈមណ្ឌលលាងឈាមផងដែរ។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរមន្រ្តីសុខាភិបាលដែលប្រឹងប្រែងធ្វើការងារ ជាពិសេសការប្រយុទ្ធនឹងជំងឺអេដស៍ដែលយើងបានរួមគ្នាធ្វើការដោយជោគជ័យ។





