
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៩ នៅអគារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណចក្រកម្ពុជា លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោក បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសហការ និង បំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការងារប្រយុទ្ធឆ្លើយតបទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ ក៏ដូចជាក្នុងការគ្រប់គ្រងសម្របសម្រួលគម្រោងមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអណត្តិដែល ឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានគណៈ កម្មាធិការសម្របសម្រួលមូលនិធិសកលពីរអាណត្តិជាប់ៗគ្នា ចំណែកលោកវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការ។
លោកវេជ្ជបណ្ឌិត Liu Yunguo បានសម្តែងការកោតសសើរ និងថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលបានជួយជ្រោមជ្រែង សហការ យ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក ក្នុងការលើកកម្ពស់ការគ្របដណ្តប់ ការឆ្លើយតប និងការគាំទ្រអន្តរវិស័យ ដែលមាននិរន្តភាព ភាពជាម្ចាស់ ដោយមានការចូលរួមពីសំណាក់ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងជាពិសេសក្រុមតំណាងប្រជាពលរដ្ឋកំពុងរស់នៅជាមួយមេរោគអេដស៍។ លោកវេជ្ជបណ្ឌិត បានកោតសសើរ ជាពិសេសអំពីមគ្គុទេសក៍ភាព ប្រកបដោយទេពកោសល្យ ក្នុងការដឹកនាំសម្របសម្រួលគម្រោងមូលនិធិសកល ដោយមានការចូលរួមពីសំណាក់មូលនិធិសកល ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ។
លោកវេជ្ជបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា បទពិសោធន៍ និងជោគជ័យ ក្នុងការយន្តការប្រយុទ្ធនឹងឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា អាចនឹងត្រូវបានយកទៅអនុវត្តក្នុងការប្រយុទ្ធនឹងឆ្លើយតបទៅនឹងជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យក្នុងភារកិច្ចថ្មីរបស់អង្គការសុខភាពពិភពលោក និង បានជូនវត្ថុអនុស្សាវរីយ៍ ជូនលោកវេជ្ជបណ្ឌិតផងដែរ។