
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមកិច្ចប្រជុំត្រៀមរបស់មូលនិធិសកល ដើម្បីកៀរគរបំពេញបន្ថែមកញ្ចប់ថវិកាឆ្នាំ២០២០-២០២២ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដែលបានធ្វើឡើងពីថ្ងៃទី៦ ដល់៩ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តីបានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលការពារជំងឺអេដស៍នៅទីក្រុងញូវដេលី។ នៅរសៀលថ្ងៃដដែល ឯកឧត្តមទេសរដ្ឋមន្រ្តីបានចូលរួមពិធីប្រកាសអំពីសមិទ្ធផលផ្នែកសុខាភិបាលរបស់ប្រទេសឥណ្ឌា ដោយមានការចូលរួមពីលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តីបានចូលរួមពិធីបដិសណ្ឋារកិច្ចដោយមានការស្វាគមន៍ដោយរបាំប្រពៃណីដែលក្រសួងវប្បធម៌ឥណ្ឌារៀបចំ។
នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាបានរៀបចំលៀងសាយភោជន៍ជូនប្រធានគណៈប្រតិភូនានា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានចូលរួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលមកពីប្រទេស អ៊ូហ្កង់ដា រវ៉ាន់ដា លីបេរីយ៉ា ប្រធានប្រតិភូសហគមន៍អឺរ៉ុប អគ្គនាយករងអង្គការសុខភាពពិភពលោក ឯកអគ្គរដ្ឋទូតបារាំង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាលឥណ្ឌាផងដែរ។
នៅថ្ងៃទី៨ ខែកុម្ភៈ ឯកឧត្តមទេសរដ្ឋមន្រ្តីបានចូលរួមក្នុងកិច្ចប្រជុំត្រៀមសម្រាប់កៀរគររកថវិកា ជំនួយផ្តល់ដល់មូលនិធិសកល ឆ្នាំ២០២០-២០២២។ នៅក្នុងកិច្ចប្រជុំនេះ មានបទបង្ហាញដោយ អ្នកជំនាញខាងផ្នែកសុខាភិបាល ព្រមទាំងបទបង្ហាញដោយប្រធានគណៈប្រតិភូប្រទេសផ្តល់ជំនួយដូចជា ៖ ស៊ុយអ៊ែត អាល្លឺម៉ង់ បារាំង ជប៉ុន ន័រវែស ។ល។ ប្រទេសនីមួយៗសម្តែងសុទិដ្ឋិនិយមអំពីជំនួយទឹកប្រាក់ដែលពួកគេនឹងប្រកាសនៅប្រទេសបារាំង នាខែតុលា ឆ្នាំ២០១៩ ខាងមុខ។ គោលដៅនៃការកៀរគររកជំនួយបានកំណត់ក្នុងរង្វង់ ១៤ប៊ីលានដុល្លារ។ នៅថ្ងៃបើក កិច្ចប្រជុំនេះ ប្រទេសលុចសំបួ បានប្រកាសមុនគេថានឹងផ្តល់ថវិកាចំនួន ៩លានអឺរ៉ូ សម្រាប់កម្ម វិធីមូលនិធិសកលឆ្នាំ២០២០-២០២២។