
នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសនៃយុទ្ធនាការផ្សព្វផ្សាយអំពីការបង្ការនៃការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នៅទីធ្លាមុខអគារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់សារណែនាំដល់យុវវ័យទាំងអស់កុំឱ្យយល់ច្រឡំនៃទិវានេះថា ជាការផ្តល់ក្តីស្រឡាញ់សម្រាប់គូសង្សារហើយនាំគ្នាទៅប្រព្រឹត្តអំពើមិនគប្បីខុសនឹងប្រពៃណីជាតិ និងដែលនាំមានបញ្ហាដល់សុខភាពផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា យុវជនត្រូវចេះស្រឡាញ់គ្រួសារ ស្រឡាញ់ប្រទេសជាតិ និងជាពិសេសត្រូវចេះស្រឡាញ់ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យមានសុខភាពល្អ ជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនរបស់ជាតិ។ ដូច្នេះ យុវជនត្រូវចេះថែទាំសុខភាពកុំឱ្យឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងបរិភោគអាហារប្រកបដោយអនាម័យត្រឹមត្រូវដើម្បីបង្ការកុំឱ្យមានបញ្ហាជំងឺមិនឆ្លងផ្សេងទៀតដូចជា ការឡើងគីឡូលើសទម្ងន់ ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវបន្ថែម សុំឱ្យមានស្នេហាស្មោះត្រង់ប្តីមួយប្រពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យឱ្យបានមួយរយភាគរយនៅពេលមានដៃគូក្រៅ និងប្រញាប់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ប្រសិនបើសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដើម្បីឆាប់បានទៅទទួលសេវាផ្តល់ប្រឹក្សា និងទទួលឱសថពន្យារជីវិត។ (អត្ថបទៈ ខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី)