
រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីរាជការចំនួន ៨៩នាក់។
បន្ទាប់ពីប្រកាសបើកកិច្ចប្រជុំ និងប្រកាសរបៀបវារៈនៃកិច្ចប្រជុំមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតជូនឯកឧត្តម តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ធ្វើរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ធ្វើបទបង្ហាញអំពីការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យការអនុវត្តការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៩ ដែលគ្រោងនឹងធ្វើនៅពីថ្ងៃទី៥ ដល់៦ ខែមីនា ឆ្នាំ២០១៩ ខេត្តប៉ៃលិន។
ក្រោយពីស្តាប់របាយការណ៍ និងបទបង្ហាញរួច ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះគឺដើម្បីផ្លាស់ប្តូរមតិ និងស្វែងរកវិធីសាស្ត្រដើម្បីបន្តកិច្ចការងារទៅមុខទៀត។ កម្ពុជាយើងដឹកនាំការប្រយុទ្ធនឹងជំងឺអេដស៍បានជោគជ័យ។ ការឆ្លើយតបជំងឺអេដស៍ជាពហុវិស័យរបស់យើងជាកត្តាដែលនាំឱ្យយើងបានទទួលជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឥឡូវនេះយើងមាន សំណាងដោយមានសម្តេចតេជោនៅពីក្រោយក្នុងការជួយយើងផ្តល់សារអប់រំអំពីជំងឺអេដស៍រាល់ពេលជួបកម្មករដែលចូលរួមរាប់ម៉ឺននាក់ម្តងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា កាលពីចុងខែមករា និងដើមខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ យើងត្រូវបានអញ្ជើញទៅធ្វើជាវាគ្មិនក្នុងសន្និសីទពានរង្វាន់ព្រះអង្គម្ចាស់ ម៉ាហ៊ីដុល ស្តីពីការឆ្លើយតបនឹងជំងឺមិនឆ្លង ដោយយកបទពិសោធន៍ពីការទប់ទល់នឹងជំងឺអេដស៍ជាមេរៀន។ ការបញ្រ្ជាបកម្មវិធីអេដស៍ទៅតាមក្រសួង និងស្ថាប័នរបស់យើង នៅប្រទេសឯទៀតមិនអាចធ្វើបានទេ។ ពិភពលោកចង់ដឹងថា ហេតុអ្វីយើងធ្វើបានជោគជ័យ។ ការបញ្ចូលជំងឺអេដស៍ទៅក្នុងគោល នយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់បណ្ណក្រីក្រដលើអ្នកផ្ទុកមេរោគអេដស៍ជាកិច្ចការដែលយើងបានខំប្រឹងប្រែងផងដែរ។ រដ្ឋាភិបាលកម្ពុជាយើងបានគិតគូរពីកុមារតូច និងស្ត្រីមានផ្ទៃពោះ។ តែយើងមិនទាន់មានកម្មវិធីសម្រាប់មនុស្សធំនៅឡើយ។ អ្នកធាត់ដុះក្បាលពោះគឺមានបញ្ហាប្រឈមចំពោះសុខភាព។ យើងក្នុងនាមអាជ្ញាធរ ត្រូវបានគេយកជាគំរូ និងគេលើកទឹក ចិត្តយើងដោយសារយើងចាប់ផ្តើមយកថវិកាជាតិមកប្រើ។ យើងត្រូវបន្តការងារពង្រឹងសមត្ថភាពមន្រ្តីដោយ ធ្វើការបណ្តុះបណ្តាលឱ្យបានរាល់ខែ។ មន្ត្រីទាំងអស់ត្រូវចូលរួមក្នុងការបណ្តុះបណ្តាល។
មុននឹងបញ្ចប់កិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំ ឱ្យថ្នាក់ដឹកនាំអាជ្ញាធរពិភាក្សា និងសិក្សារួមគ្នាដើម្បីដាក់ចេញនូវផែនការសម្រាប់ការអនុវត្ត តាមលិខិតជូន ដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៩ ដែលដាក់ចេញនូវវិធានការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ចំនួន៦ចំណុច មុននឹងកោះប្រជុំអន្តរក្រសួង ដើម្បីឱ្យក្រសួងពាក់ព័ន្ធ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍បានដឹងពីការងារដែលត្រូវធ្វើ។ ការឯកភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងលិខិតខាងលើជាជោគជ័យដ៏ធំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យើង ហើយមានការងារច្រើនណាស់ដែលត្រូវធ្វើក្នុងឆ្នាំ២០១៩នេះ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ ដឹកនាំ និងមន្រ្តីទាំងអស់មានចំណែកចូលរួមក្នុងសិក្ខា សាលាស្តីពីការពិនិត្យការអនុវត្តការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៩ ឱ្យបាន ទូលំទូលាយ និងមានភាពជិតស្និទ្ធជាសហការីដែលធ្វើការជាមួយគ្នា និងផ្លាស់ប្ដូរមតិដោយសុទ្ធិចិត្ត។