
នាថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមីនាឆ្នាំ២០១៩នៅ សណ្ឋាគារ Memoria Palace and resort ខេត្តប៉ៃលិន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំពិធីអបអរសាទរខួបលើកទី ១០៨ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ ទុំ សេដ្ឋា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមានចំនួនសរុប ៩៤ នាក់។
បន្ទាប់ពីបាន បានស្តាប់ ព្រះរាជសារដ៏មានអត្ថន័យជ្រាលជ្រៅ របស់ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ រួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការកោត សសើរ ជូនដល់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ និង លោក លោកស្រី មន្រ្តីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ដែលបានចូលរួមចំណែកដ៏ធំធេងនៅក្នុងកិច្ចការ អភិវឌ្ឍស្ត្រី និងលើកកំពស់សមភាព យេនឌ័រ ដើម្បីអោយការប្រយុទ្ធ និង ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ បានទទួលលទ្ធផលយ៉ាងប្រសើរនាពេលកន្លងមក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ជូនអង្គពីធីថា ការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងការឆ្លើយតបទៅនឹងការរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ គឺជាការចូលរួមលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីធានាបានថាមិនទុកនរណាម្នាក់នៅឯកោ និងធានាបានថាស្រ្តី និងក្មេងស្រីកម្ពុជា គ្រប់រូបទទួលបានផលប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចជាតិ។