
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៩ នៅ សណ្ឋាគារអង្គរសេនជូរី មានកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ របស់នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ មានវត្តមាន នៅក្នុងពិធីនោះផងដែរមាន នាយក នាយិកាអង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពី២៤ប្រទេស ថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការសុខភាពពិភពលោក អង្គការKHANA អង្គការCPN+ និងតំណាងមន្ទីរសុខា ភិបាលខេត្តសៀមរាប ប្រមាណ៧០នាក់។
ថ្លែងក្នុងចំណាប់អារម្មណ៍ផ្តើមកម្មវិធី លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា(KHANA) បានមានប្រសាសន៍ថា កិច្ចប្រជុំដែលរៀបចំនៅទឹកដីសៀមរាបអង្គរដែលជាទឹកដីពិសិដ្ឋ និងទឹកដីរបស់អាទិទេពនេះ បានទទួលនូវការគាំទ្រយ៉ាងពេញ ទំហឹងពីឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងបានការឧបត្ថម្ភខាងបច្ចេកទេស និងសម្ភារពីលោកស្រី Christine Stegling នាយកប្រតិបត្តិនៃអង្គការហ្រ្វន់ឡាញអេដស៍ (Frontline AIDS)។ នេះជាកិច្ចប្រជុំពិសេសដែលធ្វើឡើងចំខួប២៥ឆ្នាំនៃភាព ជាដៃគូរបស់អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាសកល។ ជាមួយគ្នានេះ សម្រាប់កម្ពុជា ក៏ជាខួប២៥ឆ្នាំនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដោយប្រើវិធីសាស្រ្តពហុវិស័យ ផងដែរ។ លោកបានបន្តថា អង្គការខាណា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលជាគម្រោងមួយរបស់អង្គការសម្ព័ន្ធភាព អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ បច្ចុប្បន្ន អង្គការខាណា កំពុងបំពេញការងារនៅទីក្រុងភ្នំពេញ និងខេត្ត១៤ ដោយផ្តល់សេវាដល់ប្រជាជនគន្លឹះជាង ៣៥០០០នាក់ដែលទទួលរងផលប៉ះពាល់ដោយមេរោគអេដស៍ និងរបេង។
បន្ទាប់មក ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា សកម្មភាពអនុវត្តរបស់អង្គការខាណា និងអង្គការដៃគូ មន្ទីរសុខាភិបាលខេត្តដែលជាសេនាធិការចំណុះឱ្យរដ្ឋបាលខេត្តសៀមរាប បានផ្តល់កិច្ចសហប្រតិបត្តិ ការភាពជាដៃគូ និងការគាំទ្រ។ ដើម្បីដំណើរការអនុវត្តសកម្មភាពប្រព្រឹត្តទៅដោយភាពរលូន ក្នុងការចូលរួមដោះស្រាយបញ្ហា ដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរងគ្រោះក្នុងនោះមានកម្មវិធីអេដស៍ របេង សុខភាពបន្តពូជ និងសុខភាពពាក់ព័ន្ធផ្សេងៗ ទៀត។ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តនឹងពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហារបស់ អង្គការសង្គមស៊ីវិល និងសមាគមន៍ ដែលកំពុងអនុវត្តសកម្មភាពក្នុងខេត្តសៀមរាប ដើម្បីឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។
លោកស្រី គ្រីស្ទីន ស្ទេលីង (Christine Stegling) នាយកប្រតិបត្តិអង្គការហ្រ្វន់ឡាញអេដស៍ (Frontline AIDS) បានថ្លែង នៅក្នុងចំណាប់អារម្មណ៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៧ប៉ុណ្ណោះដែលបានសម្រេចគោលដៅ៩០-៩០-៩០។ លោកស្រីចង់ស្វែងយល់ពីជោគជ័យកម្ពុជា និងចង់ដឹងថាតើកម្ពុជាធ្វើយ៉ាងណាក្នុងការគាំទ្រសង្គមស៊ីវិល ដោយប្រើថវិកាក្នុង ស្រុកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។
មានប្រសាសន៍ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ជាងពីរទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០១៧ គឺដោយសារ ការគាំទ្រដ៏រឹងមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ១៩៩១ ករណីមេរោគអេដស៍ជាលើកដំបូងត្រូវបានរាយការណ៍នៅកម្ពុជា នៅឆ្នាំ១៩៩៥មានករណីឆ្លងរហូតដល់ជាង២៣០០០នាក់។ រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងការកសាងកម្មវិធីផ្អែកលើភ័ស្តុតាងដែលកាត់ បន្ថយចំនួនឆ្លងថ្មីមកនៅតិចជាង១០០០នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។ តាមការប៉ាន់ប្រមាណថាមានប្រជាជន ៦៧០០០ នាក់កំពុងរស់នៅជាមួយមេរោគអេដស៍នៅកម្ពុជា។ ក្នុងនោះ ៨៦%នៃពួកគេបានដឹងពីស្ថានភាពជំងឺអេដស៍ ៩៨%ដែលបានដឹង ពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៨០%នៃអ្នកទទួលការព្យាបាលមានកម្រិតមេរោគអេដស៍ក្នុងឈាមតិចបំផុត។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កន្លងមក រាជរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បានធ្វើការយ៉ាងជិតស្និទ្ធដោយ ប្រកាន់យក “វិធីសាស្រ្តផ្តោតលើប្រជាជន”។ អស់រយៈពេលជិតបីទសវត្សរ៍កន្លងទៅនេះ អង្គការខាណា បានក្លាយជាអង្គការ មិនមែនរដ្ឋាភិបាលជាតិធំបំផុតដែលផ្តល់សេវាបង្ការ ថែទាំ និងគាំទ្រមេរោគអេដស៍ និងជំងឺអេដស៍នៅកម្រិតសហគមន៍ ក៏ដូចជា សុខភាពបន្តពូជ ផែនការគ្រួសារ សុខភាពមាតា និងទារក កម្មវិធីជំងឺរបេង និងការកសាងជីវភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា ការឆ្លងរាលដាលជំងឺអេដស៍មិនទាន់បញ្ចប់នៅឡើយទេ វាកំពុងតែវិវឌ្ឍ។ ដូច្នេះយើងកំពុងរៀបចំផែនទីបង្ហាញផ្លូវក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាព។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវដាក់ចេញវិធានការចំនួន ៦ចំណុចទាក់ទងនឹងការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយសហការជាមួយនឹងក្រសួងនឹងស្ថាប័ន ដែលពាក់ព័ន្ធ។ ក្នុងនោះរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិឱ្យសិក្សាលំហថវិកា ដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍ នៅក្នុងឆ្នាំ២០២៥។ ឯក្រសួងដែលពាក់ព័ន្ធក៏ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយៈការផ្តល់មូលនិធិពីរាជរដ្ឋាភិបាលតាមលទ្ធភាពថវិកាជាតិ។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមាប្រសាសន៍ថា ក្នុងវេទិកាអន្តរជាតិនេះ ឯកឧត្តមចង់ស្វែងយល់ថា តើការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍អាចរួមចំណែកដល់ការពន្លឿនល្បឿនឈានទៅសម្រេចសេវាសុខាភិបាលគ្របដណ្តប់ជា សាកលនៅប្រទេសទាំង២៤បែបណា ហើយថាតើយើងត្រូវប្រើមេរៀនដែលបានមកពីមេរោគអេដស៍ និងជំងឺអេដស៍បែបណា ដើម្បីធ្វើឱ្យមានភាពជាដៃគូកាន់តែប្រសើរក្នុងវិស័យសុខាភិបាល និងហួសពីសុខាភិបាល ដោយមានចិត្តបើកទូលាយ និង ប្រកាន់យក “វិធីសាស្រ្តផ្តោតលើប្រជាជន”។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ អង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការ ខាណា ដែលរៀបចំកិច្ចប្រជុំនេះឡើង ដែលជួយឱ្យតំណាងប្រទេសចែករំលែកមេរៀនជាបទបិសោធន៍ស្តីពីការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ និងជាពិសេសត្រួសត្រាយផ្លូវឱ្យមានការរួមវិភាគទានដល់សេវាសុខាភិបាលគ្របដណ្តប់ជាសាកល និងបានប្រកាសបើកកិច្ចប្រជុំប្រចាំឆ្នាំអង្គការសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍។