
នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ នាថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន ប្រចាំឆ្នាំនៃការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេសរបស់មូលនិធិសកលនៅកម្ពុជា លើកទី២។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ រំលឹកអង្គសិក្ឋាសាលាថា កាលពី២ឆ្នាំមុន ក្រុម ប្រឹក្សាភិបាល របស់មូលនិធិសកល តាមរយៈក្រុមវាយតម្លៃបច្ចេកទេសគំរូ (Technical Evaluation Reference Group) បានស្នើឱ្យមានការសិក្សាវាយតម្លៃ សំរាប់ពេលអនាគត នៅក្នុងប្រទេស ទទួលគម្រោងជំនួយ ដើម្បីផ្តល់នូវអនុសាសន៍គ្រប់ជ្រុងជ្រោយមួយនៃការអនុវត្ត និងផលប៉ះពាល់ នៃយុទ្ធសាស្រ្ត របស់មូលនិធិ សកលនៅឆ្នាំ២០១៧-២០២០ ៖ “ការវិនិយោគដើម្បីបញ្ចប់ ការឆ្លងរាលដាល”។ យើងបាននិងកំពុងទទួលបាននូវព័តមានត្រឡប់ គំនិត ទស្សនៈវិស័យ បទពិសោធន៍អនុវត្ត ជាក់ស្តែង ជាបន្តបន្ទាប់ តាមរយៈលទ្ធផលនៃកិច្ចការនេះ។ សកម្មភាពនេះ កំពុងបន្តនៅក្នុងប្រទេស៨ ដែលកម្ពុជាយើងមានភ័ព្វវាសនា និងកិត្តិយសដែលកម្ពុជាត្រូវ បានជ្រើសរើសជាប្រទេសមួយក្នុង ចំណោមប្រទេសទាំងនោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនភ្ញៀវកិត្តិយស សមាជិកសមាជិការនៃអង្គ សិក្ខាសាលា ថាក្នុង ឋានៈឯកឧត្តម ជាសមាជិកក្រុម ប្រឹក្សាភិបាលមូលនិធិសកល ប្រចាំតំបន់ ប៉ាស៊ីហ្វិក ខាងលិច ឯកឧត្តម បាន និងកំពុងបន្តគាំទ្រសកម្មភាពដ៏សំខាន់នេះ។
ឯកឧត្តម បានមានប្រសាសន៍រំលឹក អង្គសិក្ខាសាលាថា ការវាយតម្លៃដែលរំពឹងទុកកំរិត ប្រទេស បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាអស់រយៈពេល២ឆ្នាំហើយ រហូតដល់ពេលនេះ នៅក្នុង បរិយាកាសមួយដែលមានការផ្លាស់ប្តូរ និងវិវឌ្ឍចំបងៗជាច្រើន។ ក្នុងឋានៈជាប្រទេសទទួល ជំនួយផ្ទាល់ថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីថ្មី និង ការទទួលខុសត្រូវថ្មី រួមជាមួយក្រសួងសុខាភិបាល។ នៅពេលដែលថវិកាជំនួយពីម្ចាស់ជំនួយ ខាងក្រៅដល់កម្ពុជា បន្តធ្លាក់ចុះ តម្រូវអោយរាជរដ្ឋាភិបាលកម្ពុជាទទួលអំរែកកាន់តែធំឡើងៗ ដោយផ្ទាល់ក្នុង ការឆ្លើយ តបនឹងមេរោគ អេដស៍ របេង និងគ្រុនចាញ់នៅកម្រិតជាតិ។
ដូច្នេះ ការសិក្សា និងការប្រមើលមើលជាមុន សំរាប់ការផ្លាស់ប្តូរ និង ប្រែប្រួលទាំងឡាយ នៅ ក្នុងទិដ្ឋភាពសុខាភិបាល ផ្នែក និង វិស័យពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែក ក្នុង ការត្រួតត្រា និង ឆ្លើយតបទៅនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ គួរតែត្រូវចូលរួមអោយបាន ទូលំទូលាយ ធ្វើឱ្យការវាយតម្លៃក្នុងពេលអនាគតប្រចាំប្រទេសមានសារៈសំខាន់កាន់តែខ្លាំង។
ឯកឧត្តមបាន ផ្តល់អនុសាសន៍ អោយផ្សព្វផ្សាយ ចែករំលែកអោយបានទូលំទូលាយ និង ដកស្រង់យកទៅប្រើប្រាស់អោយអស់លទ្ធភាព នូវខ្លឹមសារនៃលទ្ធផលសិក្សាស្រាវជ្រាវ វាយតម្លៃ នេះ ក្នុងការពិភាក្សា ពិគ្រោះយោបល់ កំណត់គោលនយោបាយ គោលដៅ ផែនការយុទ្ធសាស្រ្ត កសាងធ្វើផែនការ សកម្មភាពចាំបាច់នានា ព្រោះថា ការវាយតម្លៃក្នុង ពេលអនាគតនេះ ផ្តល់ឱ្យកម្ពុជានូវសម្លេង មួយនៅកម្រិតខ្ពស់ បំផុតនៃ មូលនិធិសកល និងឱកាសមួយក្នុងការផ្តល់នូវ ការយល់ដឹងស៊ីជម្រៅ។
ឯកឧត្តម ក៏បានផ្តាំផ្ញើរថាជូនអង្គសិក្ខាសាលាថា កិច្ចការដែលបន្តធ្វើនៅថ្ងៃនេះ ផ្តល់នូវ ឱកាសសម្រាប់ពួកយើងក្នុងការ ពិនិត្យមើលឡើង វិញ និងធ្វើឱ្យល្អប្រសើរថែមទៀតលើសកម្មភាព ក្នុងការវាយតម្លៃក្នុងពេលអនាគត ប្រចាំប្រទេសនៅ កម្ពុជា នៅក្នុងសិក្ខាសាលានេះ។
ទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការកោតសសើរ ព្រះរាជាណាចក្រកម្ពុជា និង មូលនិធិសកលបានសម្រេចគោលដៅដ៏ធំធេងរួមគ្នាក្នុងទសវស្សរ៍កន្លងមក និងបន្តនៅក្នុង ទិសដៅ មួយដ៏ត្រឹមត្រូវ។ តាមរយៈភាពជាដៃគូ ការរាប់រកគ្នា និងសហប្រតិបត្តិការ ប្រទេសកម្ពុជា កំពុង ខិតទៅ ជិតដល់គោលដៅក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ របេង និងគ្រុនចាញ់ហើយ។