
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលា ផ្តល់ការគាំទ្រលើការពិនិត្យឡើងវិញ នូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យ នឹងមេរោគអេដស៍និងជំងឺអេដស៍ លើកទី៤ នៅកម្ពុជា ។
អញ្ជើញចូលរួមនៅក្នុងសិក្ខាសាលា មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីវិស័យសុខាភិបាល និងមិនមែនសុខាភិបាល រួមជាមួយអ្នកតំណាងប្រជាជនគន្លឹះ និងជាពិសេស ចំពោះការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពី អង្គការ HP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ កោតសរសើរ និង ថ្លែងអំណរគុណជូនដល់សមាជិក សមាជិការនៃអង្គសិក្ខាសាលា ជាថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសពីវិស័យដែលពាក់ព័ន្ធ ទាំងស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញការ ដែលមានភារកិច្ច និង សិទ្ធិអាចផ្តល់នូវយោបល់ និងមតិ លើអនុសាសន៍ដែលផ្តល់ដោយក្រុមទីប្រឹក្សាបច្ចេកទេស លើវិធីសាស្រ្តដែលកម្មវិធីមួយបានបំពេញនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកគឺ ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៨ ព្រោះថា កិច្ចការពិនិត្យឡើងវិញនូវកម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់នៃវដ្តកម្មវិធី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកថា បញ្ហាប្រឈមចំបងមួយ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺបានកើតឡើង ក្នុងស្ថានភាពមួយដែលដៃគូអភិវឌ្ឍន៍ដកនូវការគាំទ្រហិរញ្ញវត្ថុរបស់បន្តិចម្តងៗហើយ កម្ពុជាយើងប្តេជ្ញាបញ្ចប់ការរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដែលមានរយៈពេល៥ឆ្នាំមុនការប្តេជ្ញាចិត្តជាសកលទៀតផង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ និងសុំ អង្គសិក្ខាសាលា ពិនិត្យពិភាក្សាជាក្រុម ឱ្យបានទូលាយ និងផ្តល់មតិឱ្យបានច្រើនលើបញ្ហាចំនួន៥ជាចំបងគឺ ៖ ១) លទ្ធផល ២) ប្រសិទ្ធផល ៣) គណនេយ្យភាព ៤) ភាពជាដៃគូ និង៥) ការផ្ទេរដំណាក់កាល/ចីរភាព។ លើសពីសំណួរទាំង៥នេះ យើងចង់ឃើញផងដែរថា តើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍អាចផ្តល់នូវមេរៀនជាបទពិសោធន៍អ្វីខ្លះចំពោះប្រព័ន្ធសុខាភិបាល ដែលកំពុង ខិតខំធ្វើឱ្យសម្រេចនូវសេវាសុខាភិបាលគ្របដណ្តប់ជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា “យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤” ផ្តល់នូវផែនការយ៉ាងច្បាស់មួយ ដើម្បីដឹកនាំសកម្មភាពនានានៃភាគីពាក់ព័ន្ធអភិវឌ្ឍន៍ទាំងអស់ ឱ្យនៅក្នុង “ប្រព័ន្ធអ្នកពាក់ព័ន្ធប្រកបដោយថាមពល” ដើម្បីបង្កើនការអភិវឌ្ឍរយៈពេលមធ្យម និងវែងប្រកបដោយចីរភាព ដើម្បីធានាប្រសិទ្ធផល និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងស្ថាប័ន សាធារណៈ ពីប្រភពធនធានទាំងអស់។ តើរឿងនេះមានន័យយ៉ាងណា? រឿងនេះមានន័យថា “ប្រព័ន្ធមួយដែលដំណើរការ ក្នុងពេលដែលក្រសួង/ស្ថាប័នទាំងអស់មិនត្រឹមតែបំពេញភារកិច្ចរបស់ពួកគេផ្ទាល់ មិនចោទប្រកាន់គ្នាទៅវិញទៅមកទេ ថែមទាំងសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ជាជាងសម្រេចគោលបំណងបេសកកម្ម និងគោលនយោបាយនៃរាជ រដ្ឋាភិបាល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការព្រួយបារម្ភ ឬការទាមទាររបស់ប្រជាជន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំអង្គសិក្ខាសាលា ពិនិត្យមើល រចនាសម្ព័ន្ធ និង ឱកាសនានា ដែលអាច សមាហរណកម្មការងារប្រយុទ្ធនឹងមេរោគអេដស៍ទៅក្នុងវិស័យសុខាភិបាល និង មិនមែនសុខាភិបាល។ ការពង្រឹងភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ប្រព័ន្ធស្របគ្នាគឺជាតម្រូវការចាំបាច់ ក៏ដូចជា ការរៀបចំផែនការ និងការអនុវត្តរួម ការវិនិយោគក្នុងការផ្តល់សេវារួម (រួមមានហេដ្ឋារចនា សម្ព័ន្ធ ការបណ្តុះបណ្តាល ការគ្រប់គ្រង និងការត្រួតពិនិត្យ និងការវាយតម្លៃ) ហើយនិងកិច្ចសហការឆ្លងវិស័យដែលត្រូវបានកែលម្អ។ សមាហរណកម្មកាន់តែធំគឺជាតម្រូវការរវាងសេវា មេរោគអេដស៍ ដែលរួមមានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងការព្យាបាល ជំងឺមិនឆ្លង។ ការផ្សាភ្ជាប់គ្នាកាន់តែធំក៏ជាតម្រូវការផងដែររវាងសេវាមេរោគអេដស៍ និងវិស័យ មិនមែនសុខាភិបាល រួមបញ្ចូលទាំងការគាំពារសង្គម ការងារ សន្តិសុខស្បៀង សិទ្ធិមនុស្ស ការពង្រឹងច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងសេវាសង្គម។
ឯកឧត្តមបានរំលឹកបន្ថែមថា កន្លងមកនេះ ការគាំទ្រគោលនយោបាយ និងបច្ចេកទេស ត្រូវបានផ្តួចផ្តើមក្នុងការធ្វើសមាហ រណកម្មមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង “គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក្នុង កម្មវិធីអភិវឌ្ឍឃុំ/កម្មវិធីវិនិយោគឃុំ” និងសមាហរណកម្មប្រជាជនគន្លឹះនៅក្នុងដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងចង់ឃើញការអនុវត្តការផ្តួចផ្តើមទាំងនោះនៅថ្នាក់ក្រោមជាតិ។
មុននឹងបញ្ចប់ប្រសាសន៍បើកអង្គសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការHP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS ដែលបានគាំទ្រដល់ដំណើរការទាំងមូលនៃការពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង ពហុវិស័យ លើកទី៤ និង ការរៀបចំផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យ លើកទី៥ និងជាពិសេស ការជួយឱ្យភាគីដែលពាក់ព័ន្ធគន្លឹះចូលរួមក្នុងសិក្ខាសាលាផ្តល់ការគាំទ្រដ៏មានសារៈសំខាន់នេះ។