
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំប្រចាំខែ អាជ្ញាធរជាតិប្រចាំខែមេសា ឆ្នាំ២០១៩ ដើម្បីធ្វើបច្ចុប្បន្នភាពការងារដែលបានអនុវត្តក្នុងខែមេសា និងធ្វើការរៀបចំផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ។
វត្តមាននៅក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន នាយកដ្ឋាន មន្រ្តីរាជការ ទាំងអស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួម។
បន្ទាប់ពីអង្គប្រជុំបានស្តាប់ របាយការណ៍របស់អគ្គលេខាធិការដ្ឋាន ដោយ ឯកឧត្តមតែង គន្ធី អគ្គលេខាធិការ និង របាយការណ៍ស្តីពីវឌ្ឍភាពរៀបចំចងក្រងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥ ដោយ ឯកឧត្តម ទា ផលា អនុុប្រធានអាជ្ញាធរជាតិរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ បានមានប្រសាសន៍ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ទាំងអស់ឱ្យព្យាយាមបញ្ចូលការសម្របសម្រួលគោលនយោបាយ និងបច្ចេកទេស ពហុវិស័យ នៅក្នុងកិច្ចប្រជុំ ឬ យន្តការសម្របសម្រួលនានារបស់អាជ្ញាធរជាតិ ដូចជាកិច្ចប្រជុំពេញអង្គរបស់អាជ្ញាធរជាតិ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស ហើយប្រសិនបើចាំបាច់ យើងរៀបចំកិច្ចប្រជុំសម្របសម្រួល អន្តរក្រសួង ជាមួយស្ថាប័នពាក់ព័ន្ធ ស្របតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល បានកំណត់ ណែនាំ អោយរៀបចំយន្តការសម្របសម្រួល ចងក្រងបទអន្តរាគមន៍ លំអិត យន្តការ ផែនការ និងអនុវត្តសំណុំសកម្មភាព នៃការបង្ការ និងការឆ្លើយតបទៅនឹងការចម្លង មេរោគអេដស៍ នៅគ្រប់កម្រិត ទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាអោយមាន ចរន្តជាតិដែលប្រកបដោយនិរន្តរភាពឆ្លើយតបទៅនឹងមេរោគអេដស៍ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ។
ឯកឧត្តមទសរដ្ឋមន្រ្តីប្រធាន ក៏បាន រលឹកអំពីជោគជ័យដែលគណៈប្រតិភូរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានដឹកនាំដោយឯកឧត្តមផ្ទាល់ បានចូលរួមធ្វើបទបង្ហាញ ជូនដល់អន្តរជាតិ និង អង្គការសហប្រជាតិ នៅទៅក្រុងហ្សឺណែវ ដោយព្រះរាជាណាចក្រកម្ពុជា យើងជំរាបជូនអំពីបទពិសោធន៍ជោគជ័យរបស់យើងគឺ ផ្អែកលើមូលដ្ឋានសំខាន់ៗ គឺ៖
• ការគាំទ្រ និងដឹកនាំគោលនយោបាយដ៏ខ្ពង់ខ្ពស់ និង មោះមុត ដោយផ្ទាល់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល ។
• មានរចនាសម្ព័ន្ធប្រយុទ្ធនឹងជំងឺអេដស៍ពហុវិស័យ និងសព្វជ្រុងជ្រោយ
• ភាពជាដៃគូសព្វជ្រុងជ្រោយ ជាមួយផ្នែក និង ដៃគូពាក់ព័ន្ធទាំងអស់ អង្គការសហប្រជាជាតិ សហប្រតិបត្តិការទេ្វភាគី អង្គការក្រៅរដ្ឋាភិបាន ដៃគូរអភិវឌ្ឍន៍នានានិងក្រុមប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ។
• បើទោះធនធានរបស់ជាតិយើងមានកំរិត ក៏ព្រះរាជាណាចក្រកម្ពុជា យើងបាន ចំណាយទុនវិនិយោគ ប្រើប្រាស់ថវិកាជាតិ សំរាប់កសាងនិរន្តរភាពនៃប្រយុទ្ធនឹងការឆ្លងរាលដាលនៃមេរោគអេដស៍ និងការឆ្លើយទៅនឹងជំងឺអេដស៍ ។