
នៅព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Hilton Port Moresby ទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីណូវែលហ្គីណេ មានកិច្ចប្រជុំមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច លើកទី៣ របស់មូលនិធិសកល ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល និងលោកជំទាវ Roslyn Morauta សមាជិកក្រុមប្រឹក្សាភិបាលឆ្លាស់វេនរបស់មូលនិធិសកល ដឹកនាំកិច្ចប្រជុំនេះ។
ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម Pascoe Kase រដ្ឋលេខាធិការក្រសួងសុខាភិបាលប៉ាពូអាស៊ីណូវែលហ្គីណេ លោកស្រី Catherine Wilson ស្នងការជាន់ខ្ពស់រងអូស្ត្រាលីប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ វេជ្ជបណ្ឌិត Percy Pokea តំណាងលោកជំទាវឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ លោក Davis Bridger នាយកអង្គការយូអិនអេដស៍ និងជាតំណាងអង្គការសហប្រជាជាតិប្រចាំប៉ាពូអាស៊ីណូវែលហ្គីណេ លោកស្រី Raegan Boler មន្ត្រីជាន់ខ្ពស់ការិយាល័យកិច្ចការក្រុមប្រក្សាភិបាលមូលនិធិសកល ទីប្រឹក្សាបច្ចេកទេសពីអង្គការយូអិនអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកតំណាងយន្តការសម្រួលប្រចាំប្រទេសកម្ពុជា ហ្វ៊ីជី គិរីបាទី ម៉ាឡេស៊ី មីក្រូនេស៊ី ប៉ាពូអាស៊ីណូវែលហ្គីណេ ហ្វីលីពីន សាម័រ វ៉ានូទូ វៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី ១) ផ្តល់ជាវេទិកាសម្រាប់ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានដែលនឹងសម្រួលដល់ការទទួលបានព័ត៌មានពេញលេញក្នុងចំណោមសមាជិក និងថ្នាក់ដឹកនាំមណ្ឌលតំណាង ។ ២) រកឱ្យឃើញនូវវិធីដើម្បីកែលម្អទំនាក់ទំនងក្នុងចំណោមមណ្ឌលតំណាង និងបង្កើនការចូលរួមក្នុងបញ្ហាអភិបាលកិច្ចរបស់មូលនិធិសកល ។ ៣) រកឱ្យឃើញនូវបញ្ហាក្នុងចំណោមសមាជិកមណ្ឌលតំណាង និងរៀបចំឱ្យមានការឆ្លើយតបទូលំទូលាយពីមណ្ឌលតំណាង ដែលអាចដាក់ជូនទៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤១ ។ ៤) ធ្វើបច្ចុប្បន្នភាពលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧-២០១៩ របស់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ៥) ពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មគោលការណ៍ណែនាំស្តីពីប្រតិបត្តិការរបស់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច និង ៦) ដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤១ នៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៩ នេះ ។
បន្ទាប់ពីសុន្ទរកថាថ្លែងបើកកម្មវិធីរបស់លោករដ្ឋលេខាធិការក្រសួងសុខាភិបាលប៉ាពូអាស៊ីណូវែលហ្គីណេ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ស្វាគមន៍សហការីពីមណ្ឌលតំណាងតំបន់ ក្រុមទីប្រឹក្សាបច្ចេកទេស និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ ព្រមទាំងអបអសាទរលោកជំទាវ Roslyn Morauta ដែលបានជាប់ឆ្នោតជាអនុប្រធានក្រុមប្រឹក្សាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមក៏ស្នើឱ្យអ្នកចូលរួមទាំងអស់ចែករំលែកព័ត៌មានទាក់ទងនឹងវឌ្ឍនភាព ពិនិត្យមើលឡើងវិញនូវគោលការណ៍ណែនាំប្រតិបត្តិការរបស់មណ្ឌលតំណាងប៉ាស៊ីហ្វិកខាងលិចធ្វើយ៉ាងណាធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងក្រឹត្យក្រម វិធាន និងការប្រតិបត្តិល្អរបស់មូលនិធិសកល។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាជិកកិច្ចប្រជុំទាំងអស់ពិភាក្សាឱ្យបានសកម្មទាក់ទងនឹងថវិកាមូលនិធិនៅជុំបន្ទាប់ ដែលការកៀរគរថវិកាជុំទី៦នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែតុលាឆ្នាំនេះ ដើម្បីបានថវិកាសម្រាប់ឆ្នាំ ២០២០-២០២២។
ឯកសារសម្រាប់ទាញយក