
នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលមូលនិធិសកល បានចាប់ផ្តើមកិច្ចប្រជុំលើកទី៤១ ថ្ងៃទីមួយជាផ្លូវការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំរបស់មណ្ឌលតំណាងតំបន់ និងកិច្ចប្រជុំផ្តល់ព័ត៌មានសង្ខេបត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមកនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល ដឹកនាំគណៈប្រតិភូមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចចូលរួមក្នុងកិច្ចប្រជុំនេះ។ គណៈប្រតិភូដែលចូលរួមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីមានតំណាងមកពី កម្ពុជា ប៉ាពូអាស៊ីណូវែលគីណេ វ៉ានូទូ ម៉ុងហ្គោលី ចិន និងតំណាងអង្គការសុខភាពពិភពលោកមកពី ហ្វីលីពីន។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកលធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីកិច្ចការដែលបានធ្វើកន្លងមក និងអនុម័តសេចក្តីសម្រេចនានាក្នុងការអនុវត្តការងារបន្តទៅពេលខាងមុខ។ អង្គប្រជុំបានលើកឡើងពីវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងការប្តេជ្ញាបង្កើនល្បឿនក្នុងឆ្លើយតបនឹងជំងឺទាំង៣នេះ ដោយត្រូវការនូវការវិនិយោគជាមួយនឹងថវិកាបន្ថែម និងកាន់តែមានលក្ខណៈឆ្នៃប្រឌិត។ ជាមួយគ្នានេះ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលថ្មីនឹងចូលមកកាន់តំណែងគឺ ឯកឧត្តម Donald Keberuka និងលោកស្រី Roslyn Morauta។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ ១) ថ្លែងការអបអរសាទរចំពោះឯកឧត្តម Donald Keberuka ដែលត្រូវបានជាប់ឆ្នោតជាប្រធាន និងជាពិសេសលោកស្រី Roslyn Morauta ជាសមាជិកឆ្លាស់វេនមកពីមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានក្រុមប្រឹក្សាភិបាល ២) ថ្លែងការអបអរសាទរចំពោះរបាយការណ៍របស់លោក Peter Sands អគ្គនាយកមូលនិធិសកល ៣) អំពីសារៈ សំខាន់ក្នុងការគិតគូរអំពីវិធីសាស្ត្រឆ្នៃប្រឌិតក្នុងការសម្រេចគោលដៅបញ្ចប់ការចម្លងជំងឺទាំងបី និង៤) អះអាងឡើងវិញអំពីការប្តេជ្ញាចិត្តរបស់មណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការបញ្ចប់នូវការចម្លងនៅតាមប្រទេសនីមួយៗនៅក្នុងតំបន់។