
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំ សិក្ខាសាលាថ្នាក់ជាតិស្តីពីការរួមចំណែកនៃវិស័យឯកជន ក្នុងបញ្ហាសុខភាព និងការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដោយសហការជាមួយអង្គការ Health Policy Plus ក្រោមជំនួយ ឧបត្ថម្ភរបស់ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក USAID។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលា ដោយមាន វត្តមានអញ្ចើញចូលរួមរបស់
• លោកវេជ្ជបណ្ឌិត សុខ ប៊ុណ្ណា ប្រធានការិយាល័យសុខាភិបាលសាធារណៈ និងអប់រំនៃ ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
• លោក អ៊ឹង ប៉ូលីន តំណាងលោកស្រីវេជ្ជបណ្ឌិត Vladanka Andreeva នាយកអង្គការ យូអិនអេដស៍ប្រចាំកម្ពុជា
• លោក នាយកប្រចាំប្រទេសនៃអង្គការ Health Policy Plus នៃ USAID
• ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នរាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍ សង្គមស៊ិវិល
• លោក លោកស្រី ទីប្រឹក្សា អ្នកជំនាញការជាតិ និងអន្តរជាតិ និង
• លោក លោកស្រី តំណាងប្រជាជនគន្លឹះ
ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រធានអាជ្ញាធរជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល វិស័យឯកជន តំណាង ប្រជាជនគន្លឹះ ជាពិសេស អង្គការ HP Plus The Palladium PEPFAR/USG ដែលបាន ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកជូនអង្គសិក្ខាសាលាជ្រាបថា កម្ពុជាជាប្រទេស មួយក្នុង ចំណោមប្រទេស៧នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ថា បានសម្រេចគោលដៅ ៩០ ៩០ ៩០ ក្នុងឆ្នាំ២០១៧។ យោងតាមការប៉ាន់ប្រមាណស្ថិតិ (ខែមេសា ឆ្នាំ២០១៩) កម្ពុជាមានអ្នក រស់នៅជាមួយមេរោគអេដស៍ ៧៣.៥៥២នាក់ ដែលបច្ចុប្បន្ន៨១% នៃអ្នកទាំងនោះ បានដឹងពី ស្ថានភាពជំងឺរបស់ពួកគេ ហើយ៩៩%នៃអ្នកបានដឹងថាបានឆ្លងមេរោគ អេដស៍បានទទួល ការព្យាបាលឱសថប្រឆាំងមេរោគអេដស៍ និងតាមការប៉ាន់ប្រមាណអ្នកដែលបាន ទទួលការព្យាបាល ចំនួន៧៩% មានកំហាប់មេរោគអេដស៍នៅក្នុងឈាមតិច។ អ្នករស់នៅជាមួយ មេរោគអេដស៍ប្រមាណ ១០.០០០នាក់មិនត្រូវបានតាមរក និងមិនទាន់បាននាំយកមកដាក់ចូលក្នុង ប្រព័ន្ធថែទាំជំងឺអេដស៍ ហើយការកើនឡើងនៃការឆ្លងថ្មីគឺភាគច្រើនត្រូវបានរកឃើញក្នុងចំណោមយុវវ័យ ជាពិសេសក្រុម បុរសរួមភេទជាមួយបុរស និងអ្នកផ្លែងភេទ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើសុំ អង្គសិក្ខាសាលាពិគ្រោះពិភាក្សា ផ្អែកតាមលទ្ធផលនៃ ការសិក្សាស្រាវជ្រាវ គាំទ្រដោយអង្គការ HP+Palladium និងស្នើឱ្យស្វែងរកភាពជាដៃគូសាធារណៈ និងឯកជន តាមទម្រង់ផ្សេងៗ ដើម្បីឱ្យមានការចូលរួមគាំទ្ររបស់ពួកគេក្នុងការថែទាំសុខភាព ដោយ រួមបញ្ចូលមេរោគអេដស៍ និងជំងឺអេដស៍។ ជាពិសេសផ្នែកដែលមានសក្តានុពលក្នុង កិច្ចសហប្រតិបត្តិការ អាចមានដូចជា៖
1. ការបង្កើតយន្តការក្នុងទំនាក់ទំនងរវាងវិស័យឧស្សាហកម្ម និងធុរកិច្ច ឯកជនជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
2. ការអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈគំរូភាពជាដៃគូនៅក្នុងការផ្តល់ ឱសថប្រឆាំងមេរោគអេដស៍ជាមុន (Pre-Exposure Prophylaxis) ធារារ៉ាបរង និង ម៉ាស៊ីនរាប់ចំនួនមេរោគអេដស៍
3. ការអំពាវនាវឱ្យវិស័យឯកជនដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ថា ជា ផ្នែកមួយដែលផ្តោតការយកចិត្តទុកដាក់ក្នុង ផែនការសាជិវកម្មដែលមានទំនួលខុស ត្រូវសង្គមសម្រាប់បណ្តាឆ្នាំខាងមុខ។
4. ប្រព័ន្ធតាមដានសកម្មភាពដ៏រឹងមាំមួយ ការប្រើប្រាស់មូលនិធិ ។ល។ អាចត្រូវបានរំលេច បន្ថែមទៀត ហើយដូចជាបង្កើនទំនុកចិត្តលើវិស័យឯកជន ក្នុងការប្រើប្រាស់នូវការរួម ចំណែករបស់ពួកគេ។
5. របាយការណ៍ប្រចាំឆមាស ឬប្រចាំឆ្នាំ អាចត្រូវបានធ្វើការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការ ផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃ គម្រោងកម្មវិធី ដោយរួមទាំងលំហូរមូលនិធិចូល និងចេញ និងផលប៉ះពាល់ដែលត្រូវបានបង្កើតឡើង។
6. ឧទាហរណ៍ អាចស្រង់នូវតួនាទីនៃវិស័យឯកជន នៅកម្រិតមូលនិធិសកល និងគំរូផ្សេងៗ ទៀត នៃការចូលរួមរបស់វិស័យឯកជន ជាមួយមូលនិធិសាកល។
ឯកសារសម្រាប់ទាញយក