
នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Katya Burns ប្រធានក្រុមនៃអ្នកជំនាញអន្តរជាតិ ទទួលបន្ទុកវាយតំលៃរួមគ្នាលើវឌ្ឍនភាពនៃការការឆ្លើយតបរបស់វិស័យសុខាភិបាលទៅនឹងជំងឺអេដស៍ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅវត្តមាន និងបេសកកម្មរបស់ក្រុមការងាររបស់លោកស្រីបណ្ឌិត ដើម្បីជួយអោយការប្រយុទ្ធនឹងការឆ្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា កាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរាបជូនលោកស្រីបណ្ឌិត អំពីការគាំទ្រនយោបាយ និង ការទំនុក បំរុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ក្នុងការបង្ការ ការត្រួតត្រាការឆ្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ និងមាន ការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ទៀតផង ។ ចក្ខុវិស័យ ការអ្នកដឹកនាំ និង យន្តការសម្រប សម្រួលពហុវិស័យ របស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធផ្សេងទៀតទាំងអស់ បាន ចូលរួមចំណែកជាចលនាជាតិប្រយុទ្ធទៅនឹងការចម្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍។
ក្នុងខណៈជំនួយពីក្រៅប្រទេសបានបន្តធ្លាក់ចុះ រាជរដ្ឋាភិបាលបានបង្កើនចំណាយថវិការជាតិជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ក្នុងការផ្តល់ការថែទាំ ព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំ ដើម្បីរៀបចំយន្តការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាហរណកម្ម ការបង្ការកុំអោយឆ្លងរាលដាលមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ អោយក្លាយទៅជាចរន្តជាតិ និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងថែមទៀត ដើម្បីយើងអាចឈានទៅកាត់ផ្តាច់ទាំងស្រុងការចម្លងមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥ បញ្ឍប់ការរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងកាត់បន្ថយមរណភាពដោយសារជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនក្រុមអ្នកជំនាញអន្តរជាតិជួយសិក្សារកវិធីអនុវត្តការឆ្លើយតបរបស់វិស័យសុខាភិបាល ជាមួយយន្តការគាំទ្រពហុវិស័យ ស្របតាមសេចក្តីណែនាំលេខ២១៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមូលដ្ឋាន។ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលបានផ្តោតចំបងលើ ការគាំទ្រពហុវិស័យអោយបានខ្លាំងក្លាថែមទៀត ក្នុងនោះរួមមាន (១)ជួយផ្តល់ធនធាន និងលទ្ធភាពអោយប្រព័ន្ធរដ្ឋបាលឃុំសង្កាត់ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចគ្រប់គ្រង ឆ្លើយតបទៅនឹងជំងឺ អេដស៍ កាន់តែមានប្រសិទ្ធភាពនៅក្នុងរដ្ឋបាលឃុំ សង្កាត់ (២)ការគាំទ្រពីផ្នែកគាំពារសង្គមសំរាប់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះដោយការចម្លងមេរោគអេដស៍ (៣)ផ្តល់លទ្ធភាពជូនប្រព័ន្ធសុខាភិបាលមូលដ្ឋាន អាចប្រើប្រាស់ថវិកា និងសមាហរណកម្មកិច្ចការគាំទ្រចាំបាច់នានាក្នុងការផ្តល់សេវាថែទាំព្យាបាល ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅជាមួយមេរោគអេដស៍នៅក្នុងមូលដ្ឋាន (៤) សិក្សាលើធនធាន ថវិកាជាតិ សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ (៥) ការចូលរួមរបស់សង្គមស៊ីវិលសំរាប់ជួយដល់សកម្មភាពបង្ការ ថែទាំព្យាបាល នៅកំរិតសហគមន៍មូលដ្ឋាន ដែលយន្តការសម្រាបសម្រួលរបស់រដ្ឋ មិនទាន់អាចឆ្លើយតបបានពេញលេញ និងទាន់ពេលវេលា (៦) លើកំពស់ការយន្តការ និងប្រសិទ្ធភាពផ្គត់ផ្គង់ធនធានមនុស្ស ហិរញ្ញវត្ថុ ឱសថ បិរក្ខាបច្ចេកវិទ្យា ព័តមានវិទ្យាសមស្របតាមតម្រូវការ ។
លោកស្រី បណ្ឌិត Katya Burns ប្រធានក្រុមនៃអ្នកជំនាញអន្តរជាតិ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនឯកឧត្តមទេសរដ្ឋមន្រ្តី និងសូមទទួលយកទាំងស្រុងអនុសាសន៍ របស់អាជ្ញាធរជាតិ និងសូមស្នើសុំពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការីជំនាញរបស់អាជ្ញាធរជាតិ បន្ថែមទៀតក្នុងឱកាសបំពេញការងារវាយតំលៃ និងលើកយោបល់ផ្តល់ជូនក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ។