
នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោក Jeffery Smith ប្រធានអង្គការ Asia Pacific Leaders Malaria Alliance (APLMA)។
លោក Jeffery Smith ប្រធានប្រតិបត្តិនៃអង្គការ បានជំរាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ជ្រាបថា APLMA ជាសម្ព័ន្ធថ្នាក់ដឹកនាំអាស៊ីប៉ាស៊ីហ្វិក ចំនួន២២ ប្រទេស។ អង្គការមានគោលដៅគៀងគរកិច្ចសហការប្រទេសទាំងអស់ក្នុងតំបន់ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសកិច្ចសហការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្លងព្រំដែន។
លោក Jeffery Smith ប្រធានប្រតិបត្តិនៃអង្គការ បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពី គម្រោងកម្មវិធីកិច្ចសហប្រតិបត្តិការរបស់ APLMA នៅតំបន់មហាអនុតំបន់ទន្លេមេគង្គ ហើយលោក បាន គោរពអញ្ចើញឯកឧត្តមទេសរដ្ឋមន្រ្តី ទៅចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសក្នុងតំបន់ នៅទីក្រុង ហាណូយ ក្នុងអំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងឋានៈឯកឧត្តមទេសរដ្ឋមន្រ្តី ជាសមាជិកក្រុម ប្រឹក្សាភិបាលមូលនិធិសាកលនៃមណ្ឌលតំបន់ ប៉ាស៊ីហ្វិកខាងលិច។
តាមរយៈបទពិសោធន៍ទូលំទូលាយរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី នៅក្នុងកិច្ចការការសម្របសម្រួល គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ របស់មូលនិធិសាកល នៅព្រះរាជាណាចក្រ កម្ពុជា និងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច លោក សង្ឃឹមថា ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងផ្តល់អនុសាសន៍ ល្អៗជូនតំបន់ ដើម្បីជួយលើកកំពស់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែនប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅក្នុង តំបន់កាន់តែមានប្រសិទ្ធភាពឡើងថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនលោកប្រធានអង្គការ ដែលបានជួយលើកិច្ចខិតខំ ប្រឹងប្រែង ប្រយុទ្ធឹងជំងឺគ្រុនចាញ់នៅក្នុងតំបន់ និងឆ្លើយតបលទ្ធភាពចូលរួមជូនទៅអង្គកាAPLMA វិញ។