
នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយក អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា (អង្គការ UNAIDS )។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកស្រីវេជ្ជបណ្ឌិត នាយកអង្គការ បានពិភាក្សា លើទិសដៅកិច្ចសហប្រតិបត្តិការរវាងអង្គការយូអិនអេដស៍ និងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំបន្តអនុវត្ត គោលនយោបាយជាយុទ្ធសាស្រ្ត ការគៀងគរធនធាន និងការផ្តល់ជំនួយបច្ចេកទេសចាំបាច់នានាៗ ដើម្បីជួយលើកកំពស់យន្តការសម្របសម្រួលពហុវិស័យ ដូចជាការកាត់បន្ថយការរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ ការកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ការលើកកំពស់នៃការចូលរួមក្នុងភាពជាដៃគូជាមួយវិស័យឯកជនក្នុងការប្រយុទ្ធជាមួយនឹងការចម្លងមេរោគអេដស៍ និងឆ្លើយតបទៅនឹងមេរោគអេដស៍ ការរៀបចំយន្តការសំរាប់ការសម្របសម្រួល និងការឆ្លើយតបពហុវិស័យ និង ការសម្របសម្រួលនៃការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល លេខ២១៣ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩(ស.ជ.ណ) ដើម្បីឈានទៅសម្រេចគោលដៅលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥។