
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ មានពិធីផ្ទេរភារកិច្ចប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ។ ពិធីនេះមានការចូលរួមពីឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ដ្រី និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដែលត្រូវទទួល និងផ្ទេរភារកិច្ចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយស្រុក ឃុំក្នុងស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំគណបក្សឃុំ ភូមិ ថ្នាក់ដឹកនាំវិទ្យាល័យ មណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងតំណាងប៉ុស្តិ៍រដ្ឋបាល ប្រមាណជាង២០០នាក់។
បន្ទាប់ពីលោក ឈឺន សុធន ប្រធានស្ដីទីគណបក្សស្រុកបានធ្វើរបាយការណ៍ស្វាគមន៍ និងអានសេចក្តីសម្រេចស្ដីពីការផ្ទេរភារកិច្ចប្រធានក្រុមការងារចុះជួយស្រុកពីឯកឧត្តម យឹម សុខុម មកឯកឧត្តម អៀង មូលី មក ក៏មានពិធីប្រគល់សេចក្ដីសម្រេច។ បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានមានប្រសាសន៍ចំណាប់អារម្មណ៍ដោយថ្លែងអំណរគុណថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាកម្ពុជា ដែលបានផ្ដល់នូវសេចក្តីទុកចិត្តឱ្យទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីជួយជ្រោមជ្រែងគណបក្សខេត្ត និងជាពិសេស ជួយស្រុកបរសេដ្ឋឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការបោះឆ្នោតឆ្នាំ២០១៨ និង ២០១៩។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម យឹម សុខុម ដែលបានចុះជួយជាប្រចាំពង្រឹងគណបក្សនៅគ្រប់លំដាប់ថ្នាក់ ទាំងស្រុក ឃុំ និងក្តាប់បាននូវរាល់សភាពការណ៍ និងស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គម ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដែលធ្វើឱ្យគណបក្សមានសម្លេងគាំទ្រកាន់តែច្រើនឡើង។
មុននឹងបញ្ចប់មតិចំណាប់អារម្មណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនគណបក្សស្រុក ឃុំ និងសាខាបក្សភូមិថា ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកមានភារកិច្ចត្រឹមតែចុះជួយបំពេញ បន្ថែមនូវការណែនាំ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងសេចក្តីណែនាំផ្សេងៗរបស់គណបក្សប៉ុណ្ណោះ ឯការងារស្នូលស្ថិតនៅលើគណបក្សស្រុក ឃុំ ភូមិ ដែលនៅជាប់ជាមួយសមាជិកគណបក្ស និងប្រជាជន។ ប្រសិនបើមន្ត្រីគណបក្សស្រុក ឃុំ ភូមិ មិនសកម្មក្នុងការឆ្លើយតបនឹងតម្រូវការរបស់សមាជិកបក្ស និងប្រជាជន នោះយើងពិតជាមិនអាចធានាបាននូវការរកសម្លេងគាំទ្រគណបក្សបានយូរអង្វែងទេ។
នៅក្នុងមតិសំណេះសំណាល និងផ្តាំផ្ញើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថាដោយឯកឧត្តម អៀង មូលី ជាប្រធានក្រុម ការងាររាជរដ្ឋា ភិបាលចុះជួយស្រុកបរសេដ្ឋស្រាប់ ដូច្នេះឱ្យបន្តការងារគណបក្សស្រុកតែម្តង។ ការងារគណបក្សមិនអាចមើលរំលងការងាររាជរដ្ឋាភិបាលបានទេ ព្រោះគណបក្សយើងជាបក្សកាន់អំណាច។ ក្រុមការងារយុទ្ធសាស្ត្រគណបក្សខេត្ត បានពិចារណាសម្រួលភារកិច្ច ដើម្បីរំលែកការងារ ពង្រឹងរចនាសម្ព័ន្ធគណបក្ស។ ការងាររបស់ឯកឧត្តម យឹម សុខុម បានផ្តល់ជាទុនសម្រាប់អ្នកបន្តវេនគឺ ឯកឧត្តម អៀង មូលី ដើម្បីឱ្យបក្សយើងកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថាគណបក្សយើងត្រូវតែរឹងមាំ បើគ្មានភាពរឹងមាំទេ ការរក្សាសុខសន្តិភាពក៏មិនអាចសម្រេចបានទេ។ បើនិយាយពីអាយុកាល គណបក្សប្រជាជនមានអាយុ ៦៨ឆ្នាំ គឺមានភាពចាស់ទុំហើយ។ គណបក្សយើងដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានផ្តល់នូវសុខុមាលភាព និងបំពេញតាមសំណូមពរប្រជាពលរដ្ឋ ផ្តល់ការងារ ភាពមានបាន និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជាតិ។ សម្តេចតេជោបានខិតខំធ្វើការទាក់ទាញអ្នកវិនិយោគ ផ្តល់នូវគោលនយោបាយសន្តិសុខសង្គម លក្ខខណ្ឌការងារដល់កម្មករ និងអត្ថប្រយោជន៍ដល់កម្មការិនីមានផ្ទៃពោះផងដែរ។ គណបក្សផ្សេងគ្មានស្នាដៃ និងគុណបំណាច់ទេ។ បក្សប្រឆាំងធ្វើយ៉ាងណាបញ្ឆេះកំហឹង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកប្រជាធិបតេយ្យមកធ្វើជាលេស ប្រើនយោបាយអុជអាលបំបែកបំបាក់។ ពួកប្រឆាំងបំផ្លាញសតិអារម្មណ៍ប្រជាជន តាម Facebook វីដេអូគ្លីប និងតាមអាស៊ីសេរី។ កាលណាយើងចុះខ្សោយសតិអារម្មណ៍គឺចាញ់បោកពួកប្រឆាំងហើយ។
ក្នុងប្រសាសន៍បញ្ចប់ពិធី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានផ្តាំផ្ញើថា ការងារទាំងមូលដ្ឋាន ទាំងថ្នាក់កណ្ដាលត្រូវធ្វើការឱ្យស្មើដៃគ្នា ដើម្បីបក្សរឹងមាំ និងត្រូវយកចិត្តទុកដាក់ ការងារកសាងបក្ស ការងារសតិអារម្មណ៍ដែលជាការងារសំខាន់ និងស្នើឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ រួមសាមគ្គីគ្នា ដើម្បីឱ្យគណបក្សកាន់តែរឹងមាំនៅស្រុកបរសេដ្ឋបន្តទៀត។