
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកបរសេដ្ឋ មានកិច្ចប្រជុំលើកទី១ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបរសេដ្ឋ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបរសេដ្ឋ ដោយមានការចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អភិបាលរងស្រុកបរសេដ្ឋ មន្ទីរនិងការិយាល័យជំនាញ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងប៉ុស្តិ៍រដ្ឋបាល ទូទាំងស្រុកបរសេដ្ឋ ប្រមាណ១០០នាក់។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីជួយពង្រឹងការងារ និង ស្តាប់អំពីបញ្ហាប្រឈមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្វែងយល់អំពីការងារសេសសល់ពីអាណត្តិមុន និងការងារត្រូវធ្វើ ឬបន្តធ្វើនៅអាណត្តិនេះ។
បន្ទាប់ពីការធ្វើមតិស្វាគមន៍របស់លោក សៅ រិទ្ធ អភិបាលរងស្រុកបរសេដ្ឋមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានដឹកនាំការប្រជុំដោយអនុញ្ញាតឱ្យមេឃុំឡើងធ្វើរបាយការណ៍។ ក្នុងនោះឃុំចំនួន១៤ លើ១៥បានឡើងរាយ ការណ៍អំពី ការអភិវឌ្ឍក្នុងឃុំ សន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាដែលជួបប្រទះដើម្បីស្នើសុំដំណោះស្រាយ។ ជារួម នៅគ្រប់ឃុំមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើន។ បញ្ហាប្រឈមដែលឃុំជួបប្រទះ និងលើកឡើងមាន : អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ បរិស្ថាន ផ្លូវ អគ្គិសនី ធនធានទឹក និងគ្រោះថ្នាក់ចរាចរណ៍។
ជាដំណោះស្រាយ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោកប្រធានមន្ទីរធនធានទឹកឡើងឆ្លើយបំភ្លឺ និងចូលរួមដោះស្រាយ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីស្តាប់របាយការណ៍ យើងអាចក្តាប់បាននូវបញ្ហានៅតាមឃុំ។ ដូច្នេះ យើងនឹងពិគ្រោះជាមួយក្រុមការងារឃុំ ដើម្បីចេញជាដំណោះស្រាយដល់ប្រជាពលរដ្ឋ។ បញ្ហាបរិស្ថាន គឺកសិដ្ឋាន ខ្វះការវេចខ្ចប់។ មន្រ្តីយើងត្រូវខិតខំដោះស្រាយ។ ការិយាល័យបរិស្ថាន កសិកម្ម និងសាលាស្រុកត្រូវចុះទៅពិនិត្យថាទីតាំងកសិដ្ឋាននោះបានធ្វើតាមច្បាប់ទេ និងត្រូវណែនាំឱ្យធ្វើការកែលម្អ។ ចំណែក រឿងធនធានទឹក ផ្លូវ អគ្គិសនី យើងទាក់ទងទៅខេត្ត ដើម្បីបញ្ជាក់ថាគម្រោងនឹងលើកយកទៅអនុវត្តពេលណា? ឯបញ្ហាអត្រានុកូល ដ្ឋាន យើងបានដឹងថា មានការខ្វះខាតទម្រង់បែបបទច្រើន។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យយុវជនចូលរួមបានច្រើន គួររៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយ បន្ទាប់មក ចាំធ្វើការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់បញ្ជាក់ជូនសមាជិកអង្គប្រជុំឱ្យទុកចិត្តលើរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានគោលដៅកាន់អំណាចយូរអង្វែង។ ដូច្នេះ មន្ត្រីរបស់យើងត្រូវខិតខំដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមប្រឆាំង អត់អាចរស់ឡើងវិញទេ។ ឥឡូវនេះក្រុមប្រឆាំងមានតែផ្លូវ២ទេគឺ ១) ចូលរួមលើកស្ទួយប្រជាធិបតេយ្យដោយចូលរួមក្នុងការ បោះឆ្នោត និង២) ចូលរួមជាក្រុមឧទ្ទាម ដែលនឹងទទួល ការបង្រ្កាប។ បើបង្កចលាចលយើងនឹងបង្រ្កាបមិនឱ្យមានជាដាច់ខាត។ ហើយបើប្រព្រឹត្តខុសច្បាប់ យើងនឹងអនុវត្តច្បាប់ ហើយធ្វើការបង្ក្រាបភ្លាមៗ។