
នៅរសៀល ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀងឆមាសទី២ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល (AHF និងCPN+) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៥០នាក់។
សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិ តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់អង្គសិក្ខាសាលាថា កម្ពុជាយើងជាប្រទេសមួយក្នុងចំណោមប្រទេស៧ នៅលើពិភពលោក ដែលបានសម្រេចគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០១៧។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ យើងមានការបារម្ភដោយសារនិន្នាការកម្រើកឡើងវិញនៃមេរោគអេដស៍។
ក្នុងនោះ គេសង្កេតឃើញថាមានការកើនឡើងនៅក្នុង ចំណោមក្រុមបុរសស្រឡាញ់បុរស (MSM)។ សម្តេចតេជោ បានប្រកាសឱ្យប្រយ័ត្នចំពោះការកម្រើកឡើង វិញនៃមេរោគអេដស៍។ ហើយនៅពេលជួបកម្មករ សម្តេចតេជោតែងតែប្រកាសឱ្យមានការប្រយ័ត្ន និងសូមឱ្យធ្វើការប្រយុទ្ធនឹងជំងឺអេដស៍ទៅជាចរន្តជាតិ។ យើងអាចធ្វើការប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យដោយមន្ទីរជំនាញពេលចុះធ្វើការងារ ចុះជួបកម្មករ ការងារពលកម្ម អនាម័យ សុខភាព ដាក់បញ្ចូលការបង្ការមេរោគអេដស៍ជាមួយផង។ ឯមន្ទីរទេសចរណ៍ ពេលចុះទៅតាមហាងខារ៉ាអូខេ ជួយណែនាំនារីបម្រើសេវាឱ្យប្រយ័ត្ន ទៅធ្វើ តេស្តឈាម ប្រើស្រោមអនាម័យ និងឱ្យប្រយ័ត្ន ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពក្នុងការរួមភេទ។ ក្រៅពីការងារថែទាំ និងព្យាបាល ការងារបង្ការឆ្លងថ្មី ការមាក់ងាយរើសអើងជាការងារពហុវិស័យ។ ការងារដែលអាជ្ញាធរចង់ឱ្យធ្វើគឺ ការបញ្រ្ជាបការងារអេដស៍ទៅដល់ឃុំ សង្កាត់ ដោយយកគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ យើងកំពុងគិតគូរក្នុងការកែសៀវភៅក្រហម ដើម្បីឱ្យយកថវិកាប្រើប្រាស់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍បាន។
បន្ទាប់ពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តធ្វើបទបង្ហាញអំពីវឌ្ឍនភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍មក អង្គសិក្ខាសាលាក៏បានដឹងអំពីបទពិសោធន៍ជោគជ័យក្នុងការប្រយុទ្ធនឹងមេរោគអេដស៍នៅខេត្តស្វាយរៀង។ ក្នុងនោះ មានការជៀសវាងនូវការរើសអើង និងការចេញវេជ្ជបញ្ជាមិនបាច់បញ្ជាក់ថាមានជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកពីបទពិសោធន៍នៅស្រុកសូទ្រនិគម ដែលមន្ទីរពេទ្យបង្អែកឱ្យអ្នកជំងឺអេដស៍មកទទួលសេវាព្យាបាលជាមួយអ្នកជំងឺទូទៅ។
ជាមួយគ្នានោះ ឯកឧត្ដមវេជ្ជបណ្ឌិត ទា ផលា ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី និងឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ បានសួរបញ្ជាក់ និងស្នើសុំឱ្យបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ សេវាតេស្តឈាម ការសម្របសម្រួល និងការធានានិរន្តរភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ក្នុងខេត្ត។ មុននឹងបញ្ចប់សិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្ត្រី
បានបញ្ជាក់ថា ហេតុដែលយើងចង់ឱ្យអ្នកផ្ទុកមេរោគអេដស៍ទទួលបានអត្តសញ្ញាណប័ណ្ណក្រីក្រ ដោយសារតាមការស្រាវជ្រាវរបស់UNDP រកឃើញថា អ្នកជំងឺអេដស៍ភាគច្រើនក្រជាងអ្នកក្រធម្មតា។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសរសើរគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្វាយរៀង ដោយមានប្រសាសន៍ថា យើងមានការកក់ក្តៅចំពោះការខិតខំរបស់ខេត្ត។ ក្នុងនោះឯកឧត្ដមក៏បានផ្តាំឱ្យពិនិត្យ មើលចំពោះអ្នកឆ្លងថ្មី បើឃើញសូមធ្វើការថែមទៀត ដូចជាការសិក្សាអំពីប្រវត្តិរបស់គាត់ ថាតើជាអ្នកជំងឺចាស់ ឬថ្មី។ ហើយពេលចុះទៅធ្វើការ អាចនិយាយអប់រំបង្ការការប្រើអំពើហិង្សា ការប្រើគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ដោយដាក់បញ្ហាអេដស៍ចូលផង និងសិក្សាកែសម្រួលខ្ទង់ណាដើម្បីឱ្យការងារអេដស៍ប្រើថវិកាបាន។