
នៅរសៀល ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ គណៈកម្មា ធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ ឆមាសទី២ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។ សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោកកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល (AHF MHC & KWWA) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៥០នាក់។
សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិ តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមអភិបាលរង ខេត្តមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងធ្វើការព្យាបាល និងថែទាំអ្នកជំងឺអេដស៍តាមប្រព័ន្ធសុខាភិបាល។ តែជំងឺអេដស៍ត្រូវធ្វើការជាពហុវិស័យ ក្នុងការបង្ការ និងទប់ស្កាត់ការមាក់ងាយរើសអើង។ តាមប្រសាសន៍សម្តេចតេជោការងារអេដស៍យើងធ្វើរង្គើពីសក់ក្បាលដល់ចុងជើង។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលចូលរួមធ្វើការទាំងអស់គ្នា។ ការងារប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យកម្ពុជាយើងធ្វើបានជោគជ័យ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជួយក្រសួងសុខាភិបាលធ្វើការរួមគ្នា។ នៅតាមបណ្តាខេត្ត ដូចជាមន្ទីរទេសចរណ៍ពេលចុះទៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តសប្បាយ កុំភ្លេចរំឭកបុគ្គលិកនៅតាមទីតាំងនោះឱ្យបង្ការកុំឱ្យឆ្លងមេរោគអេដស៍ផង។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាចជួយក្នុងការផ្សព្វផ្សាយច្បាប់កុំឱ្យមានការរើសអើងនឹងអ្នកជំងឺអេដស៍។ ការមិនរើសអើងនឹងអ្នកជំងឺអេដស៍គឺត្រូវធ្វើទាំងអស់គ្នា។ យើងត្រូវនាំគ្នាអប់រំឱ្យប្រជាជនចេះការពារខ្លួន។ បើសង្ស័យថាអាចឆ្លងត្រូវទៅធ្វើតេស្តឈាម និងត្រូវប្រើស្រោម អនាម័យដើម្បីការពារខ្លួន។ អ្នកជំងឺអេដស៍មិនដូចជំងឺដទៃទេ ពួកគាត់ខ្មាស់គេ មិនខ្លាចស្លាប់ និងមិនព្យាយាមទៅទទួលសេវាព្យាបាលទេ។
បន្ទាប់មក លោកប្រធានមន្ទីរបានសង្ខេបអំពីការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងខេត្ត ហើយតំណាងមន្ទីរសុខាភិបាល និងតំណាងអង្គការAHF ឡើងធ្វើបទបង្ហាញអំពីការប្រយុទ្ធនឹងជំងឺអេដស៍នៅខេត្តត្បូងឃ្មុំ។ ជាមួយនោះ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរបានសួរបញ្ជាក់អំពីតួលេខនៃចំនួនកន្លែង និងនារីបម្រើសេវាកម្សាន្ត ការអប់រំផ្សព្វផ្សាយ ព្រមទាំងការធ្វើតេស្តឈាម រកមេរោគអេដស៍ផងដែរ។ ឯកឧត្តមអនុប្រធានក៏បានបង្ហាញអំពីនិន្នាការរួមភេទ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ក្រុមបុរសស្រឡាញ់បុរស ដែលនាំឱ្យមានការកើនឡើងអត្រាឆ្លងថ្មីគួរឱ្យព្រួយបារម្ភ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា សព្វថ្ងៃការងារអេដស៍ជារួមយើងជោគជ័យ យើងបានសម្រេចគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧។ យើងសង្ស័យថាអ្នកជំងឺអេដស៍មានប្រមាណជាង ៧ម៉ឺននាក់។ ក្នុងនោះអ្នកមកទទួលការព្យាបាលបានជាង៦ម៉ឺននាក់ គឺប៉ាន់ប្រមាណថាបាត់ចំនួនជាង១ម៉ឺននាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រឿងជំងឺអេដស៍យើងមិនអាចនៅស្ងៀមព្រងើយកន្តើយបានទេ ព្រោះអាចងើបឡើងវិញ។ យើងព្រួយបារម្ភថាការឆ្លងកំពុងកើនឡើងក្នុង ចំណោមបុរសស្រឡាញ់បុរស។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំថា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យយើងអាចរួមគ្នាជួយដោយ :
១) គ្រប់ក្រសួងធ្វើតាមតួនាទីរៀងៗខ្លួន ដោយជួយអប់រំឱ្យចេះការពារខ្លួន និងបង្ការការរីករាលដាលជំងឺអេដស៍។
២) នៅពេលធ្វើតេស្តឃើញថាមានការឆ្លងថ្មី សូមធ្វើការសិក្សាពីប្រវត្តិរបស់អ្នកជំងឺផង ដើម្បីដឹងថាគាត់ជាអ្នកទើបឆ្លងថ្មី ឬជាអ្នកដែលឆ្លងយូរហើយ។
៣) យើងកំពុងស្នើសុំឱ្យមណ្ឌលសុខភាពអាចយកថវិកាមកចាយក្នុងការងារអេដស៍បាន។
៤) យើងក៏នឹងទម្លាក់ការងារអេដស៍មកថ្នាក់ក្រោមជាតិ ឱ្យដល់ឃុំសង្កាត់ ដោយដាក់បញ្ចូលទៅក្នុងគោល នយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។