
នាព្រឹក ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាវាយតម្លៃលើឧបសគ្គផ្នែកច្បាប់ និងគោលនយោបាយ ក្នុងការទទួលបានសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម របស់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័ន តំណាងអង្គការយូអិនអេដស៍ (UNAIDS) តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (KHANA, Youth Voices Count, MHC, CAM-ASEAN Youth's Future, MHSS, Media One, Micro Rainbow International Foundation) ប្រមាណ ៦០នាក់។
កិច្ចប្រជុំនេះសហការរៀបចំដោយអង្គការខាណា (KHANA) អង្គការយូអិនអេដស៍ (UNAIDS) និងអង្គការធ្វើការងារជាមួយអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើឡើងដើម្បីផ្សព្វផ្សាយពីលទ្ធផលនៃរបកគំហើញលើការសិក្សាវាយតម្លៃពីឧបសគ្គក្នុងការទទួលបានសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ពាក់ព័ន្ធនឹងទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការស្វែងយល់បន្ថែមលើការកំណត់ទិសដៅអាទិភាព និងដំណោះស្រាយរួមគ្នារបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធចំពោះបញ្ហា ឬតម្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃលើឧបសគ្គក្នុងការ ទទួលសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ដែលផ្តោតសំខាន់លើទិដ្ឋភាពផ្នែកច្បាប់ និងគោល នយោបាយនៅកម្ពុជា ដែលសហការ រៀបចំដោយអង្គការខាណា (KHANA) អង្គការយូអិនអេដស៍ (UNAIDS) និងអង្គការធ្វើការងារជាមួយអ្នកស្រឡាញ់ភេទដូចគ្នា ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើចំណុចសំខាន់ៗសង្ខេបដូចខាងក្រោមថា ៖
១) ជាលើកទី១ តាមសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស រាជរដ្ឋាភិបាលទទួលស្គាល់គុណសម្បត្តិរបស់អង្គការសង្គមស៊ីវិលក្នុងការរួមចំណែកប្រយុទ្ធនឹងជំងឺអេដស៍។
២) សង្គមកម្ពុជាមិនមានភាពតានតឹង រើសអើងចំពោះអ្នកស្រឡាញ់ ភេទដូចគ្នាទេ ដូចជានៅតាមភូមិមានការធ្វើពិធីឱ្យរស់នៅជាមួយគ្នា។
៣) អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មិនហាម ប្រាមចំពោះការស្រឡាញ់ភេទដូចគ្នាទេ តែសូមអំពាវនាវឱ្យមានការចូលរួមក្នុងការការពារការរីករាលដាលជំងឺអេដស៍ដោយប្រើស្រោមអនាម័យ។
៤) សូមរាយការណ៍មកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើសិនជា មានករណីការរើសអើងក្នុងការរើសអ្នកចូលធ្វើការដោយសារតែការ ស្រឡាញ់ភេទដូចគ្នា។
៥) កម្ពុជាមានច្បាប់ដែលយើងមិនអាចធ្វើការកែប្រែបាន។ យើងមិន ទាន់អាចធ្វើដូចជានៅបស្ចិមប្រទេស ដែលអនុញ្ញាតឱ្យអ្នកស្រឡាញ់ ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍។ ច្បាប់អាពាហ៍ពិពាហ៍កម្ពុជាយើង និយាយតែរឿងប្រុសនិងស្រី។ ប៉ុន្តែ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អាចជួយក្នុងការពិភាក្សា និងសិក្សាអំពីការចុះកិច្ចសន្យារស់នៅ ជាមួយគ្នាតាមច្បាប់រដ្ឋប្បវេណីបាន។