
នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របកគំហើញលើលទ្ធភាពបញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ នៅសណ្ឋាគារសាន់វ៉េ។
សិក្ខាសាលានេះរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ និងទទួលការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) PEPFAR និង HP+/Palladium។ សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួង សុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី តំណាងដៃគូអភិវឌ្ឍន៍ (USAID, PEPFAR, UNAIDS, WHO, UNDP & HP+) តំណាងរដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង បាត់ដំបង កណ្តាល តំណាងអង្គការសង្គមស៊ីវិល (CPN+, HACC, KHANA, FHI, CHEC, CRS, RHAC, BfH, PC, MHC & AUA) ប្រមាណ១០០នាក់។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាត្រូវបានអង្គការសហប្រជាជាតិប្រគល់ជូនពានរង្វាន់ស្តីពីការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទី៦ ក្នុងការបង្ការនិងថែទាំមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ២០១១ និងការសម្រេចបានគោលដៅ៩០-៩០-៩០ ក្នុងចំណោមប្រទេស៧នៅលើពិភពលោក (បុតស្វាណា កម្ពុជា ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអ៊ែត សិង្ហបុរី និងចក្រភពអង់គ្លេស) ជាលើកទី២ កាលពីឆ្នាំ២០១៧។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះយើងនៅមានបញ្ហាប្រឈមជាច្រើនដែលមានជាអាទិ៍៖ ១) កំណើននៃការចម្លងមេរោគអេដស៍លើក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ និងក្រុម យុវវ័យ ២) ការស្វែងរកឱ្យឃើញអ្នកផ្ទុកមេរោគអេដស៍ប្រមាណមួយម៉ឺននាក់ដែលបាត់ខ្លួន ឬមិនមកទទួលសេវា និង៣) កង្វះរបាយការណ៍ពីមន្ទីរពេទ្យឯកជន អំពីការ អនុវត្តកម្មវិធីកាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ក្រោយពេលរាជរដ្ឋាភិបាលដាក់ចេញនូវ គោលនយោបាយ៧ចំណុចក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងវិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោមនេះ ៖
១) រៀបចំនិយាមប្រតិបត្តិស្តីពីការដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ និងផែនការវិនិយោគឃុំនៅឆ្នាំ២០១៧
២) រៀបចំសៀវភៅបណ្ដុះបណ្ដាលស្តីពីបរិយាកាសគាំទ្រ ច្បាប់ និងគោលនយោបាយក្នុងការ គាំទ្រការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ នៅដើមឆ្នាំ២០១៩
៣) ដឹកនាំ និងសម្របសម្រួលការងារបញ្ជ្រាបការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងវិនិយោគ ឃុំ សង្កាត់ និងការផ្តល់ប័ណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនងាយរងគ្រោះ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្គត់ធ្ងន់ថា ក្នុងបរិបទដែលយើង“មិនត្រូវទុកអ្នកណានរណាម្នាក់ចោល”នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យមាន “ចរន្តជាតិ” ដើម្បីបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ដែលជាការគំរាមកំហែងចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០២៥។ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវផែនការយុទ្ធសាស្ត្រជាតិ លើកទី៥ សម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យនឹងមេរោគអេដស៍ និងជំងឺអេដស៍ដែលនឹងត្រូវដាក់ ជូនកិច្ចប្រជុំពេញអង្គនៅដើមខែវិច្ឆកា ឆ្នាំ២០១៩ខាងមុខនេះ។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានសកម្ម ដើម្បីរកធាតុចូលសំដៅបិទគម្លាតនៃការបង្ការការព្យាបាល និងការគាំទ្រ ជាពិសេស ការគាំពារសង្គមនៅថ្នាក់មូលដ្ឋាន ហើយមណ្ឌលសុខភាព និងក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើការជាមួយអ្នកស្ម័គ្រចិត្តសហគមន៍ និងអង្គការសង្គមស៊ីវិលដើម្បីឱ្យអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះទាំងអស់អាចចូលរួម និងទទួលបានសេវាសាធារណៈប្រកបដោយគុណភាព ដោយគ្មានការភ័យខ្លាច គ្មានការរើសអើងអ្វីទាំងអស់ ដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ដែលជាការវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា www.youtu.be/ESVZznCMxig
ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក www.youtu.be/16yQW4qY44I