
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (អ.ជ.ប.ជ.អ)។
ក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិគឺជា រចនាសម្ព័ន្ធថ្នាក់បច្ចេកទេសរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានសមាជិកសមាជិការថ្នាក់បច្ចេកទេសរបស់ខ្លួន ជាតំណាងពីស្ថាប័នឬ អង្គភាពរបស់រាជរដ្ឋាភិបាល ស្ថាប័ននិតិប្រតិបត្តិ តំណាងក្រុមប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ និងរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
ក្រុមប្រឹក្សាបច្ចេកទេស អ.ជ.ប.ជ.អ មានមុខងារផ្តល់ការចូលរួមកំរិតបច្ចេកទេស
ដើម្បីឆ្លើយតបក្នុងការប្រយុទ្ធនឹងការកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងចូលរួមចំណែកលើកកំពស់ការផ្តល់សេវាថែទាំព្យាបាលជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ មេរោគអេដស៍ ដើម្បីអ្នកជំងឺអាចទទួលការព្យាបាល កាន់តែជាប់លាប់ មានប្រសិទ្ធភាព កាត់បន្ថយបរិមាណមេរោគអេដស៍នៅក្នុងឈាម ការពារកុំអោយមានភាពស៊ាំទៅនឹងថ្នាំប្រឆាំងមេរោគអេដស៍ ដែលអ្នកជំងឺត្រូវព្យាបាលពេញក្នុងមួយជីវិត។
ក្នុងនាមប្រធានស្ថាប័នជាតិសម្របសម្រួលពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការ កោតសរសើរចំពោះសមាជិកសមាជិការ នៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានចូលរួមចំណែក ផ្តល់គំនិតយោបល់ និងអនុវត្តគោលនយោបាយផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពនៅក្នុងវិស័យនៃផ្នែករៀងៗខ្លួន ព្រោះថាការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវការការចូលរួមទទួលខុសត្រូវ របស់សាម៉ីបុគ្គល ក្រុមគ្រួសារ សហគមន៍ ស្ថាប័ន និងវិស័យទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ជូនដល់ឯកឧត្តម តែង គន្ធី អគ្គលេខាធិការ ដែលលោកបាន ចំណាយពេលវេលា កំលាំងកាយ កំលាំងចិត្ត ដឹកនាំសម្របសម្រួលក្រុមប្រឹក្សាបច្ចេកទេស ក្នុងតំណែងជាអគ្គលេខាធិការ រហូតពេលឯកឧត្តមត្រូវចូលនិវត្តន៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត ដែលទើបបានត្រូវតែងតាំងថ្មី ដឹកនាំសម្របសម្រួលក្រុមប្រឹក្សាបច្ចេកទេសតាមលំអានល្អៗ និងវិធីសាស្រ្តថ្មីៗក្នុងនាមជា សេនាធិកាបច្ចេកទេសរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ បាយ័ន www.youtu.be/MpYA7g7G60M
ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក www.youtu.be/Hy9i7CyO89w
ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា www.youtu.be/OWpluNtL-zg