
នៅស្រុកបរសេដ្ឋខេត្តកំពងស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅទូទាំងស្រុកបរសេដ្ឋក្នុងទិវាគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ "គុណភាពគ្រូជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល"។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោក ជំទាវ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកឃុំ អភិបាល អភិបាលរងស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងអស់លោក លោកស្រីជា គ្រូបង្រៀនមកពីឃុំទាំង១៥នៃស្រុកបរសេដ្ឋចំនួនប្រមាណជាង២០០នាក់ផងដែរ។
បន្ទាប់ពីលោកប្រធានស្តីទីបក្សស្រុកឡើងធ្វើរបាយ ការណ៍មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងយកថ្ងៃ៥តុលាជាទិវារំឭកគុណគ្រូ។ យើងគោរពគ្រូ ហើយតែងតែរំឭកគុណគ្រូ។ នេះជាប្រពៃណី និងជាទម្លាប់កុំឱ្យកូន ចៅភ្លេចគុណគ្រូ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលភ្ជុំបិណ្ឌកន្លងទៅនេះ នៅភ្នំពេញស្ងាត់។ ទេសចរណ៍ផ្ទៃក្នុងប្រទេសរីកចម្រើន និងចេះនាំគ្នាទៅធ្វើបុណ្យ។ បើតាមការបកស្រាយរបស់សម្តេចតេជោគឺមានចំណុច៤ : ១) សន្តិភាព ២) ហេដ្ឋារចនា សម្ព័ន្ធល្អ ៣) ប្រជាជនមានមធ្យោបាយធ្វើដំណើរ ៤) មានប្រាក់ចំណូលល្មមសមរម្យអាចដើរលេងបាន។ រឿងនេះគឺផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងដែលថា ប្រទេសកំពុងចលាចល រំលោភអំណាច និងជិះជាន់ប្រជាជន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សម រង្ស៊ី មិនមានសមត្ថភាពដឹកនាំប្រទេសទេ។ សូម្បីតែក្នុងគណបក្សគាត់មិនអាចប្រមូលឱ្យចូលគ្នាតែមួយទេ។ គាត់ប្រកាសថាចូលស្រុកថ្ងៃ៩វិច្ឆិកា តែមិនមានការឯកភាពពីក្រុម កឹម សុខា។ ហើយជាមួយនេះ អ្នកទៅទទួលសម រង្ស៊ីត្រូវមានទោស។ ប៉ុន្តែ យើងនឹងយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃហូបអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះ យើងកុំទៅជ្រួលជ្រើមជាមួយពួកម្រាមដៃ៩។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើលោកគ្រូអ្នកគ្រូឱ្យប្រុង ប្រយ័ត្នកុំជឿតាមការឃោសនាថា សម រង្ស៊ី ឡើងកាន់អំណាចនាំឱ្យរីកចម្រើន។ បច្ចុប្បន្ន ជម្រើសចំពោះអ្នកប្រឆាំងគឺ ១) គាំទ្រការផ្តួលរំលំរបបតាម សម រង្ស៊ី គឺគេចមិនរួចពីគុគទេ និង ២) ស្រឡាញ់ប្រជាធិបតេយ្យ ចូលរួមក្នុងការ បោះឆ្នោត។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តែផ្តាំលោកគ្រូ អ្នកគ្រូឱ្យណែនាំសិស្ស និងកូនចៅកុំឱ្យជឿតាមការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំង និងឱ្យរក្សាបរិស្ថានអនាម័យនៅតាមភូមិឃុំ។
បន្ទាប់ពីបញ្ចប់ការប្រារព្ធពិធីគ្រូបង្រៀន ៥តុលាមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារចុះជួយស្រុកបរសេដ្ឋ។ ឯកឧត្តមទេសរដ្ឋ មន្ត្រីបានណែនាំក្រុមការងារ និងរដ្ឋបាលស្រុកឃុំឱ្យយកចិត្តទុកដាក់លើសកម្មភាពក្រុមប្រឆាំងឆ្ពោះទៅថ្ងៃ៩វិច្ឆិកា។ ពួកគេប្រុងចូលមកដើម្បីធ្វើរដ្ឋប្រហារ។ សម រង្ស៊ី ធ្វើបានឬមិនបានគឺអាស្រ័យដោយថ្នាក់ក្រោមជាតិ។
ក្រោយពីលោកប្រធានស្តីទីបក្សស្រុកធ្វើរបាយ ការណ៍ប្រចាំខែកញ្ញា និងមេឃុំឡើងរាយការណ៍អំពីស្ថានភាពនៅតាមឃុំមក ឯកឧត្តម សត្យា វុធ បានណែនាំថាកុំឱ្យតម្លៃលើពួកឧទ្ទាម។ ឯកឧត្តមបានស្នើបក្សស្រុកថា ពេលប្រជុំ សូមធ្វើរបាយការណ៍អំពីលទ្ធផល និងដាក់ទិសដៅការងារ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរស្រុកឃុំត្រៀមរៀបចំពិធីអបអរសាទរពិធីអកអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩វិច្ឆិកា។ ឯនៅតាមឃុំត្រូវបន្តរៀបចំទិវាគ្រូបង្រៀន ដើម្បីបន្តផ្សព្វផ្សាយទៅគ្រូបង្រៀន។ ជាមួយគ្នានេះ ត្រូវខំដោះស្រាយការងារបរិស្ថានតាមឃុំ នៅតាមសាលា រៀន និងរោងចក្រ។ ហើយនៅពេលប្រជុំធ្វើកំណត់ ហេតុសង្ខេប និងធ្វើសេចក្តីសន្និដ្ឋានផងដែរ។