
ក្នុងនាមប្រទេសបារាំង ជាប្រទេសផ្តល់ជំនួយហិរញ្ញវត្ថុច្រើនជូនមូលនិធិសាកលលំដាប់ទី២ និង ជាប្រទេសម្ចាស់ផ្ទះរៀបចំសន្និសីទ លោកប្រធានាធិបតីបារាំង Emmanuel Macron បានគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមសន្និសីទ រៃអង្គាសថវិកាលើកទី៦ នៅទីក្រុងលីយ៉ុង ប្រទេសបារាំង។
ឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកប្រធានាធីបតីបារាំង សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកលនៃមណ្ឌលតំណាងតំបន់បាស៊ីហ្វិកខាងលិច ជាតំណាងដ៏ខ្ពង់ខ្ពស់ ទៅចូលរួមកិច្ចសន្និសីទរៃអង្គាសថវិកា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៩ នេះ នៅទីក្រុងលីយ៉ុង ប្រទេសបារាំង។
គួររំលឹកថា សន្និសីទនេះ ជាសន្និសីទអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងត្រូវបានរៀបចំរៀងរាល់៣ឆ្នាំម្តង ក្នុងគោលបំណងប្រមូលផ្តុំប្រទេសអ្នកផ្តល់ជំនួយ វិស័យឯកជនអន្តរជាតិ អង្គការសង្គមស៊ីវិល និង ប្រទេសទទួលជំនួយនានា ដើម្បីរៃអង្គាសថវិកាជូនមូលនិធិសាកលសំរាប់ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។ ថវិកាដែលនឹងទទួលបានពីការៃអង្គាសនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅទូទាំងពិភពលោក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ។