
នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយក អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា (អង្គការ UNAIDS )។
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកស្រីវេជ្ជបណ្ឌិតនាយកអង្គការ បានពិភាក្សា និង ផ្លាស់ប្តូរព័ត៌មានមានអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពលើ៖
ក-ការបញ្ចប់ទាំងស្រុងការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ក្រោមមគ្គុទេសដឹកនាំដ៏ថ្លៃថ្លា និងការគាំទ្រ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងអភិវឌ្ឍន៍នៅកម្ពុជា។
ខ-លទ្ធផលប្រជុំរៃអង្គាសមូលនិធិសំរាប់មូលនិធិសាកលនៅទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ២០១៩ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញទៅចូលរួម។ លទ្ធផលប្រកាសចុងក្រោយ មូលនិធិសាកលបានទទួលការសន្យាផ្តល់មូលនិធិ ១៤,០២៨.៨៦ លានដុល្លាសហរដ្ឋអាមេរិក ពីម្ចាស់ជំនួយចំនួន៧៥ រួមមានរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិ។ ម្ចាស់ជំនួយចំបងៗរួមមាន៖
1. សហរដ្ឋអាមេរិក ចំនួន ៤,៦៨០ លានដុល្លារ
2. អង់គ្លេស ១,៧១៦ លានដុល្លារ
3. បារាំង ១,៤២៩ លានដុល្លារ
4. អាល្លឺម៉ង់ ១,១០២ លានដុល្លារ
5. ជប៉ុន ៨៤០លានដុល្លារ
6. លោក ប៊ីល ហ្គេត ៧៦០លានដុល្លារ
7. កាណាដា ៦៩៩លានដុល្លារ
8. សហភាពអឺរ៉ុប ៦០៦លានដុល្លារ។
គ-ការប្រារពទិវាប្រយុទ្ធនឹងជំងឺអេដស៍ពិភពលោក ក្រោមប្រធានបទ តួនាទី របស់សហគមន៍ក្នុងការប្រយុទ្ធនឹងការចម្លងរាលដាលមេរោគ និងឆ្លើយតបទៅនឹងជំងឺអេដស៍។
ឃ-ការសម្របសម្រួលភារកិច្ច ទទួលទស្សនកិច្ចរបស់ ឯកឧត្តម Donald Kaberurka ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកលនៅព្រះរាជាណាចក្រកម្ពុជា។
ង-ស្នើសុំកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមផែនការរបស់ទីក្រុងក្នុងការបញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័ស នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។
ច-ការកែសម្រួលសមាសភាព និងការដឹកនាំក្រុមការងារបច្ចេកទេសដៃគូអភិវឌ្ឍន៍ប្រយុទ្ធនឹងជំងឺអេដស៍ ស្នើសុំដោយអង្គការជាដៃគូអភិវឌ្ឍន៍ ។