
បរសេដ្ឋ : នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយ ទី៣៣។ ពិធីនេះមានការចូលរួមពីឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម និងអស់លោកជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ គណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋ និងសិក្ខាកាមចំនួន១២០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកប្រធានស្តីទីគណបក្សស្រុកមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថ្លែងនូវការអបអរសាទរចំពោះសិក្ខាកាមដែលមកទទួលការអប់រំនយោបាយគណបក្សនៅពេលនេះ។ ឯកឧត្ដមបានបញ្ជាក់ថា សិក្ខាកាមទាំង១២០នាក់ដែលកំពុងចូលរួមវគ្គអប់រំនេះ គឺជាសកម្មជនប្រយុទ្ធរបស់គណបក្សយើង។ ការដែលសិក្ខាកាមយល់ដឹងពីប្រវត្តិរបស់គណបក្ស នាំឱ្យស្គាល់ពីប្រវត្តិនៃការខិតខំ និងការតស៊ូរបស់គណបក្ស។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ ធ្ងន់ថា គណបក្សយើងមានគោល បំណងកាន់ អំណាចយូរអង្វែងទៅមុខ។ ការកាន់អំណាចរបស់គណបក្សយើងគឺផ្អែកលើការគាំទ្ររបស់ប្រជាជន បម្រើផលប្រយោជន៍ប្រជាជន ការគោរពនីតិរដ្ឋ ឈរលើមូលដ្ឋានរក្សាសន្តិភាព និងការអភិវឌ្ឍ។ យើងបម្រើ ប្រជាជន ដោយការកសាងសុវត្ថិភាព សន្តិភាព និងមិនអនុញ្ញាតឱ្យមានចលាចល ខ្វះសណ្តាប់ធ្នាប់ឡើយ។ ឯកឧត្តមក៏បានសង្កត់បញ្ជាក់ថា បើគ្មានសន្តិភាពកុំនិយាយពីសិទ្ធិ មនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ យើងក៏យកព្រំដែនរបស់យើងឱ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ វិធីដែលល្អគឺថែរក្សាភាពសុខដុមរមនាជាមួយប្រទេស ជិតខាង។ យើងកសាងព្រំដែននៃការអភិវឌ្ឍសេដ្ឋកិច្ច និងជាព្រំដែនអ្នកជិតខាងល្អ។ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែន ជាការងារនៃការបញ្ជាក់ពីព្រំប្រទល់ពិតបា្រកដ ដើម្បីកុំឱ្យមានការរំលោភពីប្រទេសជិតខាង។ យើងបោះបង្គោលព្រំដែនបាន៨៤% ជាមួយប្រទេសវៀតណាមហើយ។ បង្គោលព្រំដែនដែលភាគីកម្ពុជាវៀតណាមទទួលស្គាល់មាន៨៤% ហើយ ដូច្នេះនៅសល់១៦%ទៀតដែលយើងត្រូវចរចា និងធ្វើបន្ត។
ឯកឧត្តមក៏បានបន្តថា ប្រទេសយើងសព្វថ្ងៃប្រកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ ព្រះករុណា សីហមុនីធ្វើកិច្ចការមនុស្សធម៌ច្រើនណាស់ ព្រះអង្គមិនលូកដៃក្នុងនយោបាយទេ។ ព្រះអង្គតំណាងអធិបតេយ្យភាព និងមិនចូលប្រលូកក្នុងនយោបាយទេ។ សម រង្ស៊ីមិនគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយប្រមាថព្រះមហាក្សត្រ និងបំផុសប្រជាជនឱ្យព័ទ្ធផ្ទះមេភូមិ ព័ទ្ធប៉ុស្តិ៍ ប៉ូលីស។ យើងឃើញថា សម រង្ស៊ីបានវាយតម្លៃខុស នាំឱ្យប្រកាន់គោលនយោបាយខុស។ ការវាយតម្លៃខុសនោះមាន : ១) ពីមុនគេថាស្រុកខ្មែរជាស្រុកយួន ឥឡូវថាជាស្រុកចិន ២) គេថា អ្នកមានអំណាចរំលោភជិះជាន់ប្រជាជន និង ៣) គេថា ខ្មែរកាន់តែក្រទៅៗ។ ដូចយើងបានដឹង ក្នុងពិភពលោករបបណាក៏ដោយ បើគ្មានការគាំទ្ររបស់ប្រជាជនមិនអាចរស់បានទេ។ បើនិយាយពីរឿងក្រ ឆ្នាំ១៩៧៩យើងក្រទាំងអស់គ្នា។ ឥឡូវយើងមានមាស៣០តោនតម្កល់នៅក្នុង និងក្រៅប្រទេស។ ពួកប្រឆាំងយករឿងជំពាក់ធនាគារមកនិយាយថាជាភាពក្រីក្រ។ ប៉ុន្តែលើពិភពលោកនេះ អាម៉េរិកជំពាក់លុយគេច្រើនជាងគេ។ ឯសិង្ហបុរីជំពាក់លុយគេច្រើនជាងគេនៅអាស៊ាន។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ជម្រើសរបស់បក្សប្រឆាំងពេលនេះមានតែ២ទេគឺ : ១) ដើរតាមគន្លងប្រជាធិបតេយ្យ ដោយថ្នាក់ដឹកនាំខ្លួនអាចសុំសិទ្ធិធ្វើនយោបាយ ហើយមកចូលរួមក្នុងការបោះឆ្នោត ឬ ២) ធ្វើដូច សម រង្ស៊ី (អនុវត្តឧបាយ កលធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់) នោះពេលចូលមកនឹងជាប់គុកច្រវាក់ គេចមិនផុតទេ។
នៅទីបញ្ចប់ ឯកឧត្តមបានសង្កត់បញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលចាត់វិធានការនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំជាការត្រឹមត្រូវ។ ដូច្នេះ អ្នកដែលជ្រុលខ្លួនចូលរួម មកសារភាពអាចនឹងរួចខ្លួន។