
នាព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិសកល នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្តមបណ្ឌិត Donald Kaberuka ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស សម្រាប់អណត្តិ ឆ្នាំ២០១៩- ២០២១។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល ធ្លាប់កាន់តំណែងជា រដ្ឋមន្រ្តីហិរញ្ញវត្ថុ ប្រទេសរវ៉ាន់ដា (Rwanda ) ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០០៥ ។ ក្នុងតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ឯកឧត្តមក៏មានតំណែងជា អភិបាលធនាគារពិភពលោក និងមូលនិធិរូបីយវត្ថុអន្តរជាតិប្រចាំប្រទេសរវ៉ាន់ដា ផងដែរ។ បន្ទាប់មក ឯកឧត្តម ក៏បានកាន់តំណែងជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាហ្រ្វិក ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៥។
ឯកឧត្តមបណ្ឌិត បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយមូលនិធិសកល ក្នុងដំណើរមកចូលរួមកិច្ចប្រជុំក្នុងតំបន់ ។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ឯកឧត្តមបណ្ឌិត Donald Kaberuka ក៏នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។