
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារជាមួយលោក YANN DERRIENNIC ប្រធានអង្គការ Health Policy Plus (HP+) ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងទីប្រឹក្សាបច្ចេកទេសរបស់អង្គការHP+។
កិច្ចពិភាក្សាផ្តោតលើ ដំណើរឆ្ពោះទៅរកចីរភាពនៃការឆ្លើយតបនឹងការរាលដាលមេរោគអេដស៍ និងការ ស្វែងរកលទ្ធភាពបង្កើនការទទួលខុសត្រូវរបស់ថវិកាជាតិក្នុងការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិលឱ្យជួយលើការងារបង្ការការឆ្លងមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់និងការបង្កើនថវិកាជាតិក្នុងការទិញឱសថប្រឆាំងមេរោគអេដស៍ (ARV) ក្នុងផែនការឆ្នាំ២០២១-២០២៣។ បច្ចុប្បន្ននេះ ព្រះរាជា ណាចក្រកម្ពុជាបានចំណាយថវិកា ១.៥ លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ចូលរួមក្នុងគម្រោងជំនួយដោយមូលនិធិសកល ឆ្នាំ២០១៨-២០២០។
កិច្ចពិភាក្សាក៏បានលើកឡើងផងដែរពីតម្រូវការក្នុងការសិក្សាស្វែងយល់បន្ថែមពីរបៀបដែលក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិលក្នុងដំណើរការសាលារៀនគំរូ និងថ្មីៗនេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិលធ្វើការគាំពារសង្គមផងដែរ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន ប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងតែមានកិច្ចសហការយ៉ាងសកម្ម និងមានយន្តការប្រកបដោយសក្តានុពលក្នុងការអនុវត្តជាមួយនឹងក្រសួង ស្ថាប័ននានា រួមទាំងកាកបាទក្រហមកម្ពុជា ព្រមទាំងអង្គការដៃគូជាច្រើន ដើម្បីដាក់ចេញនូវវិធានការ ទប់ស្កាត់ ការការពារកុំឱ្យជំងឺនេះរីករាលដាល។ ឯកឧត្តមក៏ស្នើឱ្យអង្គការHP+ ជួយពិនិត្យមើលស្ថានភាពនៃការចំណាយថវិកាដែលរាជរដ្ឋាភិបាលបានសម្រេចចូលរួមក្នុងការទិញឱសថនាពេលកន្លងមក និងជួយសិក្សាឱ្យច្បាស់ពីអន្តរាគមន៍បង្ការអ្វីខ្លះដែលចាំបាច់ត្រូវធ្វើពីពេលនេះដល់ឆ្នាំ២០២៣ ត្រូវការថវិកាប៉ុន្មាន និងស្ថាប័នណាខ្លះអ្នកទទួលខុសត្រូវ ដើម្បីបានជាមូលដ្ឋានរឹងមាំក្នុងការសម្រេចចិត្តស្វះស្វែងរកថវិកាគាំទ្រ។