
នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ វិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ តំណាងកាកបាទក្រហមកម្ពុជា លោក លោកស្រី ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត និងតំណាង ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងការឆ្លើយតបជាលក្ខណៈពហុវិស័យ។
ដោយមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាស្ថាប័នសម្របសម្រួលពហុវិស័យ ក្នុងរយៈពេលមួយឆ្នាំ២០១៩ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា និងបានសម្រេចលទ្ធផលការងារចំបងៗជាច្រើន ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ។ ការទទួលខុសត្រូវជាម្ចាស់ក្នុងការទទួលបន្ទុកជំងឺ និងចំណាយរ៉ាប់រង ថែទាំព្យាបាល ត្រូវបានផ្ទេរជាបន្តបន្ទាប់ និងជាជំហ៊ានៗ ។ ធនធានជំនួយពីក្រៅប្រទេស ដែលត្រូវបានបន្តផ្តល់អោយបើទោះជាមានកំរិតក្តី និង ការប្តេជ្ញាចិត្តរបស់យើង បំពេញកាតាព្វកិច្ច និងតួនាទីក្នុងភាពជាម្ចាស់បញ្ហា បានជំរុញអោយយើង តាំងចិត្តរួមគ្នាបញ្ចប់នូវការឆ្លងរីករាលដាលមេរោគអេដស៍នៅកម្ពុជា ក្នុងឆ្នាំ២០២៥-២០៣០។
អង្គសន្និបាត បានពិនិត្យរួមគ្នាលទ្ធផលប្រចាំឆ្នាំ ដែលសម្រេចបាន ចំណុចខ្វះខាត បញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយ និងបានចែករំលែកបទពិសោធន៍ល្អៗ អំពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារដែលមានសមាជិករស់នៅជាមួយមេរោគអេដស៍ ជាមួយការកាត់បន្ថយការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសាររបស់ពួកគេ ដោយសហគមន៍។
អង្គសន្និបាតក៏បានជជែកពិភាក្សាអំពីការសម្របសម្រួលអន្តរស្ថាប័ន នៅរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រតិបត្តិតាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈសេចក្តីជូនដំណឹងលេខ ២១៣សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាប្រសាសន៍ផ្តាំផ្ញើរ និងរំលឹកសមាជិក សមាជិកា អញ្ចើញមកពី រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីចំណុចគន្លឹះនៃការប្រយុទ្ធនឹង ការចម្លងរាលដាលនៃមេរោគអេដស៍ និងឆ្លើយតបទៅនឹងជំងឺអេដស៍ គឺត្រូវ៖
• សាមគ្គីគ្នាអនុវត្តគោលនយោបាយ ផែនការសកម្មភាព និងពង្រឹងយន្តការធ្វើ ការរួមគ្នា ជាពហុវិស័យ ជាប្រព័ន្ធ រវាងក្រសួងស្ថាប័ន វិស័យឯកជន និង អង្គការសង្គមស៊ីវិល អ្នករស់នៅជាមួយមេរោគ អេដស៍ ក្រុមប្រជាជនរងគ្រោះឬប្រឈមមុខខ្ពស់
• មានចីរភាពគឺមានផែនការរយៈពេលវែង ថ្នាក់សហគមន៍ និងថ្នាក់ក្រោម ជាតិ ដោយមានការគាំទ្រ និងទំនុកបំរុងពីថ្នាក់រដ្ឋបាលថ្នាក់ជាតិ
• ផ្តល់សេវាថែទាំព្យាបាលប្រកបដោយ គុណភាព សមធម៌ និងគ្មានការរើស អើង។
• ការផ្គត់ផ្គង់ និងប្រើប្រាស់ស្រោមអនាម័យបានជាប់លាប់ និងត្រឹមត្រូវ នៅតែជាវិធី បង្ការជំរើសទី១។
• ទទួលយកសេវាប្រឹក្សា អប់រំសុខភាព និងធ្វើតេស្តពិនត្យឈាមរកមេរោគនិង ទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ភ្លាមៗ
• ពង្រឹងសមត្ថភាពស្ត្រី និងកុមារី សមភាពយេនឌ័រ ។ល។
ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់គួរជាទីមោទនៈ មានការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ និងមោះមុតផ្នែកនយោបាយពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា” និងការគាំទ្រដោយមិនចេះនឿយហត់ផ្នែកសង្គមពី “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា។
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា