
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបពិភាក្សាការងារជាមួយលោកវេជ្ជ. Roberto Garcia ជាសមាជិកនៃក្រុមត្រួតពិនិត្យបច្ចេកទេសមូលនិធិសកល និងជានាយកគ្រប់គ្រងក្រុមទ្រទ្រុងសុខភាពប្រចាំនៅទីក្រុង Amsterdam ប្រទេសហូឡង់ និងលោកវេជ្ជ. Bar Jacobs, អង្គការ GIZ ប្រចាំនៅទីក្រុងភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងទីប្រឹក្សាបច្ចេកទេសនៃអង្គការ HP+ (លោកវេជ្ជ. Bhavesh Jain) ។
កិច្ចពិភាក្សាផ្តោតលើដំណើរការឆ្ពោះទៅរកចីរភាពនៃផែនការសកម្មភាពទូលាយ នឹងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងមានលទ្ធភាពទទួលខុសត្រូវក្នុងការស្វែងរកថវិកា និងយន្តការនៃលំហូរថវិកាក្នុងការអនុវត្តឆ្លើយតប និងការបង្ការការរីករាលដាលនៃជំងឺអេដស៍ឲ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពក្នុងការអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្រ្តលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ លើសពីនេះទៅទៀតកិច្ចពិភាក្សាក៏បានលើកឡើងទៀតថា៖ យើងតម្រូវឲ្យមានការពង្រឹងធនធានមនុស្សតាមរយះការបណ្តុះបណ្តាល និងការអប់រំផ្សព្វផ្សាយទូលំទូលាយដល់សហគមន៍តាមរយះការផ្គត់ផ្គង់ប្រព័ន្ធលទ្ធកម្ម និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានឲ្យមានប្រសិទ្ធភាព និងមានគុណភាព។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានយន្តការប្រកបដោយសក្តានុពលក្នុងការអនុវត្តកាតព្វកិច្ចជាមួយនឹងក្រសួង ស្ថាប័ន នានា រួមទាំងកាកបាទក្រហមកម្ពុជា ព្រមទាំងអង្គការដៃគូនានា ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ការការពារកុំឲ្យមានជំងឺនេះរីករាលដាល។