
ហ្សឺណែវ : នៅព្រឹកថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្នាក់ការកណ្តាលមូលនិធិសកល (Global Fund HQ at Global Health Campus) ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលនៃមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច បានធ្វើបទបង្ហាញអំពី បទពិសោធន៍នៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយផ្តោតលើចីរភាព ការផ្ទេរដំណាក់កាល និងសហហិរញ្ញវត្ថុ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើបទបង្ហាញខាងលើ ជូនកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិសកល លើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសពីថ្ងៃទី១២ ដល់១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីតំណាងមកពីតំបន់នានានៅជុំវិញសកលលោក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមាស ធាតុគន្លឹះ៣ដែលជាសមិទ្ធផលក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជារួមមាន : ១) ភាពជាម្ចាស់ និងមគ្គុទ្ទេសក៍ភាព ២) ភាពជាដៃគូ និង ៣) ការវិនិយោគ។
ក្នុងភាពជាម្ចាស់ និងមគ្គុទ្ទេសក៍ភាព អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដឹកនាំយន្តការសម្របសម្រួល និងឆ្លើយតបជាពហុវិស័យ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការ៦ចំណុច ដើម្បីធានាចីរភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះផងដែរ។ បន្ថែមលើនេះ ពាក់ព័ន្ធនឹងកម្មវិធីមូលនិធិសកល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលតួនាទីជាអ្នកទទួលជំនួយផ្ទាល់ ចាប់ពីខែមេសា ឆ្នាំ២០១៨។
ចំពោះភាពជាដៃគូ ដៃគូអភិវឌ្ឍន៍ (ម្ចាស់ជំនួយ) ស្ថាប័នអន្តរជាតិដូចជា UNAIDS, UNDP, អង្គការសុខភាពពិភពលោក, អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ធ្វើការរួមគ្នា ដោយត្រួតពិនិត្យរួមគ្នានូវវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអេដស៍។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដោយមានជំនួយពី UNAIDS កម្ពុជាប្រហែលជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានធ្វើការវាយតម្លៃអំពីរៀបចំខ្លួនរួចរាល់ក្នុងការផ្ទេរដំណាក់កាល (Transition Readiness Assessment)។ នេះជាផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់កម្មវិធីអេដស៍ដែលមានចីរភាព។
នៅក្នុងការវិនិយោគ ដោយសារភាពសប្បុរសរបស់មូលនិធិសកល កម្ពុជាបានធ្វើចលនាប្រភពធនធានប្រមាណ៥០០លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ចាប់ពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់ថវិកាចំនួន១ ទៅ១,៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលជាថវិកាបដិភាគក្នុងការទិញឱសថប្រឆាំងនឹងមេរោគអេដស៍។ ឯថវិកាប្រមាណ៨០០០០០ដុល្លារ ក្នុងមួយឆ្នាំក៏ត្រូវបានផ្តល់ជូនបុគ្គលិកជាប់កិច្ចសន្យាដែលធ្វើការក្នុងគម្រោងជំនួយមូលនិធិសកលផងដែរ។
នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជាផ្នែកមួយនៃគោលនយោបាយវិមជ្ឈការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសម្រួលវិធានក្នុងការអនុញ្ញាតឱ្យមណ្ឌល សុខភាពប្រើប្រាស់ថវិកាដែលមិនអាចចាយបានក្នុងការអនុវត្តកម្មវិធីអេដស៍។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានឯកភាពឱ្យដាក់បញ្ចូលកម្មវិធីអេដស៍ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការទទួល ខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាននៅឃុំសង្កាត់។
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក
ឯកសារសម្រាប់ទាញយក