
បរសេដ្ឋ : នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ និងអស់លោក លោក ស្រីជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋចំនួនប្រមាណ១០០នាក់។
បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍ និងស្តាប់របាយការណ៍របស់លោកប្រធានស្ដីទីគណបក្សស្រុកមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យប្រធានគណបក្សឃុំ និងអ្នកតំណាងឡើងមានមតិអំពីស្ថានភាព និងបញ្ហាទូទៅនៅក្នុងឃុំ។ តាមឃុំបានលើកឡើងអំពីស្ថានភាពសតិអារម្មណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ក្រោយថ្ងៃ៩វិច្ឆិកា។ ជាមួយគ្នានេះ ឃុំក៏បានលើកឡើងអំពីការអភិវឌ្ឍ និងការបម្រើសេវាសាធារណៈផងដែរ។
មុននឹងបញ្ចប់កិច្ចប្រជុំប្រចាំខែ ឯកឧត្តមទេសរដ្ឋមន្ត្រីព្រមទាំងសមាជិកសមាជិកាទាំងអស់បានអនុម័តសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ចប់ និងណែនាំដូចខាងក្រោម :
១) ពួកប្រឆាំងបានបរាជ័យ១០០%លើផែនការធ្វើរដ្ឋប្រហារ ថ្ងៃទី៩ វិច្ឆិកាហើយ។ ឥឡូវនេះ ពួកគេមាន ជម្រើសតែ២ទេគឺ : បន្តសកម្មភាពឧទ្ទាមក្រៅច្បាប់ ឬចូលរួមក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
២) រឿងសតិអារម្មណ៍ យើងត្រូវចុះជាប្រចាំជាមួយប្រជាពលរដ្ឋ។ យើងត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្រ និងមិនគាំទ្រឱ្យយល់ថា បក្សសង្គ្រោះជាតិគ្មានពេលរស់ឡើងវិញទេ។
៣) យើងត្រូវបន្តគិតគូរពីជីវភាព ការរស់នៅរបស់ប្រជាជន និងសតិអារម្មណ៍របស់ពួកគាត់ ដោយត្រូវបន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈ។
៤) យើងត្រូវបន្តពង្រឹងការងារចិញ្ចឹមចលនា ដោយពង្រឹងរចនាសម្ព័ន្ធបក្សឱ្យរឹងមាំ និងរៀបចំឱ្យមានរបបប្រជុំទៀងទាត់។
៥) យើងត្រូវបន្តពង្រឹងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ស្វែងរកការគាំទ្រពីពួកគាត់ និងកុំប៉ះពាល់ទ្រព្យសម្បត្តិសាធារណ:ឡើយ។
៦) យើងត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ ដើម្បីដណ្ដើមយកការស្រឡាញ់ ការគាំទ្រ និងសន្លឹកឆ្នោតឱ្យបានច្រើន ជួយគណបក្សប្រជាជនកម្ពុជាយើងឈ្នះក្នុងការបោះឆ្នោត និងបន្តការដឹកនាំបានយូរអង្វែងតទៅមុខទៀត។