
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយកម្មវិធីរួមអង្គការសហប្រជាជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ (UNAIDS) និងUSAID/HP+ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីរបាយការណ៍អង្កេតថ្នាក់ជាតិ លើកទី៦ ស្តីពីការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៦-២០១៧ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមប្រជាជនគន្លឹះប្រមាណចំនួន៧០នាក់ចូលរួម។
នៅក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីសារៈសំខាន់នៃរបាយការណ៍អង្កេត។ ក្នុងនោះរបាយការណ៍បានពិពណ៌នាពីលំហូរធនធានដែលបានចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ពីប្រភពដើមធនធានដល់ប្រជាជនដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍។ ជាមួយគ្នានេះ របាយការណ៍ក៏ជួយថ្នាក់ដឹកនាំឱ្យធ្វើការសម្រេចចិត្តដោយឈរលើព័ត៌មានយុទ្ធសាស្ត្រ និងអនុញ្ញាតឱ្យប្រទេសកម្ពុជាប្រមូលធនធានប្រកបដោយគណនេយ្យភាពកាន់តែខ្លាំង និងអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលជាងមុន។ របាយការណ៍អង្កេតគឺជាឧបករណ៍មួយនៅក្នុងការត្រួតពិនិត្យ និងវាយតម្លៃថ្នាក់ជាតិ ក៏ដូចជាការវាស់ស្ទង់ និងតាមដានការចំណាយលើការងារអេដស៍នៅទូទាំងប្រទេស ដើម្បីធ្វើរបាយការណ៍ជូនស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ និងក្នុងកម្មវិធីអង្គការសហប្រជាជាតិផងដែរ។
របាយការណ៍បានបង្ហាញថា កញ្ចប់ថវិកាសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះមាននិន្នាការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសថវិកាពីដៃគូអភិវឌ្ឍន៍។ ក្នុងនោះថវិកាថយចុះពីចំនួន ៥៨,១លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១០ មកត្រឹម៣១,៥លានដុល្លារអាម៉រិក ក្នុងឆ្នាំ២០១៦ និង៣៤,៥លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ ថវិកាជាតិមាននិន្នាការកើនឡើងបន្តិចម្តងៗ តែមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ។ ជាការពិត នៅក្នុងដំណាក់កាលនៃការបញ្ចប់អេដស៍នេះ កម្ពុជានៅតែត្រូវការជំនួយជាចាំបាច់ ពីដៃគូអភិវឌ្ឍន៍នៅឡើយ បើទោះបីជារាជ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្កើនថវិកាជាតិដើម្បីបំពេញគម្លាត និងតម្រូវការរបស់យើងក៏ដោយ។
ចំពោះជោគជ័យក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា ដោយសារសរសរស្តម្ភបី៣គឺ ៖
ទី១) ភាពជាអ្នកដឹកនាំ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ជាទីបំផុត ដោយបានប្រគល់ភារកិច្ចជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកដឹកនាំផ្ទាល់។ ទស្សនវិស័យនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ អាចអនុវត្តទៅបាន ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ទី២) ភាពជាដៃគូ ៖ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងក្រុមប្រជាជនគន្លឹះ បាននិងកំពុងធ្វើការរួមគ្នាឆ្លើយតបជាពហុវិស័យដែលជាគន្លឹះជោគជ័យរបស់យើង។
ទី៣) ការវិនិយោគ ៖ ការវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍របស់យើងបានចាប់ផ្តើមទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ និងពហុវិស័យ រហូតដល់ពេលបច្ចុប្បន្ន ដែលជាដំណាក់កាលអន្តរកាល ឈានទៅរកភាពជាម្ចាស់ប្រទេសនៃការឆ្លើយតបប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រកាសជាឧឡារឹកឱ្យប្រើប្រាស់ជាផ្លូវការនូវ “របាយការណ៍ស្តីពីការចំណាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ឆ្នាំ២០១៦-២០១៧”។
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ BTV NEWS
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា
ចុចទីនេះដើម្បីមើល ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក
ឯកសារសម្រាប់ទាញយក