
បរសេដ្ឋ : នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២០)។ មីទ្ទិញ នេះមានការចូលរួមពីឯកឧត្តម អស់លោក លោក ស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ ឃុំកាត់ភ្លុក អាជ្ញាធរឃុំកាត់ភ្លុកប្រជាជន និងសិស្សានុសិស្សប្រមាណ ២៥០នាក់។
បន្ទាប់ពីប្រកាសកម្មវិធី និងគណៈអធិបតី មីទ្ទិញបានស្តាប់ : ១) សុន្ទរកថាសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងអង្គមីទ្ទិញខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២០ ២) ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងអង្គមីទ្ទិញ ដោយលោកមេឃុំកាត់ភ្លុក អ៊ុ មនោរម្យ និង៣) របាយការណ៍ស្តីពីការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេសដល់សិស្សានុសិស្សនៅស្នាក់ការបក្សឃុំ ដោយអ្នកគ្រូ ណន ឡុងនិច។ បន្តមក ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកបរសេដ្ឋ បានមានមតិសំណេះសំណាលអំពី ១) ដំណើរការរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតកម្ពុជា ដោយ 3Cs (Cambodianness, Competency និង Compassionate) តាមការផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ២) រំឭកអំពីទុក្ខវេទនាដែលប្រជាជនបានឆ្លងកាត់ក្នុងសម័យប៉ុល ពត និង៣) សមិទ្ធផលធំៗក្នុងខេត្តកំពង់ស្ពឺ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា សម្ដេចតេជោបានដឹកនាំប្រទេសកន្លងមក ដោយរំដោះយើងឱ្យរួចពីរបប ប៉ុល ពត។ បើគ្មានសម្តេចតេជោនាំកងទ័ពរំដោះ យើងប្រហែលជាមិនអាចរស់រានមានជីវិតទេ។ ឥឡូវយើងសប្បាយដោយសារសន្តិភាព។ ដូច្នេះហើយបានជាយើងអរគុណសន្តិភាព។ បើគ្មានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យើងនៅមានសង្រ្គាមរ៉ាំរ៉ៃនៅឡើយទេ។ ឥឡូវយើងលែងឈ្លោះជាមួយប្រទេសជិតខាងហើយ។ យើងរកស៊ីជាមួយគ្នា ដើម្បីការរីកចម្រើន។ ដោយសារសន្តិភាព និងការអភិវឌ្ឍនោះ ផ្លូវពីផ្សារស្លាបលែងមកដល់ទីស្នាក់ការបក្សឃុំកាត់ភ្លុកដែលពីមុនត្រូវធ្វើដំណើរប្រមាណ២ម៉ោង ឥឡូវធ្វើដំណើរមិនដល់កន្លះម៉ោងផង។ យើងក៏មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ផងដែរ។ ដូច្នេះ យើងត្រូវគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសយើងរីកចម្រើនបន្តទៀត។ យើងត្រូវរក្សានូវសណ្តាប់ធ្នាប់សង្គម ដើម្បីកុំឱ្យបាត់បង់សន្តិភាព។ យើងក៏មិនត្រូវជឿគេ ដោយនាំគ្នាប្រមូលផ្តុំចូលរួមចលនាផ្តួលរំលំរាជរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ យើងត្រូវចូលរួមរក្សាស្រុកយើងឱ្យរឹងមាំ ដោយមិនចំណុះបរទេសណាឡើយ។ យើងក៏ត្រូវរួមគ្នាការពារបូរណភាពទឹកដី និងឯករាជ្យជាតិផងដែរ។
មុននឹងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានផ្តាំប្រជាជន និងយុវជនដែលចូលរួមទាំងអស់ថា សូមប្រយ័ត្នរឿងគ្រឿងញៀន។ តាមទិន្នន័យបច្ចុប្បន្ន ដោយសារបញ្ហាគ្រឿងញៀន បានធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍កម្រើកឡើងវិញ។ ដូច្នេះ ដើម្បីការពារការឆ្លងមេរោគអេដស៍ យើងត្រូវប្រើស្រោមអនាម័យ។ បើសង្ស័យថាអាចឆ្លងមេរោគអេដស៍ ត្រូវទៅពិនិត្យឈាមដើម្បីបញ្ជាក់។ ហើយបើមានផ្ទុកមេរោគអេដស៍ត្រូវទៅទទួលការព្យាបាល។ ឯបរិស្ថានគឺចាប់ផ្តើមពីសំរាម។ យើងត្រូវចូលរួមគ្រប់គ្រង និងប្រមូលសំរាមទាំងអស់គ្នា ដើម្បីធ្វើឱ្យបរិស្ថានបានស្អាត។ ហើយពេលចេញពីមីទ្ទិញទៅវិញត្រូវនាំគ្នាប្រមូលសំរាម។ ចំណែកឯចរាចរណ៍ក៏សំខាន់ ផងដែរ។ សព្វថ្ងៃយើងស្លាប់ដោយសារបញ្ហាចរាចរណ៍ ច្រើនជាងជំងឺអេដស៍ទៀត។ យើងត្រូវរៀនច្បាប់ចរាចរណ៍ឱ្យចេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីថា យើងប្រារព្ធទិវាជ័យជម្នះ៧មករា ដើម្បីរំឭកដល់ការរំដោះឱ្យរស់រានមានជីវិត។ យើងអរគុណសន្តិភាព ហើយត្រូវរួមគ្នារក្សាអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា។ យើងក៏ត្រូវថែរក្សាសន្តិភាព រក្សាសាមគ្គីភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍផងដែរ។