
បរសេដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា បានដឹកនាំក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមមានឯកឧត្តមវេជ្ជបណ្ឌិត ជា ប៉ោ អនុប្រធានអាជ្ញាធរ និងឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចុះធ្វើការសិក្សាស្វែងយល់អំពីការងារអេដស៍នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី មណ្ឌលសុខភាពរំពារមានជ័យ និងប្រជុំពិភាក្សាអំពីការដាក់បញ្ចូលការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងកិច្ចប្រជុំនៅសាលាឃុំស្វាយរំពារនោះ មានការចូលរួមពីអស់លោក លោកស្រី ជាមេឃុំ សមាជិកក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ វេជ្ជបណ្ឌិតពីកន្លែងប្រឹក្សាយោបល់អំពីជំងឺអេដស៍ និងមណ្ឌល សុខភាពរំពារមានជ័យ សរុបចំនួន១៨នាក់។
នៅក្នុងដំណើរសិក្សាស្វែងយល់នេះ ក្រុមការងារធ្វើការពិនិត្យអំពីចំនួនអ្នកផ្ទុកមេរោគអេដស៍ដែលមកទទួលសេវា ស្ថានភាពមេរោគរបស់ពួកគាត់ និងលទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍នៅក្នុងឃុំ។ បន្ទាប់ពី សាកសួរ និងពិភាក្សាអំពីការរៀបចំការងារក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅឆ្នាំខាងមុខ ថ្នាក់ដឹកនាំឃុំបានឯកភាពថានឹងដាក់បញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ក្នុងគម្រោងថវិកាឃុំនៅឆ្នាំ២០២១។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានអប់រំណែនាំថ្នាក់ដឹកនាំឃុំ អំពីវិធានការបង្ការការចម្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍ ដោយការចុះអប់រំឱ្យប្រជាជនរក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ រក្សាគម្លាតពីគ្នា និងជាពិសេសការដាក់ខ្លួនឱ្យនៅដាច់ឆ្ងាយពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃចំពោះប្រជាជនចំណាកស្រុកដែលវិលត្រលប់មកពីក្រៅប្រទេសទាំង២៩នាក់ក្នុងឃុំស្វាយរំពារ។
នៅទីបញ្ចប់ ក្រុមការងារក៏បានផ្តល់ជូនសន្លឹកព័ត៌មានអប់រំអំពីការបង្ការមេរោគកូវីដ១៩ ចំនួន៣២០ផ្ទាំង និងឧបត្ថម្ភថវិកាចំនួន ៤០០០០០រៀលដល់ការងារប្រយុទ្ធនឹងមេរោគដែលកំពុងឆ្លងរាលដាលនៅឃុំស្វាយរំពារផងដែរ។