ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
​កិច្ចប្រជុំ​លើក​ទី៥៦នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥
ថ្វាយ​កម្រងផ្កា​គោរព​ព្រះវិញ្ញានក្ខន្ធ​ព្រះករុណា​ព្រះបរមរតន​កោដ្ឋឆ្នាំ២០២៥
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥
សន្និបាត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ២០២៥
ឯកឧត្តម អៀង មូលី អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima
កិច្ចប្រជុំ យូអិនអេដស៍ (UNAIDS PCB) លើកទី៥៦
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

កិច្ចប្រជុំតាមកម្មវិធី BlueJeans ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី

នាព្រឹកថ្ងៃសុក្រ  ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានដឹកនាំ​កិច្ចប្រជុំវីដេអូ​ខនហ្វឺរេន តាមកម្មវិធី BlueJeans ដែលមាន​ការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ជាអនុប្រធាន ខុទ្ទកាល័យ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និងអនុប្រធាន​នាយកដ្ឋាន​សរុប​ចំនួន២៨រូប ដើម្បីពិនិត្យ​លទ្ធផល​សកម្មភាព​របស់ថ្នាក់ដឹកនាំ និងជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និងមន្រ្តី​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម​ទេសរដ្ឋមន្រ្តីបានមាន​ប្រសាសន៍ស្វាគមន៍ និងបានថ្លែង​កោតសរសើរ​មន្រ្តីរាជការ​ទាំងអស់​ដែលបានធ្វើការ​យ៉ាងសកម្ម និងបាន​ទទួលនូវ​លទ្ធផល​ល្អ។ ជាមួយគ្នានោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានណែនាំថា ត្រូវបន្ត​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បីការរីកចម្រើន​របស់​ស្ថាប័ន និងទទួលបាន​ជំនឿទុកចិត្ត​ពីថ្នាក់ដឹកនាំ។ បន្ទាប់មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានអនុញ្ញាត​ជូនឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើបទបង្ហាញ​ស្តីអំពី​របាយការណ៍​វឌ្ឍនភាព​នៃលទ្ធផល​សកម្មភាព​ការងារ​របស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដែលជាការ​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្ហាញ​ពីភាព​ប្រសើរ និងបញ្ហា​ប្រឈម ប្រចាំខែមីនា ឆ្នាំ២០២០ និងលើកទិសដៅ​សម្រាប់ខែ​បន្ទាប់។

បន្ទាប់ពីស្តាប់​របាយការណ៍ចប់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានធ្វើការណែនាំ​ដល់ថ្នាក់ដឹកនាំ​ទាំងអស់​នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ថា ក្នុងស្ថានភាព​នៃការរីករាលដាល​មេរោគ​កូវីដ១៩នេះ យើងអាចបន្ត​ដំណើរការ​ប្រជុំបាន និងតាមដាន​ការងារ​បានតាម​វីដេអូខនហ្វឺរេន។ ដូច្នេះ បើសិនជា​ចង់រៀបចំ​កិច្ចប្រជុំ ដូចជាកិច្ចប្រជុំ​ក្រុមប្រឹក្សា​បច្ចេកទេស អាចទាក់ទង​ជាមួយ​ឯកឧត្តម ស៊ន ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីរៀបចំ​កម្មវិធី​ប្រជុំតាម BlueJeans ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ត ដោយណែនាំ​ឱ្យឯកឧត្តម​អនុប្រធាន ទា ផលា និងឯកឧត្តម​អនុប្រធាន          រស់ សីលវ៉ាត់ ត្រួតពិនិត្យ​ឡើងវិញ​លើផែនការ​វិនិយោគ​សាធារណៈ​៣ឆ្នាំរំកិល ឆ្នាំ២០២១-២០២៣ សម្រាប់ការ​ឆ្លើយតប​មេរោគអេដស៍​និងជំងឺអេដស៍ និងថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល នៅឆ្នាំ២០២១ ដែលគ្រោង​ថវិកា​ចំនួន ២លានដុល្លារ ឆ្នាំ២០២២ ចំនួន២.៥ លានដុល្លារ និងឆ្នាំ២០២៣ ចំនួន​៥លានដុល្លារ។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​អនុញ្ញាត​ឱ្យឯកឧត្តម លោកជំទាវ អនុប្រធាន​មានមតិយោបល់​ក្នុងនោះមាន៖

១- ឯកឧត្តមអនុប្រធាន ទា ផលា បានលើកឡើង​អំពីវឌ្ឍនភាព​នៃលិខិត​ជូនដំណឹង​លេខ២១៣ ស.ជ.ណ ដែលក្នុងនោះ   ឯកឧត្តម​សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានឯកភាព​ជាផ្លូវការ​ក្នុងការអនុវត្ត​សកម្មភាព​ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍ នៅតាម​មណ្ឌល​សុខភាព ដោយផ្អែកលើ ភាពជា​អ្នកដឹកនាំ (Leadership) ភាពជាដៃគូ (Partnership) និងការ​វិនិយោគ (Investment)។ ចំពោះភាពជា    ដៃគូ (Partnership) របស់អង្គការ​ក្រៅរដ្ឋាភិបាល (NGO) មិនទាន់​អនុវត្ត​ការងារ​បានល្អ​ជាមួយ​មន្រ្តីរដ្ឋា​ភិបាលទេ ដូចជា​គណៈ​កម្មាធិការ​អេដស៍តាម​មណ្ឌលសុខភាព តាមឃុំឬសង្កាត់។

២- ឯកឧត្តមអនុប្រធាន ជា ប៉ា បានផ្តល់​ជាព័ត៌មានថា បច្ចុប្បន្ននេះ នៅប្រទេស​កូរ៉េ​គេបានយក​ផ្លាស្មាពីអ្នកជាសះស្បើយ​ពីជំងឺកូវីដ១៩ ទៅចាក់​លើអ្នក​ដែលកើត​ជំងឺកូវីដ១៩​ដែលមាន​សភាព​ធ្ងន់ខ្លាំង និងបានបង្ហាញថា​បានជួយ​បន្ថយស​ភាពជំងឺ​ធ្ងន់បាន។
 
ឯកឧត្តមទេសរដ្ឋ​មន្ត្រីបានរំឭកថា ចំពោះ​ជំងឺកូវីដ១៩ គឺមានភាព​ស្មុគស្មាញ​ណាស់ និងកាន់តែ​ធ្ងន់ធ្ងរ​មានទ្រង់ទ្រាយ​ធំដែល​វាអាចជាហានិភ័យ​ខ្ពស់ក្នុងការឆ្លង ដែល​កំពុងបន្ត​សម្លាប់មនុស្ស​រាប់ពាន់នាក់​ជារៀងរាល់ថ្ងៃ។ រហូតមក​ទល់ពេលនេះ​កម្ពុជា​មិនទាន់​មានការចម្លង​ជំងឺកូវីដ១៩​នៅក្នុង​សហគមន៍​នៅឡើយទេ។  ករណីកូវីដ ១៩ វិជ្ជមាន​ភាគច្រើន​ជាករណី​នាំចូល ហើយក៏មិនទាន់​មានប្រជាពលរដ្ឋ​កម្ពុជា​ណាម្នាក់ស្លាប់ ដែលបង្កដោយ​ជំងឺកូវីដ១៩​ដែរ។ ជំងឺកូវីដ១៩ វាអាច​នឹងបង្កឱ្យ​មានភាព​មហន្តរាយ​ដល់អាយុជីវិត និងធ្វើឱ្យខាតបង់​ធ្ងន់ធ្ងរ​ផ្នែកសេដ្ឋកិច្ច។ ដូច្នេះដើម្បី​ឱ្យមានប្រសិទ្ធភាព​ក្នុងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងការពារ​ខ្លួនយើង​ពីការ​ឆ្លងជំងឺ​កូវីដ១៩ យើងទាំងអស់​ត្រូវគោរព និងអនុវត្តតាម​បទបញ្ជា និងវិធានការ​ទាំងឡាយ​ដែលរាជរដ្ឋា​ភិបាល​បានដាក់​ជូនឱ្យបានល្អ ដូចជា ការរក្សា​គម្លាត​ពីគ្នា ពាក់ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាងសម្អាត​ដៃឱ្យបានញឹកញាប់​ជាមួយសាប៊ូ ជាមួយ​អាកុល ឬជែលសម្លាប់​មេរោគ មិនត្រូវធ្វើដំណើរ​ដោយសេរី​ឬជួបជុំគ្នាឡើយ។

ជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកល (Pandemic) ដែលបណ្តាល​ឱ្យប្រទេស​មានផលប៉ះពាល់​ដល់សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ និងបានគំរាមកំហែង​ដល់អាយុជីវិត។ យើងត្រូវ​បន្ថយការ​ចុះបេសកកម្ម បង្វែរមក​ធ្វើការងារ​តាមផ្ទះ ជាពិសេស​អ្នកដែលមាន​វ័យចំណាស់​អាយុពី៦០​ឆ្នាំឡើង ដើម្បីរៀបចំ​ថវិកា ឃុំ/សង្កាត់ និងត្រៀម​អនុវត្ត​ការងារ​ឱ្យបាន​ត្រឹមត្រូវ មានគុណភាព និងទទួលបាន​បរិមាណច្រើន។

លើសពីនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្រ្តីបាន​ផ្តល់អនុសាសន៍​ណែនាំ​ដូចខាងក្រោម ៖
១-     ឯកឧត្តម ទា ផលា និងឯកឧត្តមរស់ សីលវ៉ាត់ ត្រូវរៀបចំ​សេចក្តី​ព្រាងសកម្មភាព និងថវិកា សម្រាប់​ថ្នាក់ឃុំ/សង្កាត់ រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើវឌ្ឍនភាព​នៃការ​អនុវត្តស.ជ.ណ២១៣ និងសិក្សាស្វែងយល់​អំពីស្ថានភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាពហុវិស័យ​នៅថ្នាក់​ក្រោមជាតិ តាមរយៈការ​ដាក់បញ្ចូល​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្នុងគោល​នយោបាយ​ភូមិឃុំ​មានសុវត្ថិភាព។ និងពិនិត្យឡើងវិញ​លើអ្នកផ្ទុក មេរោគអេដស៍​ដឹងស្ថានភាព​ផ្ទុកមេរោគអេដស៍ អ្នកផ្ទុក​មេរោគអេដស៍​ដែលបានធ្វើ​រោគវិនិច្ឆ័យ និងអ្នកផ្ទុក​មេរោគ​អេដស៍ ដែលទទួល​ការ​ព្យាបាល​ដោយឱសថ​ប្រឆាំងមេរោគអេដស៍។
២- ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំ ជាពិសេដល់​ឯកឧត្តម អនុប្រធាន តែង គន្ធី  ឱ្យជួយពិនិត្យផ្ទៀងផ្ទាត់​ខ្លឹមសារនៃគោលការណ៍​ណែនាំជាតិស្តីពីការ​បង្ការ ការចម្លង​មេរោគអេដស៍​ជាសកល​សម្រាប់​វិស័យ​មិនមែន​សុខាភិបាល ដែលក្រុមការងារ​បច្ចេកទេស​យើងបាន​ធ្វើរួចហើយ បន្ទាប់មក​រៀបចំ​តាក់តែង​ជាសេចក្តីសម្រេច​មួយអំពីគោលការណ៍​ណែនាំនេះ ដោយរួមបញ្ចូល​ទាំងគោលការណ៍​ណែនាំ​ខាងវិស័យ​សុខាភិបាល ដែលក្រសួង​សុខាភិបាល​បានចេញឱ្យ​ប្រើប្រាស់ មកជាគោលការណ៍​ណែនាំ​ជាតិ ដែលមាន​ទាំងវិស័យ       សុខាភិបាល និងវិស័យ​មិនមែន​សុខាភិបាល។

៣- ឯកឧត្តម ហោ ប៊ុនឡេង ត្រួតពិនិត្យលើ​ការងារវីដេ​អូផ្សព្វផ្សាយ​អប់រំ​ស្តីអំពី​មេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបាន​សមស្រប​តាមបច្ចេកទេស ដោយ​ផ្តល់អនុសាសន៍​ក្នុងការ​កែតម្រូវ មុនផ្សព្វផ្សាយ​ជាផ្លូវការ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំ​ឯកឧត្តម​អគ្គលេខាធិការ ឱ្យ ១) រៀបចំគម្រោង​បង្រៀន ដើម្បីពង្រឹង​សមត្ថភាព​មន្រ្តី តាមរយៈ​ការបើកវគ្គ​បណ្តុះបណ្តាល ២) រៀបចំផែនការ​ថវិកា និង៣) រៀបចំ​សន្ទានុក្រម ដោយធ្វើការ​ពន្យល់ពាក្យ ជាពិសេស​អក្សរកាត់ ធ្វើការបកប្រែ​ឱ្យបានត្រឹមត្រូវ ដោយរៀបចំ​ក្រុមការងារ​ជជែក​ពិភាក្សាគ្នា ហើយដាក់ឆ្លង​ក្រុមប្រឹក្សាជាតិ​ភាសាខ្មែរ។ លើសពីនេះ​ទៅទៀត សូមកុំឱ្យ​មានការជួបជុំគ្នា​នៅរដូវចូល​ឆ្នាំខ្មែរនេះ យើងគ្រាន់តែ​ជូនពរគ្នា​តាមតេឡេក្រាម​បានហើយ។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ក៏បានជូនពរដល់  ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា​ដែលមាន​វត្តមាន​ក្នុងកិច្ចប្រជុំ ឱ្យមាន​សុខភាព​ល្អបរិបូណ៌ និងជួបនូវពុទ្ធពរ​ទាំងបួន​ប្រការ គឺ អាយុ  វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។