
នៅម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលបានចូលរួម និងថ្លែងក្នុងនាមមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤៣ តាមវីដេអូខុនហ្វឺរេន (43rd Global Fund Virtual Board Meeting)។ បទអន្តរាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីមានខ្លឹមសារដូចខាងក្រោម ៖
សូមអរគុណលោកជំទាវរ៉ូសាលីន (Lady Roslyn) ដែលអនុញ្ញាតឱ្យខ្ញុំថ្លែងនៅពេលនេះ។
តាងនាមមណ្ឌលតំណាងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកអគ្គនាយក ភីធឺ សេនដ៍ (Peter Sands) ដែលបានធ្វើរបាយការណ៍ផ្ទាល់មាត់ដោយគ្រប់ជ្រុងជ្រោយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកអគ្គនាយកដែលបានសង្ខេបនូវព្រឹត្តិការណ៍ និងវឌ្ឍនភាពដែលកើតមានឡើងតាំងពីក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកមុន។ យើងឯកភាពជាមួយអនុសាសន៍របស់លោកអំពីបញ្ហាប្រឈម និងអាទិភាពដែលយើងប្រឈមមុខនៅក្នុងកាលៈទេសៈនៃការគំរាមកំហែងពីជំងឺកូវីដ ១៩។ យើងសូមថ្លែងអំណរគុណចំពោះការត្រិះរិះរបស់លោកអគ្គនាយកចំពោះ បេសកកម្មរបស់មូលនិធិសកលទាំង មូល និងតួនាទីនៅក្នុងសហគមន៍សុខាភិបាលសកល។ ការធ្វើបច្ចុប្បន្ន ភាពប្រចាំសប្តាហ៍របស់លោកក្នុងរយៈពេល ២-៣សប្តាហ៍ចុងក្រោយនេះមានសារៈសំខាន់យ៉ាងខ្លាំង។
យើងសូមកោតសរសើរថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល លោកអគ្គនាយក និងលេខាធិការដ្ឋានដែលបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលតាមបណ្តាញអ៊ីនធឺណេត (វីដេអូខនហ្វឺរេន) ទៅតាមផែនការ។ មណ្ឌល តំណាងរបស់យើងសូមសាទរចំពោះការចាត់ចែងទាំងអស់ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ ក្នុងនោះរួមបញ្ចូលទាំងភាពទន់ភ្លន់ក្នុងការអនុវត្តគម្រោងជំនួយបច្ចុប្បន្ន ការបង្កើតឱ្យមានយន្តការឆ្លើយតបនឹងជំងឺកូវីដ១៩ និងការណែនាំក្នុងការប្រើប្រាស់ថវិកាជំនួយដល់ប្រទេសនានាក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។
ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមានការព្រួយបារម្ភចំពោះការរាំងស្ទះដល់កម្មវិធីជំងឺទាំងបី ដោយជំងឺរាតត្បាតសកលដែលបង្កដោយមេរោគកូរូណា ដែលអាចធ្វើឱ្យបាត់បង់លទ្ធផលដែលយើងបានសម្រេចជាច្រើនឆ្នាំកន្លងទៅក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ទោះបីជាមានការគំរាមកំហែងពីជំងឺកូវីដ១៩ យើងត្រូវបន្តបំពេញបេសកកម្មស្នូលរបស់យើង និងមិនត្រូវបង្វែរការវិនិយោគពីកម្មវិធីជំងឺទាំងបីឡើយ។
យើងមានការព្រួយបារម្ភអំពីវិបត្តិហិរញ្ញវត្ថុក្នុងពេលខាងមុខ ដែលនឹងដាក់សម្ពាធដល់ថវិការបស់ម្ចាស់ជំនួយនៅពេលបំពេញការសន្យារបស់ពួកគេក្នុងការផ្តល់ថវិកា និងចំពោះប្រទេសនានាក្នុងការចលនាប្រភពធនធានក្នុងស្រុកដើម្បីផ្តល់សហហិរញ្ញប្បទានជាមួយកម្មវិធីមូលនិធិសកល។
យើងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមរបស់សហគមន៍នៅគ្រប់កម្រិតនៃវដ្ដជំនួយ។ យើងជឿថា សេវាសុខាភិបាលសហគមន៍នឹងបន្តជាសមាសធាតុមូលដ្ឋាននៃប្រព័ន្ធសុខាភិបាលដែលមាំទាំមួយ។
ដោយអាណត្តិជាសមាជិកក្រុមប្រឹក្សាភិបាលរយៈពេល២ឆ្នាំរបស់ខ្ញុំនឹងត្រូវបញ្ចប់ នេះជាកិច្ចប្រជុំក្រុមប្រឹក្សាលើកចុងក្រោយរបស់ខ្ញុំ។ សប្តាហ៍មុន ក្នុងកិច្ចប្រជុំជាមួយសមាជិកមណ្ឌលតំណាងរបស់ខ្ញុំ ខ្ញុំបានជម្រាបជូនពួកគាត់អំពីស្ថានភាពរបស់ខ្ញុំ។ យើងនឹងគាំទ្រសមាជិកបម្រុងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលបន្ទាប់ពីខ្ញុំ ហើយយើងនឹងបោះឆ្នោតរើសសមាជិកបម្រុងថ្មីនៅពេលណាដែលវៀតណាម ដែលជាប្រទេសដែលត្រូវបានជ្រើសរើសឱ្យរៀបចំកិច្ចប្រជុំ រួចរាល់ក្នុងការរៀបចំកិច្ចប្រជុំលើកក្រោយ។ ក្នុងករណីដែលយើងមិនអាចជួបប្រជុំផ្ទាល់មុខគ្នាក្នុងអនាគតដ៏ខ្លីខាងមុខ យើងអាចប្តូរទៅរៀបចំកិច្ចប្រជុំតាមអ៊ីនធឺណេត។ ក្នុងករណីនេះ យើងនឹងស្នើសុំជំនួយពីក្រុមអភិបាលកិច្ច។
ជាទីបញ្ចប់នេះ ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល លោកអគ្គនាយក លេខាធិការដ្ឋាន និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលផ្តល់ដល់រូបខ្ញុំនូវមិត្តភាព និងសហប្រតិបត្តិការ។ ខ្ញុំនឹងរក្សាទុកក្នុងបេះដូងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់យើងទាំងអស់គ្នា។ លើសពីនេះ ខ្ញុំជឿជាក់ថាមូលនិធិសកលនឹងបន្តសម្រេចបាននូវជោគជ័យក្នុងបេសកកម្មស្នូលរបស់ខ្លួនក្នុងការសង្រ្គោះជីវិតមនុស្សរបស់លាននាក់។
សូមអរគុណ។