
នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុកបរសេដ្ឋ បានអញ្ជើញជួបសំណេះសំណាលជាមួយអភិបាលរងស្រុក និងក្រុមប្រឹក្សាស្រុកជាច្រើនរូប ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសាកសួរអំពីសុខទុក្ខអំពីជីវភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថានភាពការងាររបស់កម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងរយៈពេលនៃវិបត្តិកូវីដ ១៩ ជាពិសេស គឺការចុះស្រង់ស្ថិតិគ្រួសារក្រីក្រ ដើម្បីផ្តល់ប័ណ្ណសមធម៌ ក្រ១ ក្រ២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ស្តីអំពីការបញ្ជ្រាបការងារអេដស៍ ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយចាប់ផ្តើមយកឃុំទាំងអស់នៃស្រុកបរសេដ្ឋ ជាចំណុចចាប់ផ្តើម និងយកខេត្តកំពង់ស្ពឺទុកជាគំរូ ក្នុងការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានការចូលរួមជាអាទិ: អភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរសេដ្ឋកិច្ច ប្រធានរតនាគារខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។