
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទល័យ នាយករងខុទ្ទល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន សរុបចំនួន៣៤ រូប(ស្រ្តី២រូប) ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ និងបានថ្លែងកោតសរសើរមន្រ្តីរាជការទាំងអស់ដែលបានធ្វើការយ៉ាងសកម្ម និងបានទទួលនូវលទ្ធផលល្អ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេ ខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែសីហា។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
១) សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២) សមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
៣) បញ្ហាប្រឈម
៤) ជំហានបន្តសម្រាប់ខែបន្ទាប់។
នៅក្នុងសេចក្តីរាយការណ៍នោះ ឯកឧត្តមអគ្គលេខាធិការ បានរៀបរាប់ពីមេរៀនបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពការងារមួយចំនួនដូចខាងក្រោម ៖
• អគ្គលេខាធិការដ្ឋានបានចុះអភិបាលការងារឆ្លើយតបនឹងជំងឺអេដស៍ ដោយប្រើថវិកាមូលនិធិសកលបានច្រើន (៩០%) ។
• បានបញ្ជូនសេចក្តីព្រាងគោលការណែនាំស្តីពីការបង្ការ ការចម្លងមេរោគអេដស៍ជាសកលទៅក្រសួងសុខាភិបាល។
• បានចេញលិខិតណែនាំទៅក្រសួង ស្ថាប័ន ឱ្យបញ្ចូលសកម្មភាព និងថវិកា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យមានការបញ្ចូលសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
• បានចូលរួមបញ្ចប់ការកែសម្រួលបញ្ជីសូចនាករគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០ រៀបចំដោយក្រសួងផែនការ។
• បានអញ្ជើញមន្រ្តីអង្គការ FHI ៣៦០ មកធ្វើបទបង្ហាញ ស្តីពីការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង។
• បានអញ្ជើញមន្រ្តីអង្គការ CRS មកធ្វើបទបង្ហាញ ស្តីពីការការផ្តល់សេវាអប់រំមេរោគអេដស៍ដល់អ្នកនៅក្នុងពន្ធនាគារ និងមណ្ឌលកែប្រែ។
ជាកិច្ចបន្តនៅក្នុងរបៀបវារៈទី២ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ ធ្វើបទបង្ហាញអំពី ៖
១) របាយការណ៍ សន្និសីទស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក។
២) សមាហរណកម្មមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវិស័យសុខាភិបាល។
ដោយទទួលបានការអនុញ្ញាត ឯកឧត្តម ទា ផលា បានរាយការណ៍ជូនអង្គប្រជុំដូចតទៅ៖
១- ព័ត៌មានបច្ចុប្បន្នភាព:
• មន្រ្តីនៃ អ.ជ.ប.ជ.អ ត្រូវស្គាល់ពីអាវុធថ្មីៗ ដូចជា PrEP, PEP, MI, PDI+, Recency test, HIV Self-Testing, incentivized PNTT..,
• ពង្រឹងសកម្មភាពបណ្តាញក្រុមប្រជាជនគន្លឹះ (KP) ឆ្លើយតបនឹងមេរោគអេដស៍។
• រកឃើញមានករណីឆ្លងមេរោគអេដស៍ថ្មី ភាគច្រើនក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស (MSM) ដែលមានវ័យក្មេង (៣២%) ។
• ការរួមភេទជាមួយដៃគូផ្សេងលើសពីពីរនាក់ក្នុងមួយឆ្នាំ គឺជាការប្រឈមមុខនឹងការចម្លងមេរោគអេដស៍។
• មានការចម្លងមេរោគអេដស៍ថ្មី ចំនួន៧៨០នាក់ក្នុងមួយឆ្នាំ។
• មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៤.០០០នាក់ ដែលអាចចម្លងទៅអ្នកដទៃ។
២- កិច្ចប្រជុំកាលពីថ្ងៃទី៦-១០ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តើជំងឺកូវីដ ១៩មានផលប៉ះពាល់អ្វីខ្លះ?
• អ្នកជំងឺអាចមិនមកទទួលសេវា ដោយសារគាត់បារម្មណ៍ពីការឆ្លងជំងឺកូវីដ១៩។
• តាមក្លិបកម្សាន្តបានបិទ មិនបានចុះអប់រំផ្ទាល់។
• ស្រ្តីបម្រើផ្លូវភេទ(Sex worker) ខ្លះមិនប្រើស្រោមអនាម័យ។
• ការទស្សទាយរបស់ WHO និងUNAIDS បើមានការដាច់ថ្នាំសម្រាប់ព្យាបាលជំងឺអេដស៍រយះពេល៦ខែ នឹងបណ្តាលឱ្យអ្នកជំងឺអេដស៍ស្លាប់រហូតកន្លះលាននាក់ (នៅអាហ្វ្រិក តំបន់សាហារ៉ា)
• នៅប្រទេសកម្ពុជា កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ បានយកថវិការបស់មូលនិធិសកលចំនួន ៣១៦.០០០ USD ទៅប្រើប្រាស់ ដើម្បីទិញសម្ភារៈការពារខ្លួន (PPE) ចែកតាម ART site។
• ប្រទេសកម្ពុជាបានចូលរួមក្នុងសន្និសីទស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានវីដេអូ១១ រឿង (11 episodes) យកទៅផ្សព្វផ្សាយ។ វីដេអូនេះ គឺវាទាក់ទងទៅនឹងសុខភាពផ្លូវភេទ (Sexual Health)។
• សង្គមមានការរើសអើងចំពោះMSM ដែលបណ្តាលឱ្យគាត់មានការពិបាកក្នុងការស្វែងរកសេវា។
• ការអភិវឌ្ឍន៍វិស័យសុខាភិបាលតាមគម្រូ (4S) : ១) ចាប់ផ្តើមប្រព័ន្ធ (System startup (establishment) ២) គាំទ្រប្រព័ន្ធ (System Support) ៣) ពង្រឹងប្រព័ន្ធ (System Strengthening) និង ៤) ប្រព័ន្ធនិរន្តរភាព (System Sustainability) ប្រព័ន្ធទាំង៤ខាងលើបានរៀបចំដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រជាតិរបស់អ.ជ.ប.ជ.អ។
• មន្រ្តីអ.ជ.ប.ជ.អ ត្រូវស្គាល់ពីឆ្អឹងរបស់មូលនិធិសកល ដែលមានម៉ូឌុលជាច្រើន
តើមានអ្នកណាខ្លះនៅក្នុងម៉ូឌុលនីមួយៗ និងធ្វើការងារអ្វីខ្លះ?
៣- ក្របខណ្ណធ្វើសមាហរណកម្មនៃសេវាថែទាំមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល
• ឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនៅគ្រប់កម្រិត ដើម្បីធានាថា ប្រជាជនផ្តោតលើសេវាសុខភាព។
• នៅពេលដែលជំនាញការ (Consultant) រៀបចំ គម្រោងហើយ យើងនឹងយកសកម្មភាពនីមួយៗឧទាហរណ៍ ប្រព័ន្ធព័ត៌មានសុខភាព (Health Information System) ទៅដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។
បន្ទាប់មកកិច្ចប្រជុំបានដំណើរការបន្តទៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) តាមរយៈរបាយការណ៍ចុងក្រោយ ដែលទទួលបាន តាមគោលដៅនីមួយៗ គឺ៨៤-១០០-៩៦។ ដូច្នេះការសម្រេចគោលដៅ៩៥-៩៥-៩៥ នៅខ្វះតែមួយទេ គឺ៩៥ ទីមួយ។
២) យើងនៅតែបារម្ភពីក្រុមបុរសរួមភេទជាមួយបុរស (MSM) ភាគច្រើនជាយុវវ័យ ដែលយើងនៅមិនទាន់រកវិធីណាមកទប់ស្កាត់បាននៅឡើយ។
៣) យើងត្រូវឈានទៅសម្រេចឱ្យបាននូវការចម្លងតែ១នាក់ក្នុង១ថ្ងៃ ធ្វើយ៉ាងណាកុំឱ្យមានការឆ្លងថ្មី បានន័យថា ៣៦០ទៅ៣៦៥នាក់ក្នុង១ឆ្នាំ។
៤) ទប់ស្កាត់ការស្លាប់របស់អ្នកផ្ទុកមេរោគអេដស៍ឱ្យនៅតិចជាងគោលដៅដែលបានកំណត់។
៥) យើងត្រូវការធ្វើការងារក្នុងបរិបទអន្តរជាតិមួយ ដែលជំនួយអន្តរជាតិចេះតែថយទៅៗ។ ដូច្នេះវាជាការប្រឈម មួយធ្ងន់ធ្ងរណាស់ចំពោះយើង។
៦) បើតាមការសង្កេតពីខាងក្រៅ បង្ហាញឱ្យឃើញថា យើងធ្វើការងារដោយឈរលើសសរស្តម្ភបី គឺទី១) ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ការ (Leadership and ownership) ទី២) ភាពជាដៃគូ (Partnership) ទី៣) ការវិនិយោគ (Investment) ទាំងអស់នេះជាចក្ខុវិស័យនៃការងារអេដស៍ដែលយើងកំពុងធ្វើ។
៧) យើងជាអង្គភាពមួយមានតួនាទីណែនាំ និងសម្របសម្រួល (នាំគេធ្វើ កេះគេឱ្យធ្វើ) ជាមួយក្រសួង ស្ថានប័ន ថ្នាក់ក្រោមជាតិ ដៃគូអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល។
៨) ការបញ្ជ្រាបកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ទៅក្នុងថ្នាក់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ទៅអនាគតនៅពេលយើងមានថវិការជាតិទិញថ្នាំបាន១០០% គឺយើងដើរដោយអត្តនោម័ត ពេលនោះយើងទទួលបានជោគជ័យទាំងស្រុង។ ម្យ៉ាងទៀតដើម្បីតម្រង់ទិសដៅឆ្ពោះទៅ ១) រកអ្នកផ្ទុកមេរោគដែលបានបាត់ជាង១ម៉ឺននាក់ ទី២)ទប់ស្កាត់អ្នកឆ្លងថ្មីឱ្យនៅត្រឹម១នាក់ក្នុងមួយថ្ងៃ ទី៣) ទប់ស្កាត់ការស្លាប់ឱ្យនៅត្រឹម ១០០០ នាក់ក្នុងមួយឆ្នាំ។
៩) មូលដ្ឋានគ្រឹះនៃជំងឺអេដស៍ គឺត្រូវធ្វើការអប់រំអំពីវិធានការការពារខ្លួនឱ្យបានទូលំទូលាយដល់ក្រុមប្រឈម ឱ្យប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងអ្នកដែលសង្ស័យឱ្យទៅធ្វើតេស្តរកមរោគអេដស៍។
១០) សូចនាករគន្លឹះ (key performance indicator) ក្នុងការវាយតម្លៃអំពីការឆ្លើយតបរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ដែលយើងមានហើយ តើគាត់មានរបាយការណ៍ឬទេ បានទាន់ពេលវេលាឬទេ មានគ្រប់ជ្រុងជ្រោយឬអត់ និងរបាយការណ៍នៃសកម្មភាពការងារឆ្នៃប្រឌិតឬអត់? ចំពោះសកម្មភាព តើគាត់ប្រជុំជាមួយគណៈកម្មាធិការថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ បានប៉ុន្មានដង? ចំពោះអង្គការសង្គមស៊ីវិល និងអ្នកដែលពាក់ព័ន្ធ តើគាត់មានសមាសភាពគ្រប់គ្រាន់ឬទេ? តើមានបានប្រជុំដែរឬទេ? តើមានផែនការសកម្មភាពការងារ និងថវិកាឬទេ?។ អនុប្រធានទាំងអស់ និងអគ្គលេខាធិការ ត្រូវរៀបចំផែនការសកម្មភាពជា គម្រូ (Model) អញ្ជើញមន្រ្តីបច្ចេកទេសតាមក្រសួងនានា មកប្រជុំពិភាក្សាគ្នា ដោយដាក់នូវសូចនាករ ។ ដូច្នេះ ការអនុវត្តពីអន្តរកាល ទៅចីរភាព វាត្រូវការចំណាយពេវាលាយូរ។
១១) ត្រូវធ្វើការតាមដាន និងវាយតម្លៃ (Monitoring and Evaluation) គ្រប់សកម្មភាពទាំងអស់ តាមក្រសួងនានាតើបានអនុវត្តការងារតាមការណែនាំដែរឬទេ? ដោយដាក់ពិន្ទុ ជូនរង្វាន់ និងផ្តល់មេដាយជូនពួកគាត់ដែលអនុវត្តការងារបានល្អ។
១២) បច្ចុប្បន្ន ប្រទេសកម្ពុជា ស្ថិតនៅក្នុងក្រសែភ្នែករបស់អន្តរជាតិ។ ដូច្នេះយើងរៀនពីគេ គេរៀនពីយើង យើងត្រូវធ្វើសមាហរណកម្មឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងអន្តរជាតិ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ត្រូវយកលទ្ធផលជាធំ ដូចជារកឱ្យឃើញនូវករណីដែលបាត់ បង្កើននូវវិធានការការពារឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត ទប់ស្កាត់ការចម្លងថ្មីឱ្យនៅត្រឹម១នាក់ក្នុងមួយថ្ងៃ ទប់ស្កាត់អ្នកស្លាប់ឱ្យនៅត្រឹម៣នាក់ក្នុងមួយថ្ងៃ ណែនាំឱ្យគេធ្វើ និងមានសូចនាករ ព្រមទាំងត្រៀមផ្តល់រង្វាន់។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១:១២ នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 0.62 MB | ![]() |