
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង៨:៣០ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាស្តីពីការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ដោយមានការគាំទ្រពីអង្គការ HP+។ សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តមយឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាននាយកដ្ឋានអាជ្ញាធរ នាយករដ្ឋបាលខេត្ត នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ប្រធាន អនុប្រធានមន្ទីរសុខាភិបាល សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារជាតិ អភិបាល អភិបាលរងស្រុកជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំងតំណាងអង្គការUNAIDS HP+ និងHACCសរុបជាង៥៤នាក់។
ជាកិច្ចស្វាគមន៍ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវសេចក្តីសោមនស្សចំពោះការរៀបចំសិក្ខាសាលា និងជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការផ្សព្វផ្សាយខ្លឹមសារឆ្លើយតបនឹងមេរោគអេដស៍ កម្មវិធីការពារ និងការបញ្រ្ជាបការយល់ដឹងឱ្យបានយល់ច្បាស់ និងការអនុវត្តឆ្លើយតបនឹង មេរោគអេដស៍។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយបញ្ជាក់ជូនអំពីសារៈសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រោយពីយើងរៀបចំសិក្ខាសាលានៅសាលាខេត្តកំពង់ស្ពឺរួច ថ្នាក់ដឹកនាំអាជ្ញាធរអាចនឹងដឹកនាំឱ្យមានការរៀបចំសិក្ខាសាលានៅខេត្តដទៃទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា សេចក្តីជូនដំណឹងលេខ ២១៣សជណ.សស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគិតចេញដោយរាជរដ្ឋាភិបាល។ អាជ្ញាធរមានតួនាទីតាមដាន ពិនិត្យមើល និងជំរុញឱ្យក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍។ បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺអេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែ រាជរដ្ឋាភិបាលបានបោះទុនចំនួន១១លានដុល្លារអាម៉េរិកដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣។ យើងក៏បានដាក់បញ្ចូលអ្នកជំងឺអេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា សិក្ខាសាលារបស់យើងធ្វើឡើងត្រូវចំពេល គឺក្នុងដំណាក់កាលនៃការផ្ទេរការងារមកថ្នាក់ក្រោមជាតិ ដែលអំណាចគ្រប់គ្រងស្ថិតនៅរដ្ឋបាលខេត្ត។ ការងារដែលយើងកំពុងតែធ្វើនៅពេលនេះត្រូវការពេលវេលាយូរបន្តទៅទៀត។ កាលពីមុន កម្មវិធីជំងឺអេដស៍ជាកម្មវិធីដោយឡែក។ ប៉ុន្តែឥឡូវនេះ យើងផ្ទេរមកក្នុងកម្មវិធីជាតិ។ ដូច្នេះ យើងត្រូវចាប់ផ្ដើមធ្វើឱ្យមានសកម្មភាពការងារអេដស៍ថ្នាក់ខេត្ត ស្រុក ឃុំឱ្យបានសកម្មឡើង។ ដោយក្នុងនោះ យើងត្រូវរៀបចំឱ្យមាន ៖ ១) ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្រុក ឃុំ ២) សកម្មភាពអនុវត្តការងារ និង ៣) សំណើសុំថវិកា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ខ្លះមិនចាំបាច់មានថវិកាទេ។ ក្នុងនោះដូចជា ៖ នៅពេលប្រជុំជាច្រើននៅថ្នាក់ក្រោមជាតិ យើងអាចលើកការងារអេដស៍ ឬក្នុងពេលថ្នាក់ដឹកនាំខេត្ត ឬមន្ទីរជំនាញចុះធ្វើការងារជាមួយសិស្សានុសិស្ស យុវជន កម្មករ នារីបម្រើសេវាកម្សាន្តសប្បាយ នៅតាមសាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើមនោះ អាចដាក់បញ្ចូលការងារប្រយុទ្ធនឹងមេរោគអេដស៍ផងដែរ។
បន្ទាប់មក ឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ និងឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរ បានជម្រាបជូនអំពីវត្ថុបំណងនៃសិក្ខាសាលា និងធ្វើបទបង្ហាញ ដោយជម្រាបជូនអំពី ៖ ១) ស្ថានភាពហិរញ្ញប្បទានដែលមានការប្រែប្រួលពីឆ្នាំ២០១៥មក ២) ស្ថានភាពរាលដាលមេរោគអេដស៍ ៣) ការរក្សាចីរភាពក្នុងការឆ្លើយតប និង៤) ស្ថានភាពជាក់ស្តែងនៃជំងឺអេដស៍នៅខេត្តកំពង់ស្ពឺ។ ក្នុងនោះ ថវិកាឆ្លើយតបនឹងជំងឺអេដស៍បានថយចុះពីប្រមាណ៦០លានដុលា្លរក្នុងមួយឆ្នាំ មកនៅត្រឹមជាង៣០លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ។ ឯការវិនិយោគរបស់រាជរដ្ឋាភិបាលបានកើនឡើងពីប្រមាណ៤លានដុល្លារពីឆ្នាំ២០១៥ ដល់២០១៧ រហូតដល់ប្រមាណ២០លានដុល្លារ ពីឆ្នាំ២០២១ ដល់២០២៣។ ដោយឡែក ទិន្នន័យជំងឺអេដស៍នៅក្នុងខេត្តកំពង់ស្ពឺគឺ ៖ ចំនួនអ្នកជំងឺសរុប២៤០១នាក់ ចំនួនអ្នកមិនមកទទួលសេវា៤៩៩នាក់ ចំនួនករណីឆ្លងថ្មី៤៩នាក់ និងចំនួនករណីស្លាប់៨១នាក់។ បន្តមក លោកទូច រស្មី ស្មៀនឃុំព្រឹកអំបិល ស្រុកស្អាងខេត្តកណ្តាលបានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាអំពីការបញ្ចូលការងារអេដស៍ក្នុងកម្មវិធីវិនិយោគឃុំ ដោយយកថវិកាពីគម្រោងសេវាសង្គមដើម្បីធ្វើការងារអេដស៍។
មានប្រសាសន៍នៅមុនពិធីបិទសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា អង្គការUNAIDS បានដាក់ចេញនូវគោលដៅ៩០-៩០-៩០ ឱ្យប្រទេសនានាធ្វើឱ្យសម្រេចនៅឆ្នាំ២០២០។ ប៉ុន្តែ កម្ពុជាយើងបានធ្វើឱ្យសម្រេចតាំងពីឆ្នាំ២០១៧មកម៉្លេះ។ ឥឡូវនេះ យើងនិយាយពីការឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ជោគជ័យនេះបានមកដោយសារ យើងខិតខំធ្វើរួមគ្នា និងដោយមានសសរស្តម្ភ៣គឺ ៖ ១) ភាពជាអ្នកដឹកនាំ របស់សម្តេចនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានដឹកនាំធ្វើការងារអេដស៍យ៉ាងសកម្ម មានអាជ្ញាធរអេដស៍ និងឥឡូវខេត្តជាអ្នកដឹកនាំ ២) មានការចូលរួមពី អង្គការអន្តរជាតិ និងសង្គមស៊ីវិល និង៣) យើងហ៊ានបោះទុនដើម្បីឱ្យសម្រេច។ ដូច្នេះ រដ្ឋបាលខេត្តត្រូវបន្តការងារ ៖ ១) រៀបចំឱ្យមានគណៈកម្មាធិការអេដស៍ខេត្ត ស្រុក ឃុំ និងធ្វើឱ្យមានសកម្មភាព ២)រៀបចំការប្រជុំ និងរៀបចំបណ្តាញគាំទ្រ ៣) ស្វែងរកអ្នកផ្ទុកមេរោគប្រមាណ៥០០នាក់ដែលមិនមកទទួលសេវាឱ្យចូលក្នុងប្រព័ន្ធសុខាភិបាល និង៤) ទប់ស្កាត់ការឆ្លងថ្មីពីចំនួន៤៩នាក់ឱ្យមកនៅ១៩នាក់ក្នុង មួយឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍ពីចំនួន៨១មកនៅ៦២នាក់ក្នុងមួយឆ្នាំ។ បន្តមក ឯកឧត្តមអភិបាលខេត្តបានឡើងធ្វើការប្តេជ្ញាចិត្តធ្វើឱ្យ សម្រេចបាននូវបង្គោលចរថ្នាក់ជាតិក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ ដែលដាច់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺចេញលិខិតណែនាំរដ្ឋបាល ក្រុងស្រុកឱ្យដាក់បញ្ចូលការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ក្រុងស្រុក យកចិត្តទុកដាក់លើក្រុមប្រឈម ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជួយដល់ការងារឆ្លើយតបនឹងជំងឺអេដស៍។