
ព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរួមប្រចាំខែសីហា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយក-នាយករងខុទ្ទល័យ អគ្គលេខាធិការ-រង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន សរុបចំនួន៤៥ រូប(ស្រ្តី៤រូប) ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ ដល់មន្រ្តីរាជការទាំងអស់ដែលបានចូលរួម និងបានជម្រាបជូនពីរបៀបវារៈនៃកិច្ចប្រជុំ ព្រមទាំងបញ្ហាផ្សេងៗ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែកញ្ញា។
ដោយមានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានធ្វើបទបង្ហាញដោយផ្តោតលើចំណុចសំខាន់ៗស្តីពីលទ្ធផលសកម្មភាពការងារដូចខាងក្រោម ៖
១) សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២) សមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
៣) បញ្ហាប្រឈមផ្សេងៗ។
៤) ជំហានបន្តសម្រាប់ខែបន្ទាប់។
នៅក្នុងសេចក្តីរាយការណ៍នោះ ឯកឧត្តមអគ្គលេខាធិការ បានរៀបរាប់ពីមេរៀនបទពិសោធន៍ក្នុងការអនុវត្តសកម្ម មួយចំនួនដូចខាងក្រោម ៖
• ការកើនឡើងករណីឆ្លងមេរោគអេដស៍ ភាគច្រើនលើក្រុមប្រឈម (ប្រជាជនគន្លឹះ) គឺក្រុមបុរសរួមភេទជាមួយបុរស (MSM) ដែលមានអាយុវ័យក្មេង។
• បានណែនាំដល់ថ្នាក់ដឹកនាំតាមខេត្តនានាឱ្យអនុវត្តតាមលិខិតលេខ១៣៩ និងការអនុវត្តសកម្មភាពខ្លះមិនចាំបាច់ប្រើថវិកា (ឧទាហរណ៍ បើចុះផ្សព្វផ្សាយគ្រឿងញៀន ត្រូវបញ្ជ្រាបការងារអេដស៍រួមជាមួយផង)
• មានការលំបាកខ្លះទាក់ទងទៅនឹងអ្នកបោះបង់ការព្យាបាល អ្នកស្លាប់ និងការដឹកជញ្ជូនសំណាកឈាម មកវិភាគនៅភ្នំពេញ ដោយសារអ្នកទទួលបន្ទុកការងារនេះបានបាត់បង់ជីវិត (ខេត្តក្រចេះ) ហើយអង្គការ AHF ជាអ្នកឧបត្ថម្ភគាំទ្រ មិនបានផ្តល់ថវិកា ក្នុងអំឡុងពេលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ដូច្នេះគាត់មិនទាន់បានដំណើរការនៅឡើយ។
• នាយកដ្ឋានទាំងអស់ អនុវត្តការងារបានល្អ មានការទទួលខុសត្រូវខ្ពស់ និងមានសមត្ថភាពដឹកនាំ ក្នុងការបើកវគ្គបណ្តុះបណ្តាល និងផ្ទេរការងារដល់អនុប្រធាននាយកដ្ឋានអនុវត្តបន្ត។
ជាកិច្ចបន្តនៅក្នុងរបៀបវារៈទី២ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ ធ្វើបទបង្ហាញអំពី ៖
ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តកំពង់ស្ពឺ។ ដោយទទួលបានការអនុញ្ញាត ឯកឧត្តម ទា ផលា បានរាយការណ៍ជូនអង្គប្រជុំដូចតទៅ៖
១- បច្ចុប្បន្នភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ :
• ដោយឈរលើផែនការយុទ្ធសាស្រ្តជាតិទាំង៤៖ យុទ្ធសាស្រ្តទី១) ផ្តល់ការបង្ការ ថែទាំ ព្យាបាល និងគាំទ្រទូលំទូលាយ តាមរយៈវិធីសាស្រ្តពហុវិស័យ យុទ្ធសាស្រ្តទី២)បញ្ចូលការឆ្លើយតបនៃមេរោគអេដស៍ទៅក្នុងប្រព័ន្ធ សុខាភិបាល និងវិស័យផ្សេងទៀត យុទ្ធសាស្រ្តទី៣) ពង្រីកវិសាលភាពកិច្ចគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវា និងច្បាប់ យុទ្ធសាស្រ្តទី៤) បង្កើនថវិការបស់រាជរដ្ឋាភិបាលដល់៥០% នៃហិរញ្ញប្បទានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល។
• ត្រូវទប់ស្កាត់ករណីឆ្លងថ្មីឱ្យនៅត្រឹម៣០០នាក់ក្នុងមួយឆ្នាំ និងទប់ស្កាត់ការស្លាប់ឱ្យនៅត្រឹម ១,០០០នាក់ក្នុងមួយឆ្នាំ។
• មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៤.០០០នាក់ ដែលជាអ្នកមិនទាន់បានព្យាបាល និងមិនទាន់មានក្នុងប្រព័ន្ធសុខាភិបាល ពួកគាត់ គឺជាប្រភពចម្លងទៅអ្នកដទៃ។
• ករណីឆ្លងមេរោគអេដស៍ថ្មី ភាគច្រើនក្នុងចំណោមក្រុមបុរសរួមភេទជាមួយបុរស (MSM) ដែលមានវ័យក្មេង (អាយុក្រោម២៩ ឆ្នាំ) មានរហូតដល់៣២% ។
• ត្រូវពង្រឹងប្រព័ន្ធទំនាក់ទំនងពីថ្នាក់ជាតិ ទៅថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ។
• ការធ្វើវិមជ្ឈការ គឺជាការល្អប្រសើរ ដែលបានប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។
២- វឌ្ឍនភាពនៃការអនុវត្តន៍សេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ត្រូវអនុវត្តតាមគោលនយោបាយទាំង៦ នៃសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ៖
• គោលនយោបាយទី១: ការដាក់បញ្ចូល ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់។
• គោលនយោបាយទី២: អ្នកផ្ទុកមេរោគអេដស៍ ជាប្រជាជនងាយរងគ្រោះ ដែលត្រូវទទួលអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ (ID Poor) និងមូលនិធិសមធម៌។
• គោលនយោបាយទី៣: មន្ទីរពេទ្យ និងមណ្ឌលសុខភាព មានថវិកា សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍។
• គោលនយោបាយទី៤: ការផ្តល់ថវិកាជូនសង្គមស៊ីវិល ដែលធ្វើការងារអេដស៍។
• គោលនយោបាយទី៥: ធានាលំហូរថវិកាសម្រាប់ចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍។
• គោលនយោបាយទី៦: ការធ្វើសមាហរណកម្មនៃសេវាថែទាំអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាល។
• បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី អភិបាល-អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរដែលពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ កងកម្លាំងទាំងបី អភិបាលស្រុកទាំង៨ ប្រធានការិយាល័យគាំទ្រផែនការឃុំក្នុងស្រុកទាំង៨ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាននៃអ.ជ.ប.ជ.អ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ស្មៀនឃុំព្រែកអំបិល ខេត្តកណ្តាល ព្រមទាំង តំណាងអង្គការ UNAIDS HP+ HACC ។
បន្ទាប់មក កិច្ចប្រជុំបានដំណើរការបន្តនៅក្នុងរបៀបវារៈទី៣ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងផ្តល់នូវអនុសាសន៍លើចំណុចសំខាន់ៗដូចខាងក្រោម ៖
១) ការដឹកជញ្ជូនសំណាកឈាម មិនត្រូវរងចាំអង្គការណាមួយ ដើម្បីផ្តល់ថវិកានោះទេ ត្រូវណែនាំពួកគាត់ឱ្យចេះកែច្នៃក្នុងការដឹកជញ្ជូនសំណាកឱ្យទៅដល់គោលដៅ។
២) ឯកឧត្តមជាទីប្រឹក្សា ត្រូវមានវត្តមានចាំបាច់ រាល់ការកោះអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បើសិនជាមានធុរៈចាំបាច់ត្រូវស្នើសុំការអនុញ្ញាតច្បាប់ពីឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងករណីផ្ទុយពីការណែនាំ ត្រូវទទួលខុសត្រូវខ្លួនឯង។
៣) សូមកោតសរសើរចំពោះ មន្រ្តីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនេះ។
៤) សូមលើទឹកចិត្តឱ្យបន្តដល់កម្មវិធីពង្រឹងសមត្ថភាព ដែលបានអនុវត្តកន្លងមក ដោយមានការសម្របសម្រួលពី ឯកឧត្តម ហោ ប៊ុនឡេង ដើម្បីបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាព ដែលជាចំណុចល្អធ្វើឱ្យយើងស្វែងយល់ពីបញ្ហា រួចឈានទៅរកដំណោះស្រាយបាន។
៥) ការចុះបំពេញបេសកកម្ម ត្រូវមានកម្មវិធីច្បាស់លាស់ ហើយការងារដែលបានធ្វើ ត្រូវតែមានលទ្ធផល។
៦) ការអនុវត្ត សជណ២១៣ ជាចំណុចសំខាន់ ការធ្វើនៅខេត្តកំពង់ស្ពឺជាការចាប់ផ្តើម ដែលយើងត្រូវយកទៅអនុវត្តនៅខេត្តផ្សេងៗទៀត។ ខេត្តមួយចំនួនធំ មិនទាន់បានយល់ដឹងពីខ្លឹមសារនៃសជណ២១៣នេះទេ ប៉ុន្តែខេត្តមួយចំនួនក៏បានអនុវត្តរួចហើយ។ ផ្តល់សជណ២១៣ ជូនគាត់ ដើម្បីឱ្យអនុវត្ត ទោះជាគ្មានការណែនាំឱ្យមានថវិកាសម្រាប់កម្មវិធីអេដស៍ក្នុងខេត្តរបស់គាត់ក៏ដោយ គឺគាត់ធ្វើបាន។ សជណ២១៣ ជាក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត ដែលឯកឧត្តមអភិបាលខេត្តយកទៅធ្វើការងារអេដស៍បាន។ ការអនុវត្ត សជណ២១៣ នេះវាត្រូវការពេលវេលាយូរអង្វែង ដែលយើងចាប់ផ្តើមពីអន្តរកាល ទៅចីរភាព។
៧) ត្រូវណែនាំ ដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ឱ្យអនុវត្តនូវ ៖ ទី១) រៀបចំបង្កើតគណៈកម្មាធិការអេដស៍ ទី២) ណែនាំឱ្យបញ្ជ្រាបផែនការអភិវឌ្ឍឃុំ សង្កាត់ ៣ឆ្នាំ និង៥ឆ្នាំ។
៨) រកឱ្យឃើញករណីឆ្លងថ្មី និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ បើសង្ស័យត្រូវធ្វើការណែនាំឱ្យធ្វើតេស្តឈាម ធ្វើការព្យាបាលដោយប្រើថ្នាំ និងការការពារដោយប្រើស្រោមអនាម័យ។
៩) ឯកឧត្តម លោកជំទាវ អនុប្រធាន ដែលមានការទទួលខុសត្រូវជាមួយនឹងខេត្ត ត្រូវត្រៀមចុះតាមខេត្តនានា ដើម្បីធ្វើបទឧទ្ទេសនាម ដែលតម្រូវឱ្យមាន ឯកសារ ដូចជា ៖ សជណ២១៣ អនុក្រឹត្យលេខ១៩៣ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ហៅថា វិមជ្ឈការ និងសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់។ មុននឹងចុះទៅអនុវត្តការងារតាមខេត្ត សូម ឯកឧត្តម ទា ផលា ធ្វើការណែនាំអំពីរបៀបរបបនៃការអនុវត្ត។ ចំពោះខេត្ត ក្រុងដែលបានចុះហត្ថលេខា ក្នុងការអនុវត្តការពន្លឿនទីក្រុងឆ្លើយតបនឹងមេរោគអេដស៍ (Fast track Cities) មានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងរៀបចំអនុវត្តដោយផ្ទាល់។
១០) តាមដានពីអត្តសញ្ញាណអ្នកក្រីក្រដែលមានផ្ទុកមេរោគអេដស៍ បានទទួលមូលនិធិសមធម៌ពីរាជរដ្ឋាភិបាលឬនៅ? មានឈ្មោះនៅក្នុងប្រព័ន្ធសុខាភិបាលហើយឬនៅ?
១១) ត្រូវមានសេចក្តីប្រកាសអន្តរក្រសួងលេខ១៨២ ស្តីអំពីល័ក្ខខ័ណ្ឌហិរញ្ញវត្ថុ ល័ក្ខខ័ណ្ឌបច្ចេកទេស និងនិតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុ មានភ្ជាប់ល័ក្ខខ័ណ្ឌទៅឱ្យរដ្ឋបាលខេត្ត សម្រាប់អនុវត្តមុខនាទីគ្រប់គ្រង និងផ្តល់សេវា។
១២) ឯកឧត្តមទេសរដ្ឋមន្រ្តី បានចេញនូវសេចក្តីណែនាំដល់ ឯកឧត្តម លោកជំទាវ ដោយបែងចែកក្រុមការងារឱ្យ ទទួលខុសត្រូវក្នុងការសម្របសម្រួលសិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣ សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅស្រុកទាំង៨ នៃខេត្តកំពុងស្ពឺ។
១៣) ត្រៀមរៀបចំកិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ និងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២០ រយៈពេល២ថ្ងៃ។ អ្នកដែលត្រូវធ្វើបទបង្ហាញ ត្រូវមកបង្ហាញនៅសាលប្រជុំ នៃអ.ជ.ប.ជ.អ។ ចំណែកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តាមក្រសួង ខេត្ត និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ត្រូវអញ្ជើញចូលរួមតាមវីដេអូខនហ្វឺរេន។
១៤) ទិវា១ឆ្នូ ត្រូវរៀបចំធ្វើតាមវីដេអូខនហ្វឺរេន កម្មវិធីធ្វើនៅ អ.ជ.ប.ជ.អ មាននិមន្តព្រះសង្ឃ អញ្ជើញតំណាងអ្នកផ្ទុកមេរោគអេដស៍ និងមន្រ្តីទាំងអស់នៃអ.ជ.ប.ជ.អ។ រៀបចំសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ (ដោយអានសារ) និងសាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយស្នើសុំឱ្យមានការចាកផ្សាយតាមទូរទស្សន៍។ មុនឈានចូលដល់ទិវា១ឆ្នូនេះ សុំឱ្យស្ថានប័នជាតិ ឬស្ថាប័នក្រៅរដ្ឋាភិបាល ឱ្យផលិតរឿងខ្លីៗ (Spot) អំពីជំងឺ អេដស៍ ឱ្យបានច្រើន និងឱ្យមានវេទិកាតុមូល ដោយមានកិច្ចសម្ភាសន៍។
១៥) រាល់ការរៀបចំកម្មវិធីដែលមានការជួបជុំគ្នាជាក្រុម ត្រូវជៀសវាងកុំឱ្យមានសមាជិកចូលរួមលើសពី៥០នាក់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
១៦) រៀបចំឱ្យមានអ្នកតំណាងអ្នកផ្ទុកមេរោគអេដស៍ទូទាំងប្រទេស ដែលជាដៃគូររបស់អ.ជ.ប.ជ.អ ហើយពួកគាត់អាចចូលរួមគ្រប់វេទិការ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងណែនាំឱ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយយកចិត្តទុកដាក់ក្នុងការងារឱ្យបានកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ត្រូវយកលទ្ធផលជាធំ រកឱ្យឃើញ ករណីឆ្លងថ្មី និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ បើសង្ស័យត្រូវធ្វើការណែនាំឱ្យធ្វើតេស្តឈាម ធ្វើការព្យាបាលដោយប្រើថ្នាំ និងការការពារដោយប្រើស្រោមអនាម័យ យើងទាំងអស់គ្នាត្រូវប្តេជ្ញាអនុវត្តការងារឱ្យទទួលបានជោគជ័យ។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១:១២ នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ឯកសារសម្រាប់ទាញយក
| ចំណងជើង | ទំហំ | ការទាញយកឯកសារ |
|---|---|---|
កិច្ចប្រជុំរួមប្រចាំខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី | 1.20 MB | ![]() |